ព័ត៌មានទាន់ហេតុការណ៍៖

ក្រសួងការបរទេសកម្ពុជាសម្តែងការសោកស្តាយយ៉ាងខ្លាំងចំពោះ ការសម្រេចចិត្តដោយអយុត្តិធម៌របស់ក្រសួងរតនាគារសហរដ្ឋអាមេរិក

ចែករំលែក៖

ភ្នំពេញ ៖ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ សម្តែងការសោកស្តាយយ៉ាងខ្លាំងចំពោះ ការសម្រេចចិត្តដោយអយុត្តិធម៌របស់ក្រសួងរតនាគារសហរដ្ឋអាមេរិក កាលពីថ្ងៃទី១២ ខែកញ្ញា ឆ្នាំ ២០២៤ សំដៅលើធុរជនកម្ពុជាលោក លី យ៉ុងផាត់ និង ក្រុមហ៊ុន L.Y.P. Group Co., Ltd ព្រមទាំង អាជីវកម្មពាក់ព័ន្ធចំនួន៤ទៀត។

វិធានការដែលត្រូវបានធ្វើឡើងដោយផ្អែកលើរបាយការណ៍ដែលមិនមានមូលដ្ឋានច្បាស់លាស់ ស្តីពីពលកម្មដោយបង្ខំក្នុងសកម្មភាពឆបោកតាមអនឡាញនេះ មានចេតនានយោបាយ និងផ្ទុយ ទាំងស្រុងពីស្មារតីនៃការពង្រឹងទំនាក់ទំនងទ្វេភាគី និងការជឿទុកចិត្តគ្នាទៅវិញទៅមក ដែលត្រូវ បានបញ្ជាក់យ៉ាងច្បាស់ដោយឯកឧត្តម ឡយ ជេ អូស្ទីន (Lloyd J. Austin III) រដ្ឋមន្ត្រីការពារ ជាតិអាមេរិក ក្នុងអំឡុងទស្សនកិច្ចនៅកម្ពុជា កាលពីខែមិថុនាកន្លងទៅ។

តួនាទីរបស់លោក លី យ៉ុងផាត់ ក្នុងការអភិវឌ្ឍសេដ្ឋកិច្ច សង្គមកម្ពុជា អស់រយៈពេលជា ច្រើនទសវត្សរ៍កន្លងមក ត្រូវបានទទួលស្គាល់យ៉ាងទូលំទូលាយ។ តាមរយៈក្រុមហ៊ុន L.Y.P Group ការចូលរួមចំណែករបស់លោកក្នុងការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ ការបង្កើតការងារ និងការកាត់ បន្ថយភាពក្រីក្រ បានផ្តល់ផលជាវិជ្ជមានដល់ជីវភាពរស់នៅរបស់ប្រជាជនកម្ពុជាជាច្រើនពាន់នាក់។

ការពឹងផ្អែករបស់រដ្ឋាភិបាលសហរដ្ឋអាមេរិកទៅលើរបាយការណ៍ការជួញដូរមនុស្សយកធ្វើ ជាមូលដ្ឋាននៃសកម្មភាពទាំងនោះពិតជាគួរឱ្យសោកស្តាយ និងនាំឱ្យមានការយល់ខុស។ របាយការណ៍ នេះមិនបានផ្តល់នូវរូបភាពដែលមានតុល្យភាព និងសុក្រឹតអំពីការប្តេជាចិត្តដ៏មុតមាំរបស់កម្ពុជាលើ ការគោរពសិទ្ធិមនុស្ស ការអនុវត្តច្បាប់ និងកិច្ចខិតខំប្រឹងប្រែងក្នុងការប្រយុទ្ធប្រឆាំងនឹងការជួញដូរ មនុស្ស និង ពលកម្មដោយបង្ខំ។

កម្ពុជាបានសម្រេចនូវវឌ្ឍនភាពសំខាន់ៗជាច្រើនក្នុងការដោះស្រាយបញ្ហាទាំងនេះ ដោយ សហការជាមួយដៃគូអន្តរជាតិ រួមទាំងសហរដ្ឋអាមេរិកផងដែរ។ វិធានការបុរេសកម្មរបស់រាជរដ្ឋាភិបាល កម្ពុជាក្នុងការប្រយុទ្ធប្រឆាំងនឹងសកម្មភាពឧក្រិដ្ឋឆ្លងដែនដែលមានលក្ខណៈស្មុគស្មាញ បានបង្ហាញ ពីការប្តេជ្ញាចិត្តដាច់ខាតក្នុងការលើកកម្ពស់ភាពថ្លៃថ្នូរបស់មនុស្សជាតិ និងគោលការណ៍នីតិរដ្ឋ។ ការ អះអាងថាកម្ពុជាមិនបានយកចិត្តទុកដាក់ ឬព្រងើយកន្តើយក្នុងការអនុវត្តច្បាប់ ជាការយល់ខុស យ៉ាងធ្ងន់ធ្ងរដល់កិច្ចខិតខំប្រឹងប្រែង និងសមិទ្ធផលនានារបស់កម្ពុជា ក្នុងការដោះស្រាយការប្រឈម ឧក្រិដ្ឋកម្មឆ្លងដែនដ៏ស្មុគ្រស្មាញនេះ។

កម្ពុជានៅតែបើកចំហដល់កិច្ចសហប្រតិបត្តិការ និងប្តេជ្ញាចិត្តយ៉ាងមុតមាំក្នុងការធ្វើការ ជាមួយដៃគូអន្តរជាតិនានា រួមទាំងសហរដ្ឋអាមេរិកផង ក្នុងការដោះស្រាយការប្រឈមជាសកលនេះ។ ទោះជាយ៉ាងណា យើងទទូចថា កិច្ចខិតខំប្រឹងប្រែងបែបនេះត្រូវឈរលើមូលដ្ឋាននៃកិច្ចសន្ទនា ការផ្តល់ផលប្រយោជន៍ទៅវិញទៅមក ការគោរពអធិបតេយ្យភាព និងស្មារតីភាពជាដៃគូពិតប្រាកដ។

ក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិគូសបញ្ជាក់ថា ការដាក់ទណ្ឌកម្មជាឯកតោ ភាគីនេះជាការមិនគោរពច្បាប់អន្តរជាតិ និងបទដ្ឋានគ្រប់គ្រងទំនាក់ទំនងរវាងរដ្ឋនិងរដ្ឋ ជាពិសេស គោលការណ៍សមភាពអធិបតេយ្យ និងការមិនជ្រៀតជ្រែកគ្នាទៅវិញទៅមក៕

ដោយ ៖ សិលា


ចែករំលែក៖