ភ្នំពេញ ៖ នៅរដូវបុណ្យភ្ជុំ ប្រជាពលរដ្ឋគ្រប់គ្នា បានឈប់សម្រាកពីការងារ ព្រមទាំងបានជួបជុំគ្រួសារ ក្រៅពីទៅវត្តអារាមរួចមមក ក៏មានដំណើរកម្សាន្ត តាមតំបន់រម្មណីយដ្ឋាននានាផងដែរ។ សហគមន៍តំបន់ការពារធម្មជាតិ ជាម្រើសមួយសម្រាប់ដំណើរកម្សាន្ត ក្នុងរដូវបុណ្យប្រពៃណីជាតិខ្មែរនេះផងដែរ។ សហគមន៍ដែលមានសក្តានុពលធម្មជាតិ បានរៀបចំផលិតផល និងសេវាកម្មទេសចរណ៍ ប្រកបដោយការទទួលខុសត្រូវ ដែលមានរៀបចំហេដ្ឋារចនាសម្ព័ន្ធ កន្លែងទេសភាពធម្មជាតិ ទឹកជ្រោះ ទស្សនាសត្វព្រៃ ដើមឈើ ប្រកបដោយខ្យល់អាកាសល្អ។ លោក ខ្វៃ អាទិត្យា អ្នកនាំពាក្យក្រសួងបរិស្ថាន បានលើកឡើងបែបនេះ នៅអំឡុងពេលជួបជាមួយអ្នកសារព័ត៌មាន នាពេលកន្លងមក។
អ្នកនាំពាក្យក្រសួងបរិស្ថាន បានបញ្ជាក់ថា ទេសចរណ៍នៅតាមសហគមន៍តំបន់ការពារធម្មជាតិ រួមចំណែកដល់គោលលដៅអភិវឌ្ឍន៍លំហែបៃតង ដែលក្រសួងបរិស្ថាន នាពេលកន្លងមក បានយកចិត្តទុកដាក់ ជំរុញការលើកកម្ពស់ជីវភាព ប្រជាពលរដ្ឋ គោរពវប្បធម៌ និងបរិស្ថាន និងជំរុញឱ្យសហគមន៍មូលដ្ឋានមានភាពស្អាត មានផ្តល់សេវាក្នុងតម្លៃសមរម្យ មានអនាម័យ មានការទុកដាក់សំណល់ឱ្យបានត្រឹមត្រូវ កាត់បន្ថយការប្រើប្រាស់ប្លាស្ទិក ការការពារព្រៃឈើ សត្វព្រៃ និងដាំស្តារព្រៃឈើ ដែលជួយបង្កើនចំណូលបន្ថែម តាមរយៈវិស័យអេកូទេសចរណ៍ និងកាត់ផ្តាច់ពីការពឹងអាស្រ័យ លើអនុផលព្រៃឈើ។ លោក បានលើកឡើងផងដែរថា ក្រសួងបរិស្ថានកន្លងមក បានបណ្តុះបណ្តាល សហគមន៍ឱ្យចេះគ្រប់គ្រង ចេះផលិតវត្ថុអនុស្សាវរីយ៍ ការដាំដំណាំរួមផ្សំផ្សេងៗ មានបន្លែបង្ការ ចិញ្ចឹមសត្វ ដើម្បីផ្គត់ផ្គង់ គ្រួសារប្រចាំថ្ងៃ សម្រាប់លក់ទៅទីផ្សារ និងបម្រើសេវាកម្មទេសចរណ៍ជាដើម។
ដើម្បីឆ្លើយតបកំណើនឡើងនៃវិស័យទេសចរណ៍ និងតម្រូវការរបស់ ទេសចរជាតិនិងអន្តរជាតិ លោក ខ្វៃ អាទិត្យា បានលើកទឹកចិត្តឱ្យទេសចរ គាំទ្រទេសចរណ៍នៅតាមសហគមន៍តំបន់ការពារធម្មជាតិនានាទូទាំងប្រទេស។
សូមបញ្ជាក់ថា ក្រសួងបរិស្ថានកន្លងមក បានជំរុញការអភិវឌ្ឍទេសចរណ៍ លំហែបៃតង ដល់តំបន់សហគមន៍ តំបន់ការពារធម្មជាតិ ចំនួនជាង៥០កន្លែង ដែលមានសក្តានុពល ទេសចរណ៍ធម្មជាតិ ក្នុងចំណោមសហគមន៍សរុបចំនួន ១៩៣ សហគមន៍។ ជាមួយគ្នានេះ កម្ពុជាមានតំបន់ការពារធម្មជាតិ ចំនួន៧៣តំបន់ ដែលមានផ្ទៃដីទំហំ៤០% នៃផ្ទៃដីរបស់ប្រទេស។ តំបន់ការពារធម្មជាតិ បាននិងកំពុងរួមចំណែកយ៉ាងសំខាន់ រក្សាលំនឹង និងទ្រទ្រង់ប្រភពចំណូល ស្បៀងអាហារ និងសម្ភារៈប្រើប្រាស់ប្រចាំថ្ងៃ របស់ប្រជាសហគមន៍មូលដ្ឋាន តាមរយៈមុខងារ នៃសេវាកម្មប្រព័ន្ធអេកូឡូស៊ី និងធនធានជីវៈចម្រុះ។ តំបន់ទាំងនេះ ក៏មានសក្តានុពល ទេសចរណ៍ធម្មជាតិ និងក៏ដើរតួនាទីយ៉ាងសំខាន់ ក្នុងក្របខ័ណ្ឌតំបន់ និងសកលលោក ក្នុងការចូលរួម កាត់បន្ថយឧស្ម័នផ្ទះកញ្ចក់ ក្នុងបរិបទ នៃការប្រែប្រួលអាកាសធាតុ។
ជាមួយគ្នានេះ ការអនុវត្តច្បាប់១០០% រួមជាមួយការបង្កើនការដាំឈើឱ្យបានច្រើន ដើម្បីពង្រឹងការការពារអភិរក្សធនធានធម្មជាតិ នឹងជំរុញឱ្យសហគមន៍ នឹងមានភាពរឹងមាំ មានភាពស្អាត បៃតង ប្រភេទជីវៈចម្រុះមានការរីកចម្រើន និងការលក់កាបូន ដើម្បីអភិវឌ្ឍន៍សេដ្ឋកិច្ចមូលដ្ឋាន ជាពិសេសជំរុញសម្រេចគោលដៅ នៃយុទ្ធសាស្រ្តបញ្ចកោណគឺ «ជាប្រទេសអព្យាក្រឹតកាបូន និងមានគម្របព្រៃឈើ៦០% នៅឆ្នាំ២០៥០»៕
ដោយ ៖ សិលា