ភ្នំពេញ៖ អ្នកនាំពាក្យនៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ នាររសៀលថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២៤ បានបញ្ជាក់ថាតំណាងអយ្យការសម្រេចធ្វើការ ចោទប្រកាន់លើឈ្មោះ ព្រំ ដួងពិសិទ្ធ ភេទប្រុស អាយុ៣៣ឆ្នាំ ពីបទ បើកបរបង្កគ្រោះថ្នាក់ចរាចរណ៍បណ្តាលឲ្យ ស្លាប់អ្នកដទៃ តាមមាត្រា ៨៥ នៃច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក និងបញ្ជូនសំណុំរឿងនេះទៅចៅក្រមស៊ើបសួរនៃ សាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការបន្តតាមនីតិវិធី។
សូមរំលឹកថា កាលពីថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ២០២៤ វេលាម៉ោង១៩និង៤៦នាទី មានករណីគ្រោះថ្នាក់ចរាចរណ៍មួយកើតឡើង នៅចំណុចមុខផ្សារទំនើបឡាក់គី ផ្លូវលេខ១៩៨៦ ភូមិភ្នំពេញថ្មី សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ រវាងរថយន្តមួយគ្រឿងម៉ាក TOYOTA CAMRY ពណ៌ស ផ្លាកលេខ 2AO-6605 បើកបរដោយឈ្មោះ ព្រំ ដួងពិសិទ្ធ ភេទប្រុស អាយុ៣៣ឆ្នាំ ជាមួយនឹងម៉ូតូមួយគ្រឿងម៉ាក HONDA ZOOMER-X ពណ៌ខ្មៅ ផ្លាកលេខ 1FS-7326 បើកបរដោយឈ្មោះ មិត្ត លីធីង ភេទស្រី អាយុ១១ឆ្នាំ និងអ្នករួមដំណើរឈ្មោះ មិត្ត ជូលី ភេទស្រី អាយុ៨ឆ្នាំ។ ហេតុការណ៍នេះ បង្កឡើងដោយអ្នកបើកបររថយន្តឈ្មោះ ព្រំ ដួងពិសិទ្ធ បើកបរចូលចំណែកផ្លូវនៃយានម្ខាងទៀត ប្រវែង២,៥០ម៉ែត្រ រួចក៏បុកនឹងម៉ូតូរបស់ជនរងគ្រោះដែលបើកបរក្នុងទិសដៅបញ្ច្រាសគ្នា បណ្តាលឲ្យអ្នកបើកបរ ម៉ូតូឈ្មោះ មិត្ត លីធីង និងអ្នករួមដំណើរឈ្មោះ មិត្ត ជូលី ស្លាប់បាត់បង់ជីវិត នៅនឹងកន្លែងកើតហេតុ។
បច្ចុប្បន្នជនត្រូវចោទជា អ្នកបើកបររថយន្តត្រូវបញ្ជូនទៅដំណាក់កាលចៅក្រមស៊ើបសួរ បន្តនីតិវិធី៕
ដោយ៖ រ៉ារ៉ា