ព័ត៌មានទាន់ហេតុការណ៍៖

មន្ត្រីពាណិជ្ជកម្មកម្ពុជាចូលរួមកិច្ចប្រជុំបច្ចេកទេសជាន់ខ្ពស់អំពីពិព័រណ៍ចិន-អាស៊ានលើកទី២១ ឆ្នាំ២០២៤

ចែករំលែក៖

ប្រទេសចិន ៖ ក្រសួងពាណិជ្ជកម្មបានចេញផ្សាយថា នារសៀលថ្ងៃព្រហស្បតិ៍ ទី២៦ ខែកញ្ញា ឆ្នាំ២០២៤ ម្សិលមុិញ លោក សុខ ដារិទ្ធិ ទីប្រឹក្សាក្រសួងពាណិជ្ជកម្ម , អគ្គនាយករង នៃអគ្គនាយកដ្ឋានជំរុញពាណិជ្ជកម្ម, និងជាសហអគ្គលេខាធិការរងពិព័រណ៍ចិន-អាស៊ាន បានចូលរួមកិច្ចប្រជុំបច្ចេកទេសជាន់ខ្ពស់អំពីពិព័រណ៍ចិន-អាស៊ានលើកទី២១ ឆ្នាំ២០២៤ ដែលបានប្រព្រឹត្តទៅក្រោមអធិបតីភាព លោក LI An អគ្គនាយករង នៃនាយកដ្ឋានកិច្ចការអាស៊ី ក្រសួងពាណិជ្ជកម្មនៃសាធារណរដ្ឋប្រជាមានិតចិន និង លោកស្រី Wei Zhao Hui អគ្គលេខាធិការ នៃលេខាធិការដ្ឋានពិព័រណ៍ចិន-អាស៊ាន ព្រមទាំងមានការចូលរួមពីមន្រ្តីបច្ចេកទេសកិច្ចការពិព័រណ៍ និងវិនិយោគ នៃប្រទេសចិននិងអាស៊ាន ផងដែរ។

កិច្ចប្រជុំនេះ រៀបចំឡេីងដើម្បី (១) បូកសរុបលទ្ធផល សង្ខេប អំពីការចូលរួមពិព័រណ៍ចិន-អាស៊ាន លេីកទី២១ (២)ការដាក់សំណេីគម្រោងការងារ និងយន្តការ ក្នុងការជ្រេីសរេីសប្រទេសកិត្តិយស សម្រាប់ការរៀបចំពិព័រណ៍ចិន-អាស៊ាន លេីកទី២២ (៣) ការប្រគល់ពានរង្វាន់ដល់ ប្រទេសជាមាជិកអាស៊ានក្នុង ការសហការរៀបចំ និងចូលរួមពិព័រណ៍ចិន-អាស៊ានលើកទី២១ ឆ្នាំ២០២៤ ។

ជាលទ្ធផល កិច្ចប្រជុំនេះ សម្រេចបាននូវផ្លែផ្កា ដូចជា៖ (១) ពិព័រណ៍ចិន-អាស៊ាន លេីកទី២២ នឹងប្រព្រឹត្តទៅនៅថ្ងៃទី១៧ – ២១ ខែកញ្ញា ឆ្នាំ២០២៥ នៅទីក្រុងណានីង តំបន់ស្វ័យក្វាងស៊ី សាធារណរដ្ឋប្រជាមានិតចិន, (២) ប្រទេសកិត្តិយសសម្រាប់ពិព័រណ៍ចិន-អាស៊ាន លេីកទី២២ គឺប្រទេសមីយ៉ាន់ម៉ា, (៣) ពិព័រណ៍ចិន-អាស៊ានលើកទី២១ នេះ ប្រទេសកម្ពុជាទទួលបានពាន់រង្វាន់ចំនួន ៥គ្រឿង រួមមាន៖ ១. ពានរង្វាន់ក្នុងការៀបចំពន្លាជាតិបានស្រស់ឆើតឆាយ, ២.ពានរង្វាន់ក្នុងការរៀបចំអ្នកតាំងពិព័រណ៍ , ៣. ពានរង្វាន់ក្នុងការកៀរគរក្រុមហ៊ុនឯកជន ចូលរួមពិព័រណ៍អនឡាញ, ៤. ពានរង្វាន់ក្នុងការជំរុញកិច្ចសហប្រតិបត្តិការវិនិយោគ, និង ៥.ពានរង្វាន់ក្នុងការរៀបចំផលិតផលតាំងពិព័រណ៍តាមផ្នែកបានល្អ៕

ដោយ ៖ សិលា


ចែករំលែក៖