ភ្នំពេញ ៖ អគ្គលេខាធិការដ្ឋានរដ្ឋសភាសូមជម្រាបសាធារណជនមេត្តាជ្រាបថា តបតាមការអញ្ជើញរបស់លោក ចាវ ឡីជី (Zhao Leji) ប្រធានគណៈកម្មាធិការអចិន្ត្រៃយ៍សភាតំណាងប្រជាជនចិន សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់រដ្ឋសភាបំពេញទស្សន កិច្ចផ្លូវការ និងមិត្តភាពនៅសាធារណរដ្ឋប្រជាមានិតចិន រយៈពេល ៥ ថ្ងៃ ៥ថ្ងៃ ចាប់ពីថ្ងៃទី២២ ដល់ថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២៤ ដោយបានបំពេញទស្សនកិច្ចនៅរដ្ឋធានីប៉េកាំង និងទីក្រុងសៀងហៃ។ អំឡុងពេលដំណើរទស្សនកិច្ចនៅរដ្ឋធានីប៉េកាំង សម្តេចរដ្ឋសភាធិបតី បានជួបពិភាក្សាការងារទ្វេភាគីជាមួយ លោក ចាវ ឡីជី ប្រធានគណៈកម្មាធិការអចិន្ត្រៃយ៍នៃសភាតំណាងប្រជាជនចិន និងជួបសម្តែងការគួរសម ជាមួយ លោក វ៉ាង ហ៊ូនឹង មវ៉ាង ហ៊ូនឹង (Wang Huning) សមាជិកគណៈកម្មាធិការអចិន្ត្រៃយ៍នៃការិយាល័យនយោបាយ មជ្ឈិមបក្សកុម្មុយនិស្តចិន និងជាប្រធានសភាប្រឹក្សានយោបាយនៃប្រជាជនចិន។ ចំណែកនៅទីក្រុងសៀងហៃ សម្តេចរដ្ឋសភាធិបតី បានទទួលជួបពិភាក្សាការងារជាមួយ លោក ឈិន ជី នឹង (Chen Jining) លេខាធិការ នៃគណៈកម្មាធិការគណបក្សកុម្មុយនីស្តចិនប្រចាំទីក្រុងសៀងហៃ និងច និងបានសំណេះសំណាលជាមួយ លោកស្រី ហឹង លីស៊ីន (Huang Lixin) ប្រធានសភាតំណាងប្រជាជនចិនទីក្រុងសៀងហៃ។ នៅគ្រប់ជំនួបពិភាក្សាការងារ សម្តេចរដ្ឋសភាធិបតី និងភាគីចិន បានអបអរសាទរចំណងមិត្តភាពជាប្រពៃណីនៃប្រទេសទាំងពីរដែលត្រូវបានពូនជ្រំឡើងដោយ ព្រះបរមរតនកោដ្ឋ ព្រះករុណា ព្រះបាទសម្តេចព្រះនរោត្តម សីហនុ និងអតីតប្រមុខដឹកនាំជំនាន់មុនរបស់ភាគីចិន រួមមាន ឯកឧត្តម ម៉ៅ សេទុង (Mao Zedong) និងលោក ជូ អេនឡាយ (Zhou Enlai) ។ ទំនាក់ទំនងមិត្តភាពជាប្រពៃណីនេះត្រូវបានបន្តលើកកម្ពស់ និងលូតលាស់ឈានឡើងជាលំដាប់ ដោយថ្នាក់ដឹកនាំជំនាន់ក្រោយ រួមមាន ព្រះករុណាព្រះបាទសម្តេច ព្រះបរមនាថនរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែនប្រធានព្រឹទ្ធសភា និងថ្នាក់ដឹកនាំបន្តវេន សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី និង លោកប្រធានាធិបតី ស៊ី ជិនពីង (Xi Jinping) ឈានដល់កម្រិតខ្ពស់ថ្មីមួយទៀត ជាមិត្តភាពដែកថែប និង”ភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ” ដោយមានកុងសង់ស៊ីស ក្នុងការអនុវត្តឈានទៅសម្រេចបានលទ្ធផលជាក់ស្តែងជូនប្រជាជាតិទាំងសងខាង។ សម្តេចរដ្ឋសភាធិបតី បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់ភាគីចិន ដែលបានយកចិត្តទុកដាក់ខ្ពស់ ពិនិត្យ និងថែទាំព្រះរាជសុខភាពថ្វាយ ព្រះករុណាព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា និង ង ព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរជាទីសក្ការៈ ដ៏ខ្ពង់ខ្ពស់បំផុត ជារៀងរហូតមក។
