ព័ត៌មានទាន់ហេតុការណ៍៖

ម៉ូតូសណ្ដោងរ៉ឺម៉កដឹកត្រី២គ្រឿងបើកបុកគ្នាពេញមួយទំហឹងស្លាប់ម្នាក់របួសម្នាក់

ចែករំលែក៖

ខេត្តកណ្ដាលៈ ម៉ូតូសណ្ដោងរ៉ឺម៉កដឹកត្រី២គ្រឿងបើកបោះពួយបុកគ្នាពេញមួយទំហឹង នៅលើកំណា​ត់ផ្លូវជាតិលេខ១១០ បណ្ដាលឲ្យបុរសជនជាតិវៀតណាមម្នាក់ស្លាប់បាត់បង់ជីវិតយ៉ាងអណោចអធ័ម រីឯបុរសជនជាតិខ្មែរម្នាក់ទៀតរងរបួសស្រាល ។ ករណីគ្រោះថ្នាក់ចរាចរណ៏នេះកើតឡើងកាលពីវេលាម៉ោង០៦និង១០នាទីព្រឹក ថ្ងៃអាទិត្យ ទី១៤ ខែសីហា ឆ្នាំ២០១៦ ស្ថិតក្នុងភូមិកំពង់កុង ឃុំកំពង់កុង ស្រុកកោះធំ ខេត្ដកណ្ដាល ។

មន្រ្ដីនគរបាលចរាចរណ៍ស្រុកកោះធំបានឲ្យដឹងថា ជនរងគ្រោះស្លាប់បាត់បង់ជីវិតឈ្មោះ តុង អ៊ុក ភេទប្រុស អាយុ២៦ឆ្នាំ ជនជាតិវៀតណាម មុខរបរទិញ-លក់ត្រី បច្ចុប្បន្នស្នាក់នៅភូមិលេខ៧ ឃុំប្រាសាទ ស្រុកស្អាង ខេត្ដកណ្ដាល ជាអ្នកបើកបរម៉ូតូម៉ាកហុងដាគុបមូលធុនសេ៩០ ពណ៌ទឹកប៊ិច ពាក់ស្លាកលេខភ្នំពេញ1SY-8577 មានសណ្ដោយរ៉ឺម៉កដឹកត្រីពីក្រោយ ។ ចំណែកឯជនរងគ្រោះរងរបួសស្រាលឈ្មោះ លី ឈុនឡុង ភេទប្រុស អាយុ២៥ឆ្នាំ ជនជាតិខ្មែរ មុខរបរទិញ-លក់ត្រី មានទីលំនៅភូមិចំការដូង ឃុំលើកដែក ស្រុកកោះធំ ខេត្ដកណ្ដាល ជាអ្នកបើកបរម៉ូតូម៉ាកDAYUN​ ធុនសេ១៥០ ពណ៌ប្រផេះ ពាក់ស្លាកលេខភ្នំពេញ1FS-5265 មានសណ្ដោងរ៉ឺម៉កដឹកត្រី ។

ប្រភពដដែលបន្ដថា នៅមុនពេលកើតហេតុជនរងគ្រោះឈ្មោះ តុង អ៊ុក ជាជនជាតិវៀតណាមបានបើកម៉ូតូសណ្ដោងរ៉ឺម៉ករបស់ខ្លួនដឹកត្រីពីឃុំព្រែកជ្រៃ​ ស្រុកកោះធំ តាមបណ្ដោយផ្លូវជាតិលេខ១១០ ត្រើយខាងកើតទន្លេបាសាក់ក្នុងគោលបំណងយកត្រីទៅលក់នៅផ្សារច្បាអំពៅ រាជធានីភ្នំពេញ ។ លុះបើកដល់ចំណុចកើតហេតុជនរងគ្រោះរូបនេះបានបន្ថែមល្បឿនឡើងវ៉ារថយន្ដនៅខាងមុខ ស្ថិតក្នុងស្ថានភាពគ្រោះថ្នាក់បណ្ដាលឲ្យជ្រុលទៅបុកម៉ូតូសណ្ដោងរ៉ឺម៉កបើកច្រាស់ទិសគ្នាពេញមួយទំហឹង ធ្វើឲ្យខ្លួនឯងរងរបួសធ្ងន់រហូតស្លាប់បាត់បង់ជីវិតរីឯភាគីម្ខាងទៀតរងរបួសស្រាល ។

ក្រោយពីមានហេតុការណ៍កើតឡើងម៉ូតូសណ្ដោងរ៉ឺម៉កទាំង២គ្រឿង ត្រូវបានសមត្ថកិច្ចចរាចរណ៍ស្រុកកោះធំវាស់វែង ដកហូតបញ្ជូនទៅរក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកដើម្បីចាត់ការតាមនីតិវិធីច្បាប់ ។ ដោយឡែកសាកសពជនរងគ្រោះត្រូវបានសមត្ថកិច្ចនគរបាលប្រគល់ទៅឲ្យក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណីនៅឯឃុំប្រាសាទ ស្រុកស្អាង ខេត្ដកណ្ដាល ៕ស្អាងជ័យ

ses (2)

ses

ses (1)

ses (3)


ចែករំលែក៖