ព័ត៌មានទាន់ហេតុការណ៍៖

សម្តេចតេជោ ហ៊ុន សែន ប្រកាសថា ការប្រើប្រាស់ CoolApp សម្រាប់ធានាដល់សន្តិសុខជាតិ និងសន្តិសុខផ្ទាល់ខ្លួន

ចែករំលែក៖

ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា បានប្រកាសថា ការប្រើប្រាស់ CoolApp សម្រាប់ធានាដល់សន្តិសុខជាតិ និងសន្តិសុខផ្ទាល់ខ្លួន អាស្រ័យដោយ CoolApp ជារបស់ខ្មែរក្នុងដែនសុវត្តិភាពរបស់កម្ពុជា និងម្យ៉ាងទៀត CoolApp ក៏ប្រើប្រាស់បាននៅទូទាំងពិភពលោក ដូចប្រព័ន្ធដ៏ទៃទៀតដែរ ខុសគ្នាត្រង់ CoolApp មិនអាចឲ្យបរទេសចូលយកទិន្នន័យរបស់រដ្ឋ ឬ ឯកជនបាននោះឡើយ។

សម្តេចតេជោតេជោ បាន Comment ដូច្នេះថា «អ្នកណាក៏អាចប្រើបានដែរ និងប្រសិនប្រជាជនយើងចូលរួមប្រើទាំងអស់គ្នា គឺជាមោទនជាតិខ្មែរ» ។ 

សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា កន្លងទៅបានបង្ហោះលើផេកផ្លូវការថា ៖ ប៉ុន្មានខែមកនេះតេឡេក្រាម (Telegram) របស់ខ្ញុំទទួលសារបានតែមិនអាចបញ្ជូនសារចេញបានទាំងអក្សរ ទាំងសារសម្លេង ប្រសិនជាចេញបានក៏ត្រូវរង់ចាំ ដែលធ្វើឲ្យអ្នកផ្ញើសារមកខ្ញុំតាមតេឡេក្រាមមិនបានឆ្លើយតបពីខ្ញុំ ឬត្រូវឆ្លើយយឺត។

ខ្ញុំសូមបងប្អូនដែលមានទំនាក់ជាមួយខ្ញុំងាកមកប្រើតាម WhatsApp ពិសេសតាម CoolApp ដែលជារបស់ខ្មែរ។

ដោយសារមានព័ត៌មានជាច្រើនបានផ្សាយពីការបែកធ្លាយទិន្នន័យបុគ្គលតាម Telegram នៅតាមប្រទេសមួយចំនួនបានធ្វើឲ្យខ្ញុំព្រួយបារម្មណ៍ពីសន្តិសុខជាតិ និងសុវត្តិភាពព័ត៌មានផ្ទាល់ខ្លួនរបស់ប្រជាជនយើងម្នាក់ៗ។

ដោយកង្វល់ពីបញ្ហាដូចបានលើកឡើងខាងលើ ខ្ញុំស្នើរាជរដ្ឋាភិបាលបង្កើតគ្រុប CoolApp របស់រាជរដ្ឋាភិបាល របស់ស្ថាបន័ថ្នាក់ជាតិ ថ្នាក់ក្រោមជាតិ របស់កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទជំនួសឲ្យ Telegram ។

ស្ថាប័នផ្សេងទៀតដូចជា ព្រឹទ្ធសភា រដ្ឋសភា តុលាការ ក៏គួររៀបចំគ្រុប CoolApp ផងដែរ។ មន្ត្រីរាជការសុីវិល កងកម្លាំងប្រដាប់អាវុធ និងប្រជាជន ដែលប្រើស្មាតហ្វូនក៏គប្បីបង្កើត CoolApp ដើម្បីប្រើតាមការស្ម័គ្រចិត្ត។

នេះមិនមែនជាការបង្ខិតបង្ខំឲ្យប្រើប្រាស់ CoolApp ទេ តែជាការដាស់តឿនសម្រាប់ធានាដល់សន្តិសុខជាតិ និងសន្តិសុខផ្ទាល់ខ្លួន អាស្រ័យដោយ CoolApp ជារបស់ខ្មែរក្នុងដែនសុវត្តិភាពរបស់កម្ពុជា និងម្យ៉ាងទៀត CoolApp ក៏ប្រើប្រាស់បាននៅទូទាំងពិភពលោក ដូចប្រព័ន្ធដ៏ទៃទៀតដែរ ខុសគ្នាត្រង់ CoolApp មិនអាចឲ្យបរទេសចូលយកទិន្នន័យរបស់រដ្ឋ ឬ ឯកជនបាននោះឡើយ។

យើងត្រូវការប្រព័ន្ធល្បឿនលឿន និងច្បាស់ទាំងសម្លេងទាំងរូបភាពដូច CoolApp សព្វថ្ងៃ ព្រមទាំងត្រូវការរក្សាការសម្ងាត់របស់ជាតិក៏ដូចជា បុគ្គលម្នាក់ៗផងដែរ។ 

បច្ចុប្បន្នអ្នកប្រើប្រាស់ CoolApp បានកើនលឿនរហូតដល់៣០ម៉ឺននាក់ និងប្រើប្រាស់ប្រព័ន្ធ Encryption ដូចកម្មវិធីបរទេសដែរ  មិនអាចជនណាម្នាក់មើលសាររបស់យើងបានឡើយ សូម្បីតែក្រុមហ៊ុនផ្ទាល់ក៏ដោយ។ កម្ពុជាមាន CoolApp ក៏ជាមោទនភាពរបស់ខ្មែរយើងដែរ ព្រោះសមាជិកអាស៊ានទាំងអស់ មានតែ វៀតណាម និងកម្ពុជា៕

ដោយ ៖ សិលា


ចែករំលែក៖