ខេត្តពោធិ៍សាត់ ៖ ពិតជាសង្វេគ និងសាហាវព្រៃផ្សៃខ្លាំងណាស់ ករណីរំលោភសេពសន្ថវៈរួចសម្លាប់បំបិទមាត់ ក្មេងជំទង់ក្នុងចម្ការស្វាយចន្ទី នៅគ្រាដែលក្មេងជំទង់រងគ្រោះទៅកង្វាលសត្វពាហនៈ(គោ)ក្នុងនោះត្រូវបានសមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យម្នាក់ទៅសួរនាំផងដែរ នេះបើតាមការបញ្ជាក់ពីស្ថាប័នមានសមត្ថកិច្ចសហការ ចុះពិនិត្យ ស្រាវជ្រាវស៌ើបអង្កេតផ្ទាល់ តាំងពីព្រលឹមរហូតដល់រសៀល នាថ្ងៃចន្ទ ៦រោច ខែភទ្របទ ឆ្នាំរោង ឆស័ក ព.ស ២៥៦៨ ត្រូវនឹងថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២៤ នេះ ។
ប្រភពព័ត៌មានបញ្ជាក់ទៀតថា យោងចម្លើយរបស់ឈ្មោះ ផេម ផាន ភេទប្រុស អាយុ ៦៦ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅ ភូមិខ្លាក្រពើ ឃុំអន្លង់ត្នោត ស្រុកក្រគរ ខេត្តពោធិ៍សាត់ ដែលត្រូវជាឪពុក នារីរងគ្រោះឈ្មោះ ភឿង ស្រីលក្ខណ៍ ភេទស្រី អាយុ ១៦ឆ្នាំ មុខរបរ សិស្ស រៀនថ្នាក់ទី៩D វិទ្យាល័យអន្លង់ត្នោត ថា កាលពី ថ្ងៃអាទិត្យកូនស្រី(ភឿង ស្រីលក្ខណ៍)រងគ្រោះបានដេញគោទៅឃ្វាលនៅចំណុចត្រពាំងសម្រែ(កើតហេតុ)ក្នុងចម្ការស្វាយចាន្ទី ចម្ងាយពីផ្ទះប្រមាណ២០០ម៉ែត្រ ស្ថិតនៅភូមិខ្លាក្រពើ ឃុំអន្លង់ត្នោត ស្រុកក្រគរ ខេត្តពោធិ៍សាត់ ដូចសព្វមួយដង លុះរហូតដល់ល្ងាចមិនឃើញកូនស្រីត្រឡប់មកផ្ទះទេ ទើបឆោឡោនាំគ្នាចេញទៅរកដល់យប់ លុះនៅវេលាម៉ោង០០ និង០៥នាទីរំលងអធ្រាត្រ ឈានចូលថ្ងៃទី២៣ នេះឃើញកូនស្រីស្លាប់ទៅហើយ បានត្រឹមនាំគ្នាទ្រហ៊ោរយំប៉ុណ្ណុះ ។
ប្រភពព័ត៌មានបញ្ជាក់បន្ថែមទៀតថា យោងចម្លើយឪពុក និងពិនិត្យ ស្រាវជ្រាវយ៉ាងលម្អិត សពក្មេងជំទង់(ភឿង ស្រីលក្ខណ៍)រងគ្រោះ មានស្នាមរបួសជាំកផ្នែកខាងឆ្វេង និងស្ដាំ ប្រដាប់ភេទមានដាច់រលាត់ និងមានទឹកកាម ដូច្នេះ អាចសន្និដ្ឋានស្លាប់ដោយ អំពើរំលោភសម្លាប់ ក្នុងចន្លោះម៉ោង១២ថ្ងៃត្រង់ ថ្ងៃអាទិត្យ ទី២២ ខែកញ្ញា ឆ្នាំ២០២៤ ។
ប្រភពដដែលបញ្ជាក់ទៀតថា ក្នុងករណីខាងលើសមត្ថកិច្ចបានឃាត់ខ្លួនជនសង្ស័យម្នាក់ឈ្មោះ សេប យ៉ា ភេទប្រុស អាយុ ៣៦ឆ្នាំ ជនជាតិខ្មែរ ស្នាក់នៅរោងបណ្ដោះអាសន្នមើលសត្វពាហនៈ(ក្របី)ក្បែរកន្លែងកើតហេតុ ដែលមានមានទីលំនៅ ភូមិទន្សាយគល់ ឃុំអន្លង់ត្នោត ស្រុកក្រគរ ខេត្តពោធិ៍សាត់ បច្ចុប្បន្ន ជនសង្ស័យ(សេប យ៉ា)កំពង់បន្តនីតិវិធី នៅអធិការដ្ឋាននគរបាលស្រុកក្រគរ ។
ពាក់ព័ន្ធឃាត់ខ្លួនជនសង្ស័យយកមកសួរនាំខាងលើ លោក មោគ ភារម្យ អធិការនៃអធិការដ្ឋាននគរបាលស្រុកក្រគរ បានបញ្ជាក់តាមប្រព័ន្ធបច្ចេកវិទ្យា(តេឡេក្រាម)នារសៀលថ្ងៃដដែលនេះថា ជនយកមកសួរនាំនោះ ពុំទាន់មានអ្វីដាក់បន្ទុកនៅឡើយទេ ប៉ុន្តែអាចពាក់ព័ន្ធសារធាតុញៀន ៕
ដោយ៖ ប៉ឹម ពិន