ព័ត៌មានទាន់ហេតុការណ៍៖

កម្ពុជា​-អាមេរិក​ រំពឹងថានឹងអាចពិនិត្យលទ្ធភាពឱកាសរួមគ្នាបង្កើតកិច្ចសហប្រតិបត្តិការនានា ដើម្បីពង្រឹង ពង្រីកទំនាក់ទំនងលើវិស័យដឹកជញ្ជូនតាមផ្លូវសមុទ្រ និងកំពង់ផែ

ចែករំលែក៖

សាន់ហ្វ្រាន់ស៊ីស្កូ៖​ ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា​ បានឱ្យដឹងថា​ លោកឧបនាយករដ្ឋមន្ត្រី​ ស៊ុន ចាន់ថុល អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានអញ្ជើញជួបពិភាក្សាការងារ និងទទួលទានអាហារថ្ងៃត្រង់ធុរកិច្ច ជាមួយគណៈប្រតិភូក្រុមប្រឹក្សាតំបន់ឈូងសមុទ្រ (Bay Area Council – BAC) ដឹកនាំដោយ លោក Sean Randolph នាយកជាន់ខ្ពស់ វិទ្យាស្ថានសេដ្ឋកិច្ចក្រុមប្រឹក្សាតំបន់ឆ្នេរ នៃសម្ព័ន្ធវិទ្យាសាស្ត្រ និងនវានុវត្តន៍តំបន់ឆ្នេរ និងដោយមានការចូលរួមផងដែរពី លោកស្រី Maryam Muduroglu នាយិកាពិធីការ នៃសាលាក្រុងសាន់ហ្វ្រាន់ស៊ីស្កូ ដើម្បីបន្តពាំនាំនូវបច្ចុប្បន្នភាពនៃបរិយាកាសវិនិយោគនៅកម្ពុជា ជូនដល់វិនិយោគិនឯកជន ពីក្រុមហ៊ុនធំៗមួយចំនួន ដែលកំពុងវិនិយោគក្នុងក្រុងសាន់ហ្វ្រាន់ស៊ីស្កូ។

 កិច្ចពិភាក្សានាឱកាសនេះត្រូវបានរៀបចំឡើងកាលពីថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២៤​ ក្នុងគោលបំណងដើម្បីបង្ហាញជូនវិស័យឯកជនអំពីវឌ្ឍនភាពថ្មីៗនៃសក្ដានុពល និងបរិយាកាសវិនិយោគនៅកម្ពុជា ពិសេសគោលនយោបាយថ្មីៗនានារបស់រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា ដែលជារដ្ឋាភិបាលគាំទ្រធុរកិច្ច និងការវិនិយោគឯកជន។ ក្រោមការសម្របសម្រួលពីក្រុមប្រឹក្សាតំបន់ឈូងសមុទ្រ (BAC) នាឱកាសនេះ ក៏មានរៀបចំរបៀបវារៈដែលអនុញ្ញាតឱ្យវិស័យឯកជនកម្ពុជា ដែលមានសមាសភាពពីសមាគមឧកញ៉ា និងធុរជនអាម៉េរិក បានជួបពិភាក្សាការងារ បង្កើតបណ្តាញទំនាក់ទំនង និងផ្គូផ្គងធុរកិច្ចផងដែរ។

លោកឧបនាយករដ្ឋមន្រ្តី ក្នុងនាមក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ដែលជាសេនាធិការច្រកចេញចូលតែមួយរបស់រាជរដ្ឋាភិបាល ក៏បានបង្ហាញអំពីការត្រៀមលក្ខណៈរួចរាល់ក្នុងការសម្របសម្រួលរាល់កិច្ចការងារវិនិយោគរបស់វិស័យឯកជននៅកម្ពុជា ដែលនឹងធានាបាននូវបរិយាកាសវិនិយោគ ប្រកបដោយភាពបត់បែន អំណោយផល និងអនុគ្រោះបំផុត។

យ៉ាងណាមិញចំពោះទំនាក់ទំនងទ្វេភាគី តាមរយៈក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និងក្រុមប្រឹក្សាតំបន់ឈូងសមុទ្រ ភាគីទាំងពីររំពឹងថានឹងអាចពិនិត្យលទ្ធភាព និងឱកាសរួមគ្នាក្នុងបង្កើតកិច្ចសហប្រតិបត្តិការនានា ដើម្បីពង្រឹង និងពង្រីកទំនាក់ទំនងឱ្យកាន់តែល្អប្រសើរ ពិសេសលើវិស័យដឹកជញ្ជូនតាមផ្លូវសមុទ្រ និងកំពង់ផែ៕

ដោយ​៖ តារា​


ចែករំលែក៖