ព័ត៌មានទាន់ហេតុការណ៍៖

អន្ទាក់សម្រាប់ដាក់យកសត្វព្រៃសរុប ៤៤ខ្សែ​ ត្រូវ​បានមន្រ្តីបរិស្ថាន​ ប្រទះឃើញ

ចែករំលែក៖

ខេត្ត​កោះកុង​៖​ មន្ទីរបរិស្ថានខេត្តកោះកុង​ នៅព្រឹក​ថ្ងៃ​ពុធ​ទី​២៥​ ខែកញ្ញា​ ឆ្នាំ​២០២៤នេះ​ បានឱ្យដឹងថា​ មន្ត្រីឧទ្យានុរក្សដែនជម្រកសត្វព្រៃតាតៃ ស្នាក់ការល្បាតស្ទឹងព្រាត់ និងមន្ត្រីឧទ្យានុរក្សឧទ្យានជាតិបទុមសាគរ ស្នាក់ការព្រែកគគីរ បានចុះល្បាត រុករក ទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិក្នុងដែនសមត្ថកិច្ចរបស់ខ្លួន ដោយដោះអន្ទាក់សម្រាប់ដាក់យកសត្វព្រៃសរុប ៤៤ខ្សែ។ 

គួររម្លឹកផងដែរថា​ កាលពីពេលថ្មីៗនេះ​ លោកបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន​ ធ្លាប់​បានលើកឡើងថា៖​ «ប្រសិនបើគ្មានច្បាប់ទេ ក៏មិនអាចមានបរិស្ថាន ប្រសិនគ្មានច្បាប់ទេ ក៏គ្មានធនធានធម្មជាតិដែរ» ។

លោករដ្ឋមន្រ្តីបានមានប្រសាសន៍បន្ថែមថា ក្រមបរិស្ថាននិងធនធានធម្មជាតិ គឺជាអាវក្រោសការពារ និងអភិរក្សធនធានធម្មជាតិ ឱ្យនៅគង់វង្សយូរអង្វែង ហើយបើគ្មានច្បាប់ក៏គ្មានបរិស្ថាន ហើយបើគ្មានបរិស្ថានក៏គ្មានជីវិតដែរ ជាមួយនឹងភាពសំខាន់នៃជីវិត និងបរិស្ថាននេះ គឺមានតែការអនុវត្តច្បាប់ត្រឹមត្រូវឱ្យបាន ១០០%ប៉ុណ្ណោះ ដែលអាចជួយការពារ សុខមាលភាពរបស់ប្រជាពលរដ្ឋកម្ពុជា ឱ្យចាកផុតពីការបំពុលនានា ដែលអាចបង្ករគ្រោះថ្នាក់ ដល់អាយុជីវិតមនុស្ស និងសត្វបាន។  

ជាមួយគ្នានោះ​ លោកបណ្ឌិត អ៊ាង សុផល្លែត បានគូសបញ្ជាក់ទៀតថា ក្រសួងបរិស្ថានបានដាក់ចេញនូវយុទ្ធនាការជាបន្តបន្ទាប់ កន្លងមកនេះដែលរួមមាន៖ យុទ្ធនាការ «ថ្ងៃនេះ ខ្ញុំមិនប្រើថង់ប្លាស្ទិកទេ» យុទ្ធនាការ «កម្ពុជាស្អាត ខ្មែរធ្វើបាន» យុទ្ធនាការ«សម្អាតបឹងទន្លេសាប» យុទ្ធនាការ «ផ្ទៃមេឃពណ៌ខៀវ» និងយុទ្ធនាការ «ពន្លកបៃតង» គឺជាជំហានឆ្ពោះទៅសម្រេចឱ្យបាន នូវគម្របព្រៃឈើជាង ៦០% នៅឆ្នាំ២០៥០ ហើយដើម្បីសម្រេចបាននូវទស្សនវិស័យនេះ លុះណាតែការអនុវត្តច្បាប់ជាប្រចាំ និងឱ្យខាងតែបាន ១០០%៕

ដោយ​៖ តារា​


ចែករំលែក៖