ព័ត៌មានទាន់ហេតុការណ៍៖

ឧបនាយករដ្ឋមន្ត្រីហ៊ុន ម៉ានី និងលោកសាយ សំអាល់ ចែកបណ្ណ័កម្មសិទ្ធិអចលនវត្ថុជូនពលរដ្ឋសង្កាត់វាំងចាស់ សង្កាត់ព្រះស្រែ និងសង្កាត់វាលពង់ ក្រុងឧដុង្គម៉ែជ័យ

ចែករំលែក៖

ខេត្តកំពង់ស្ពឺ៖ ប្រជាជន ចំនួន២៤ភូមិ នៃសង្កាត់វាំងចាស់ សង្កាត់ព្រះស្រែ និងសង្កាត់វាលពង់ ក្រុងឧដុង្គម៉ែជ័យ បានទទួលបណ្ណកម្មសិទ្ធអចលនវត្ថុ ដែលប្រគល់ជូនដោយលោកហ៊ុន ម៉ានី ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមុខងារសាធារណៈ និងជាប្រធានក្រុម ការងាររាជរដ្ឋាភិបាលចុះជួយខេត្តកំពង់ស្ពឺ និងលោកសាយ សំអាល់ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងរៀបចំដែនដី នគរោបនីយកម្ម និងសំណង់។ 

ពិធីខាងលើនេះបានប្រព្រឹត្តទៅនៅថ្ងៃទី២២ ខែកញ្ញា ឆ្នាំ ២០២៤ នៅសង្កាត់វាំងចាស់ ក្រុងឧដុង្គម៉ែជ័យ ដោយ មានការចូលរួមពីឯកឧត្តម លោកជំទាវ សមាជិក សមាជិកា ព្រឹទ្ធសភា រដ្ឋសភា ថ្នាក់ដឹកនាំក្រសួង ក្រុមការងាររាជរដ្ឋាភិបាល,ប្រធានក្រុមប្រឹក្សា,អភិបាលនៃគណៈអភិបាលខេត្ត មន្រ្តីរាជការជុំវិញខេត្ត ព្រមទាំងប្រជាពលរដ្ឋសរុបប្រមាណ ១២០០នាក់។ 

បណ្ឌិត ជាម ចន្ទសោភ័ណ អភិបាល នៃគណៈអភិបាល ខេត្តកំពង់ស្ពឺបានថ្លែងអំណរគុណជូនចំពោះលោក ហ៊ុន ម៉ានី និងលោកសាយ សំអាល់ ដែលផ្តល់កិត្តិយសដល់អ្នកខេត្តកំពង់ស្ពឺ ក្នុងការចែកបណ្ណកម្មសិទ្ធអចលនវត្ថុជូនដល់ប្រជាពលរដ្ឋដោយផ្ទាល់នាឱកាសនេះ។ 

មានមតិសំណេះសំណាលជាមួយលោកតាលោកយាយ អ៊ុំពូមីងបងប្អូនដែលអញ្ជើញមកផ្ទាល់ក្នុងអង្គពិធីលោក ហ៊ុន ម៉ានី បានសម្តែងនូវក្តីសោមនស្សរីករាយជាមួយបងប្អូនប្រជាពលរដ្ឋដែលទទួលបានបណ្ណកម្មសិទ្ធនាពេលនេះ។ លោកបានបន្តថា ការចេញបណ្ណកម្មសិទ្ធដល់បងប្អូនប្រជាពលរដ្ឋ គឺជាអាទិភាពមួយរបស់រាជរដ្ឋាភិបាល។ 

នាឱកាសនោះផងដែរលោកឧបនាយករដ្ឋមន្ត្រី ជំនួស មុខឱ្យប្រជាពលរដ្ឋអ្នកខេត្តកំពង់ស្ពឺថ្លែងអំណរ គុណក្រុមការងារក្រសួងរៀបចំដែនដី នគរោបនីយកម្ម និងសំណង់ និងក្រុមការងារថ្នាក់ខេត្ត ដែលបានខិតខំវាស់វែងដីធ្លី និងបំពេញបែបបទសម្រាប់រៀបចំបណ្ណកម្មសិទ្ធជូនប្រជាពលរដ្ឋ ដោយមិនគិតពីពេលយប់ និងថ្ងៃចុងសប្តាហ៍ឡើយ សំដៅធ្វើយ៉ាងណាបង្ករលក្ខណៈងាយស្រួលដល់បងប្អូនដែលមានការមមាញឹកក្នុងការងារប្រចាំថ្ងៃ។

លោកឧបនាយករដ្ឋមន្ត្រីក៏បានថ្លែងអំណរគុណដល់ប្រជាពលរដ្ឋទូទាំងប្រទេសដែលបានចូលរួមយ៉ាងច្រើនកុះករក្នុងចលនាជាតិដ៏ធំ តបតាមសេចក្តីអំពាវនាវរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជាមួយមូលនិធិកសាងហេដ្ឋារចនាសម្ព័ន្ធនៅតាមខ្សែបន្ទាត់ព្រំដែន ដែលសបញ្ជាក់នូវការគាំទ្រ និងជំនឿទុកចិត្តយ៉ាងមុត មាំមកលើរាជរដ្ឋាភិបាលក្នុងការការពារបូរណភាពទឹកដី អធិបតេយ្យជាតិ។លោមឮកបានរំលេចថា បើទោះបីជាការចូលរួមជាទំហំតិចក្តី ច្រើនក្តី តែវាបានបង្ហាញនូវទឹកចិត្តដ៏ធំធេងរបស់បងប្អូនដែលស្រលាញ់ជាតិ ស្រលាញ់ទឹកដី។ 

នៅចុងបញ្ចប់នៃកម្មវិធីគណៈអធិបតីបានអញ្ជើញចែកបណ្ណកម្មសិទ្ធជានិមិត្តរូបជូនដល់ប្រជាពលរដ្ឋដែលមកទទួលបណ្ណ ប្រកបដោយទឹកមុខសប្បាយរីករាយ ស្ថិតក្នុងបរិយាកាសដ៏ស្និទ្ធស្នាលបំផុត ក្រោមផ្ទៃមេឃរលឹមស្រិចៗ ប្រៀបបានការប្រោះព្រុំពរជ័យពីព្រះភិរុណ៕

ដោយ៖ សូរិយា


ចែករំលែក៖