សម្តេចរដ្ឋសភាធិបតី បានពាំនាំនូវព្រះរាជបណ្តាំសាកសួរសុខទុក្ខរបស់ ព្រះករុណាព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី និងព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ជាទីសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ព្រម ទាំងការសួរសុខទុក្ខនិងការនឹករលឹករបស់ សម្តេចតេជោ ហ៊ុន សែន សែន និងសម្តេចធិបតី ហ៊ុន ម៉ាណែត ជូនចំពោះ លោកប្រធានាធិបតី ស៊ី ជីនពីង និងលោកនាយករដ្ឋមន្ត្រី លី ឈាង (Li Qiang) ក៏ដូចជាជូនថ្នាក់ដឹកនាំ ភាគីមិត្តចិនដែលគណៈប្រតិភូបានជួបពិភាក្សាការងារជាមួយ។ ចំណែកភាគីចិនក៏បានផ្តាំផ្ញើការសាកសួរសុខ ទុក្ខថ្វាយអង្គព្រះមហាក្សត្រ និងជូនសម្តេចប្រធានព្រឹទ្ធសភា និងសម្តេចនាយករដ្ឋមន្ត្រី វិញផងដែរ។
ឆ្នាំ២០២៤ ជាខួបគម្រប់ ៦៦ ឆ្នាំ នៃទំនាក់ទំនងការទូតកម្ពុជា-ចិន។ ភាគីទ គឺទាំងពីរបានវាយតម្លៃខ្ពស់ និង ចាត់ទុកថា ចំណងមិត្តភាព និងទំនាក់ទំនងរវាងប្រទេសទាំងពីរ ជាគម្រូនៃទំនាក់ទំនងអន្តរជាតិ ដែលឈរលើ គោលការណ៍សមធម៌ ការជឿទុកចិត្តគ្នា ការគោរពគ្នា ការយោគយល់គ្នា ការគោរពអធិបតេយ្យ និងឯករាជ្យភាព ដើម្បីផលប្រយោជន៍រួម។ ទំនាក់ទំនងរវាងប្រទេសទាំងពីរបានយកប្រជាពលរដ្ឋជាស្នូល តាមរយៈការផ្សារភ្ជាប់ រវាងប្រជាជននិងប្រជាជន បេះដូងនិងបេះដូង។ ភាគីចិនក៏បានរំឭកនូវព្រះរាជបន្ទូលរបស់ព្រះបរមរតនកោដ្ឋ ព្រះករុណា ព្រះបាទសម្តេច ព្រះនរោត្តម សីហនុ ថា “មិត្តភាពកម្ពុជា-ចិន ប្រៀបបាននឹងផ្ការីកគ្រប់រដូវ មិនចេះក្រៀមស្វិតស្រពោន”។ សម្តេចរដ្ឋសភាធិបតី និងភាគីចិន បានអបអរសារទរ និងបានប្តេជ្ញាចិត្តរួមគ្នាបន្តគាំទ្រនិងជំរុញដល់ ការបន្សំគ្នារវាងគំនិតផ្តួមផ្តើមសាកលនានារបស់ភាគីចិន មានដូចជា គម្រោងផ្លូវនិងខ្សែក្រវាត់ និងគំនិតផ្តួចផ្តើម អភិវឌ្ឍសកលជាដើមជាមួយនឹងយុទ្ធសាស្ត្របញ្ចកោណរបស់កម្ពុជា ដោយផ្តោតលើកិច្ចសហប្រតិបត្តិការត្បូងពេជ្រ ដើម្បីបម្រើផលប្រយោជន៍នៃប្រទេសនិងប្រជាជនទាំងសងខាង ឱ្យចេញជាលទ្ធផលជាក់ស្តែង សំដៅសម្រេចបាន នូវការកសាងសហគមន៍ជោគវាសនារួមកម្ពុជា-ចិន ប្រកបដោយគុណភាពខ្ពស់ កម្រិតខ្ពស់ និងស្តង់ដារខ្ពស់ ក្នុងយុគសម័យថ្មី។
