ព័ត៌មានទាន់ហេតុការណ៍៖

អភិបាលខេត្តពោធិ៍សាត់ ត្រៀមកម្លាំងប្រមាណ ១ពាន់៥រយនាក់ ដើម្បីការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈជូនប្រជាពលរដ្ឋ ក្នុងឱកាសបុណ្យភ្ជុំបិណ្ឌ

ចែករំលែក៖

ខេត្តពោធិ៍សាត់ ៖ លោក ខូយ រីដា អភិបាល នៃគណៈអភិបាលខេត្ត និងជាប្រធានគណៈបញ្ជាការ ឯកភាពរដ្ឋបាលខេត្ត បានត្រៀមកម្លាំងប្រមាណ ១ពាន់៥រយនាក់ រួមមានកម្លាំងស្នងការដ្ឋាននគរបាលខេត្ត កម្លាំងកងរាជអាវុធហត្ថខេត្ត និងកម្លាំងប្រជាការពារ ដើម្បីដាក់ពង្រាយរក្សាការពារសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ ជូនប្រជាពលរដ្ឋ ក្នុងឱកាសពិធីបុណ្យភ្ជុំបិណ្ឌ ដែលជាបុណ្យធំមួយ ដែលប្រជារាស្ដ្រទូទាំងកម្ពុជា តែងតែប្រារព្ធមិនដែលអាក់ខានឡើយ។

ក្នុងឱកាសជួបសំណេះសំណាល ជាមួយកងកម្លាំងទាំងអស់ នៅវេទិកាដោះស្រាយសេចក្តី និងទីលានផ្លូវលេខ១០១ ទល់មុខសាលាខេត្តពោធិ៍សាត់ នាល្ងាចថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៤ ម្សិលមុិញ លោក ខូយ រីដា អភិបាលខេត្ត បានជម្រាបជូនថា ថ្មីៗនេះ សម្តេចធិបតី ហ៊ុន ម៉ាណែត បានណែនាំ ដល់អភិបាលរាជធានី/ខេត្ត ត្រូវដឹកនាំ និងជម្រុញការពារសុខសុវត្ថិភាព សណ្តាប់ធ្នាប់ និងចរាចរណ៍ ឱ្យបានល្អប្រសើរ ក្នុងកំឡុងពេលពិធីបុណ្យភ្ជុំបិណ្ឌនេះ។

ជាមួយគ្នានោះ លោក ខូយ រីដា ក៏សូមឱ្យកម្លាំងប្រដាប់អាវុធទាំងអស់ ត្រូវត្រៀមខ្លួនដើម្បីបម្រើលើកិច្ចការពារសន្តិសុខ សណ្តាប់ធ្នាប់ ជូនដល់ប្រជាពលរដ្ឋ នៅតាមវត្តអារាម ទីសាធារណៈ និងកន្លែងកំសាន្តនានា ពិសេសសុខសុវត្ថិភាព សម្រាប់ភ្ញៀវទេសចរ ជាតិ-អន្តរជាតិ ដែលមកទស្សនាកំសាន្ត នៅក្នុងទឹកដី នៃខេត្តពោធិ៍សាត់។

លោក បានណែនាំ ដល់គ្រប់កម្លាំងទាំងអស់ ត្រូវចុះល្បាត និងត្រួតពិនិត្យជាប្រចាំ នៅតាមចំណុចគោលដៅសំខាន់ៗ និងមានកម្លាំងប្រចាំបញ្ជា កម្លាំងសម្ងាត់ និងកម្លាំងការពារ សម្រាប់ទីតាំងមួយចំនួន។ បន្ថែមពីនោះ ត្រូវពិនិត្យតាមដានមុខសញ្ញា ដែលប្រព្រឹត្តបទល្មើស និងមុខសញ្ញាបង្កអសន្តិសុខគ្រប់ប្រភេទ ដោយត្រូវធ្វើការទប់ស្កាត់ជាបន្ទាន់ ចំពោះបទល្មើសទាំងនោះ ដើម្បីបង្កលក្ខណៈដល់ប្រជាពលរដ្ឋយើង បានប្រារព្ធពិធីបុណ្យភ្ជុំបិណ្ឌ និងបានដើរលេងកំសាន្ត ដោយគ្មានការភ័យក្លាច។ សម្រាប់កម្លាំងនគរបាល ត្រូវត្រៀមជួយធ្វើអន្តរាគមន៍ និងជួយសង្គ្រោះឱ្យបានទាន់ពេលវេលា ក្នុងករណីមានគ្រោះអគ្គិភ័យ ឬមានបាតុភាពអ្វីមួយកើតឡើង៕

ដោយ ៖ សិលា


ចែករំលែក៖