ភ្នំពេញ ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានឱ្យដឹងថា ការវិនិយោគលេីវិស័យ អប់រំទើបមានសមត្ថភាព និងមានលទ្ធភាពឱ្យប្រជាពលរដ្ឋរស់នៅដោយខ្លួនឯង ប្រកបដោយចីរភាព។
នាឱកាសអញ្ជើញជាអធិបតីប្រគល់សញ្ញាបត្រជូននិស្សិត នៃសាកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រ និងវិទ្យាសាស្ត្រសេដ្ឋកិច្ច នៅថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២៤ សម្ដេចធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់ថា ការវិនិយោគជាមួយវិស័យ ធនធានមនុស្ស នេះហើយ អាចឱ្យប្រជាពលរដ្ឋអាច រស់ដោយខ្លួនឯងបាន ។ នៅពេលពលរដ្ឋអាចរស់ដោយខ្លួនឯងបាន ពេលនោះសេដ្ឋកិច្ចប្រទេសជាតិ ក៏មានការរីកចម្រើនដែរ។
សម្ដេចធិបតី បន្ដថា ហេតុអ្វីបានជារដ្ឋ វិនិយោគទៅលើការបណ្ដុះបណ្ដាលធនធានមនុស្ស? ហេតុអ្វីបានជា ឪពុក-ម្ដាយ គ្រប់ៗរូបចង់ឱ្យកូនរបស់ខ្លួនរៀន? ទាំងនេះ គឺជាតម្រូវរបស់ប្រជាជនម្នាក់ៗ ក្នុងការសិក្សា។
សម្ដេច នាយករដ្ឋមន្ដ្រី មានប្រសាសន៍ថា «ប្រទេសជាតិដូចគ្នា យើងចង់បានមនុស្សទាំងអស់ ប្រជាជនទាំងអស់ មានសមត្ថភាព មានកម្រិតជីវភាព មានការឯករាជ្យម្ចាស់ការ នៅក្នុងការកំណត់ជីវភាពរស់នៅ ។ គឺវិនិយោគ វិស័យអប់រំនេះហើយ ទើបមានសមត្ថភាព មានលទ្ធភាពឱ្យប្រជាពលរដ្ឋ រស់ខ្លួនឯង ហើយរស់ដោយមានចីរភាព ។ ហើយមិនមែនត្រឹមតែរស់ខ្លួនឯងនោះទេ គឺប្រជាពលរដ្ឋនេះហើយ ដែលជាកំណត់នូវកម្លាំងរបស់ជាតិ»។
សម្ដេចធិបតីនាយករដ្ឋមន្ដ្រីនៃកម្ពុជា បានមានប្រសាសន៍យ៉ាងដូច្នេះថា «ពេលដែលខ្ញុំទទួលភ្ញៀវ ថ្នាក់ដឹកនាំបរទេស មិនថាកម្រិតណាទេ ជាច្រើនខ្ញុំតែងតែថា ស្វាគមន៍មកកាន់វិមានសន្តិភាព។ ហើយខ្ញុំតែងតែប្រាប់គាត់ពីលក្ខណៈពិសេសមួយ ដែលថានេះគឺជាវិមានរបស់រាជរដ្ឋាភិបាល ដែលមានកម្រិតធំ ឥឡូវមិនធំជាងគេទេ ប៉ុន្តែជាធំមួយដែលពេលកសាងនោះ កសាងដោយកូនខ្មែរទាំងស្រុង ដោយគ្មានពឹងវិស្វករមកពីប្រទេសណាទេម្ចាស់ការ»។
បើតាមប្រសាសន៍របស់សម្ដេចធិបតី ហ៊ុន ម៉ាណែត, នៅពេលបច្ចុប្បន្ននេះសមត្ថភាពកូនខ្មែរពិតជាអាចម្ចាស់ការដោយខ្លួនឯងបាន សូម្បីតែការកសាងស្ពាន ផ្លូវថ្នល់ អគារខ្ពស់ៗ វិស្វករក៏សុទ្ធតែជាកូនខ្មែរនោះដែរ។ មិនតែប៉ុណ្ណោះ សព្វថ្ងៃនេះកូនខ្មែរក៏អាចបង្កើតនូវកម្មវិធីកុំព្យូទ័របានដោយខ្លួនឯង ហើយក៏អាចផលិតកម្មវិធីផ្សេង និងធ្វើផែនការម្ចាស់ការ ទាំងនៅតាមស្ថាប័នថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ព្រមទាំងដឹកនាំអនុវត្តជាប្រចាំ។
សម្ដេចធិបតី ប្រមុខនៃរាជរដ្ឋាភិបាលកម្ពុជា បានបន្ថែមទៀតថា អតីតកាលកម្ពុជាត្រូវការជំនាញការបរទេសជាច្រើន ដើម្បីមកជួយដឹកនាំ ឬមកផ្ដួចផ្ដើមគំនិតក្នុងការកសាងអ្វីមួយ ដែលការនោះមានទាំងជំនាញការរុស្ស៉ី វៀតណាមជាដើម។ សម្ដេចធិបតីបានរំលឹកថា សូម្បីតែសាស្ដ្រាចារ្យបង្រៀននៅតាមសាកលវិទ្យាល័យមួយចំនួន ក៏ជាជនជាតិបរទេសដែរ ប៉ុន្ដែក្រោយមកបានត្រឡប់ទៅវិញ ដោយសារមើលឃើញពីសមត្ថភាពរបស់សាស្ដ្រាចារ្យដែលជាជនជាតិខ្មែរ៕
ដោយ ៖ សិលា