សម្តេចរដ្ឋសភាធិបតី និង លោក ចាវ ឡីជី បានអញ្ជើញចុះហត្ថលេខាលើកិច្ចព្រមព្រៀង ស្តីពី កិច្ចសហប្រតិបត្តិការរវាងរដ្ឋសភាប្រទេសទាំងពីរ និងអញ្ជើញជាអធិបតីក្នុងពិធីចុះហត្ថលេខាលើអនុស្សារណៈ នៃការយោគយល់គ្នារវាងអគ្គលេខាធិការដ្ឋានរដ្ឋសភានៃប្រទេសទាំងពីរ ដែលបានចុះហត្ថលេខាដោយលោក ឡេង ប៉េងទ ប៉េងឡុង អគ្គលេខាធិការរដ្ឋសភាកម្ពុជា និង លោក លីវ ឈី រឺ អគ្គលេខាធិការគណៈកម្មាធិការ អចិន្ត្រៃយ៍នៃសភាតំណាងប្រជាជនចិន។ ឯកសារទាំងពីរនេះឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្តយ៉ាងមោះមុត នៃសភា ប្រទេស ទាំងពីរ និងជាការបើកទំព័រថ្មីមួយក្នុងការពង្រឹងពង្រីកតួនាទីការទូតសភា និងកិច្ចសហប្រតិបត្តិការ សភា ទាំងក្នុងក្របខណ្ឌទ្វេភាគី និងពហុភាគី។
សម្តេចរដ្ឋសភាធិបតី បានស្នើប្រទេសទាំងពីរចាំបាច់ត្រូវជំរុញបន្ថែមទៀតលើវិស័យអាទិភាព ដូចជា ការពង្រឹងសមត្ថភាពផលិត និងការអភិវឌ្ឍមូលធនមនុស្ស ដើម្បីសម្រេចបានលទ្ធផលជាក់ស្តែងក្រោមកិច្ច សហប្រតិបត្តិការត្បូងពេជ្រ ជាពិសេស “ច្រករបៀងឧស្សាហកម្ម និងបច្ចេកវិទ្យា” និង “ច្រករបៀងមច្ឆា និងអង្គរ”។ ក្នុងជំនួបពិភាក្សាការងារជាមួយ លោក ឈិន ជីនឹង លេខាធិការនៃគណៈកម្មាធិការគណបក្សកុម្មុយនីស្ត ចិនប្រចាំទីក្រុងសៀងហៃ សម្តេចរដ្ឋសភាធិបតី បានលើកទឹកចិត្តឱ្យមានការបន្តចងសម្ព័ន្ធភាពរវាងទីក្រុងសៀងហៃជាមួយទីក្រុងនឹងខេត្តនានានៃប្រទេសកម្ពុជា ដើម្បីភ្ជាប់ទំនាក់ទំនងប្រជាជននិងប្រជាជនឱ្យកាន់តែស្និទ្ធស្នាលបន្ថែមទៀត ដែលជាមូលដ្ឋានគ្រឹះនៃកិច្ចសហប្រតិបត្តិការជាច្រើនវិស័យទៀត រួមមាន ទេសចរណ៍ សេដ្ឋកិច្ចពាណិជ្ជកម្ម និងបច្ចេកវិទ្យា ជាដើម ខណៈទីក្រុងសៀងហៃ ជាមជ្ឈមណ្ឌលសកលសម្រាប់វិស័យសេដ្ឋកិច្ច ហិរញ្ញវត្ថុពាណិជ្ជកម្ម ការដឹកជញ្ជូន ព្រមទាំងវិទ្យាសាស្ត្រនិងបច្ចេកវិទ្យា។
ភាគីចិនបានវាយតម្លៃខ្ពស់ចំពោះទំនាក់ទំនងដ៏ល្អជាប្រវត្តិសាស្ត្រ មិត្តភាពប្រពៃណី មិត្តភាពដែកថែប និងភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ ដែលបានចាក់ឫសយ៉ាងរឹងមាំនិងមានភាពធន់ ទោះបីជាមាន ការប្រែប្រួលក្នុងតំបន់ នឹងអន្តរជាតិយ៉ាងណាក៏ដោយ ផ្អែកលើគោលការណ៍គោរពគ្នា ជឿទុកចិត្តគ្នា សមភាព និងមិនជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងផងគ្នា។
