ព័ត៌មានទាន់ហេតុការណ៍៖

ស្ត្រីចំណាស់ម្នាក់នាំចៅស្រីឆ្លងផ្លូវត្រូវរថយន្តបុកបណ្តាលឱ្យស្លាប់និងរបួសធ្ងន់ម្នាក់

ចែករំលែក៖

ភ្នំពេញ៖ ស្ត្រីចំណាស់ម្នាក់នាំចៅស្រីឆ្លងផ្លូវត្រូវរថយន្តបើកបរក្នុងល្បឿនលឿនមកបុកទាំងកំរោលបណ្តាលឱ្យស្លាប់និងរបួសធ្ងន់ម្នាក់។

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើងកាលពីម៉ោង៩និង៥០នាទីយប់ ថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២៤ ស្ថិតនៅតាមបណ្តោយផ្លូវបេតុង OCIC ក្នុងមូលដ្ឋានសង្កាត់ព្រែកតាសេក ខណ្ឌជ្រោយចង្វា រាជធានីភ្នំពេញ។

ប្រភពព័ត៌មាននៅកន្លែងកើតហេតុបានឱ្យដឹងថា មុនពេលកើតហេតុ ស្ត្រីចំណាស់រងគ្រោះដែលជាអ្នកលក់បាយឆាតាមចិញ្ចើមផ្លូវបាននាំចៅស្រីឆ្លងផ្លូវទៅគោលដៅម្ខាងទៀត ដែលជាកន្លែងលក់ដូររបស់កូនគាត់ ព្រោះនៅកន្លែងគាត់ មានមូសខ្លាចមូសខាំចៅគាត់ ។ លុះស្ត្រីរងគ្រោះបោះជំហានឆ្លងផ្លូវមិនទាន់បាន១ជំហានស្រួលបួលផង ក៏ស្រាប់តែមានរថយន្ត១គ្រឿង ម៉ាក FORD RANGER ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2AV-3081 បើកបរក្នុងល្បឿនលឿនបោះពួយពីជើងទៅត្បូងតាមបណ្តោយផ្លូវ OCIC មកបុកស្ត្រីរងគ្រោះ និងចៅស្រីពេញទំហឹង បណ្តាលឱ្យស្ត្រីរងគ្រោះស្លាប់ភ្លាមៗ ចំណែកចៅស្រីអាយុប្រមាណ១ខួបបានរងរបួសធ្ងន់។

ក្រោយពីបុករួច រថយន្តក៏បន្តបើកទៅមុខប្រមាណជិត៣០ម៉ែត្រ ទើបឈប់បណ្តាលឱ្យសពស្ត្រីចំណាស់ដែលដោយជាប់មកជាមួយរថយន្តនោះធ្លាក់នៅលើផ្លូវតែម្តង។

បន្ទាប់ពីកើតហេតុ សមត្ថកិច្ចមូលដ្ឋានបាននាំខ្លួនម្ចាស់រថយន្តទៅកាន់អធិការដ្ឋាននគរបាលខណ្ឌជ្រោយចង្វា ដើម្បីសួរនាំ រីឯសពស្រ្តីចំណាស់រងគ្រោះ ត្រូវបានក្រុមគ្រួសារមកទទួលយកទៅស្រុកកំណើតដើម្បីធ្វើបុណ្យតាមប្រពៃណី។ ចំណែកចៅស្រីដែលមានអាយុប្រមាណ១ខួប ត្រូវបានបញ្ជូនទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យផងដែរ ។ ចំពោះរថយន្តបង្កត្រូវបានសមត្ថកិច្ចយកទៅរក្សាទុកនៅអធិការដ្ឋាននគរបាលខណ្ឌជ្រោយចង្វា ដើម្បីរង់ចាំដោះស្រាយតាមនីតិវីធិច្បាប់នៅពេលក្រោយ ៕

ដោយ៖ ជ្រោយពេជ្រ


ចែករំលែក៖