ភាគីចិនបានសម្តែងក្តីរីករាយចំពោះវឌ្ឍនភាពនិងការរីកចម្រើនរបស់កម្ពុជា ហើយសង្ឃឹមថា ក្រោម ការដឹកនាំរបស់ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីបន្តវេនពី សម្តេចតេជោ ហ៊ុន សែន ឈានទៅ សម្រេចបានចក្ខុវិស័យរបស់ខ្លួន ក្លាយជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០ និងចំណូលខ្ពស់ នៅឆ្នាំ២០៥០។ ភាគីចិនសន្យាថានឹងសហការគាំទ្រកម្ពុជាដើម្បីជួយកម្ពុជាឱ្យសម្រេចបាននូវគោលដៅនេះ។
សម្តេចរដ្ឋសភាធិបតី បានអបអរសាទរដល់ខួបអនុស្សាវរីយ៍លើកទី៧៥ នៃការបង្កើតសាធារណរដ្ឋ ប្រជាមានិតចិន (១៩៤៩-២០២៤) និងបានអបអរសាទរចំពោះការរីកចម្រើនយ៉ាងឆាប់រហ័សរបស់ប្រទេសចិន។ កម្ពុជាមានជំនឿយ៉ាងមុតមាំថា ក្រោមការដឹកនាំប្រកបដោយភាពឈ្លាសវៃ និងចក្ខុវិស័យវែងឆ្ងាយរបស់បក្ស កុម្មុយនីស្តចិន រដ្ឋ និងសភាតំណាងប្រជាជនចិន ភាគីចិននឹងឈានទៅសម្រេចបានគោលដៅឆ្នាំ២០៤៩ ក្នុង ការកសាងប្រទេសចិនក្លាយជាប្រទេសសង្គមនិយមជឿនលឿន រឹងមាំ តាមប្រជាធិបតេយ្យបែបចិន មានវប្បធម៌ រុងរឿង និងសុខដុមរមនា។
សម្តេចរដ្ឋសភាធិបតី បានបញ្ជាក់ថា ការជួយគាំទ្ររបស់ភាគីចិន គឺបានឆ្លើយតបទៅនឹងតម្រូវការអភិវឌ្ឍន៍ជាក់ស្តែងរបស់កម្ពុជា ស្របតាមបរិបទនិងលក្ខខណ្ឌរបស់កម្ពុជា ដែលជាមូលដ្ឋានគ្រឹះសម្រាប់កម្ពុជាឈរដោយ ខ្លួនឯង។ ការគាំទ្ររបស់មិត្តចិន មិនត្រឹមតែបានរួមចំណែកដល់ការអភិវឌ្ឍសេដ្ឋកិច្ចសង្គម និងលើកកម្ពស់ ជីវភាពរបស់ប្រជាពលរដ្ឋកម្ពុជាប៉ុណ្ណោះទេ តែថែមទាំងបានពង្រឹងឯករាជ្យនយោបាយ និងអធិបតេយ្យរបស់កម្ពុជា ផងដែរ។
ក្នុងឱកាសនោះ សម្តេចរដ្ឋសភាធិបតី បានគោរពអញ្ជើញថ្នាក់ដឹកនាំសភាតំណាងប្រជាជនចិន ចូលរួម សម័យប្រជុំពេញអង្គលើកទី១១ របស់សភាអន្តរជាតិដើម្បីភាពអត់ឱន និងសន្តិភាព (IPTP) ដែលសភាកម្ពុជា ធ្វើជាម្ចាស់ផ្ទះពីថ្ងៃទី២៣ ដល់ថ្ងៃទី២៦ ខែវិច្ឆិកា ខាងមុខនេះ ។
អំឡុងពេលបំពេញទស្សនកិច្ចនៅសាធារណរដ្ឋប្រជាមានិតចិន គណៈប្រតិភូជាន់ខ្ពស់រដ្ឋសភាកម្ពុជា បានអញ្ជើញទស្សនាតំបន់វប្បធម៌ ទេសចរណ៍ ជាអាទិ៍ មហាកំផែង សារមន្ទីរបក្សកុម្មុយនីស្ត សារមន្ទីរ Forbidden City ដែលជាអតីតព្រះបរមរាជវាំងរបស់ប្រទេសចិន ក្រុមហ៊ុន Huawei Technology Co., Ltd. និងសួនឧស្សាហកម្មសំខាន់ៗនៃទីក្រុងសៀងហៃ រួមមាន សួនឧស្សាហកម្ម Xinzhuang ដែលនេះជាផ្នែកមួយ ដ៏សំខាន់នៃការភ្ជាប់ទំនាក់ទំនងវប្បធម៌ និងការតភ្ជាប់រវាងប្រជាជននិងប្រជាជន និងការពង្រឹងកិច្ចសហ ប្រតិបត្តិការរវាងប្រទេសទាំងពីរលើគ្រប់វិស័យ។ អាស្រ័យដូចជម្រាបជូនខាងលើនេះ សូមសាធារណជនមេត្តាជ្រាប ជាព័ត៌មាន៕
ដោយ ៖ សិលា