ប្រទេសថៃ ៖ តៃកុងឡានដឹកសិស្សសាលាថៃ ដែលឆេះស្លាប់ក្មេងៗ២០នាក់និងគ្រូបង្រៀន៣នាក់ បានចូលប្រគល់ខ្លួនឲ្យប៉ូលិសហើយ និងបានប្រាប់ដំណើររឿងនៃហេតុការណ៍ដ៏រន្ធត់នេះទាំងអស់។
លោក Samarn Chankut អាយុ៤៨ឆ្នាំជាតៃកុងឡាន បានចូលប្រគល់ខ្លួនឲ្យប៉ូលិសស្រុក Wiset Chai Chan ក្នុងខេត្ត Ang Thong កាលពីរាត្រីថ្ងៃអង្គារ ហើយប៉ូលិសក៏បញ្ជូនគាត់បន្តទៅប៉ុស្តិ Khu Khut ក្នុងខេត្ត Pathum Thani ដើម្បីសាកសួរបន្ថែម។
តាមចម្លើយរបស់តៃកុងឡាន, គាត់តក់ស្លុតខ្លាំងពេក ហើយក៏បានរត់ចេញពីកន្លែងកើតហេតុ ទៅពួនសំងំនៅផ្ទះបងប្អូនក្នុងខេត្ត Ang Thong។ រថយន្តរបស់គាត់គឺជារថយន្តទីពីរនៅក្នុងក្រុមរថយន្តដែលមាន៣គ្រឿង ដឹកសិស្សពីខេត្ត Uthai Thani ទៅមើលការតាំងពិពណ៌នៅអាជ្ញាធរអគ្គិសនីថៃក្នុងស្រុក Bang Kruai នៃខេត្ត Nonthaburi។
ទិដ្ឋភាពនៅកន្លែងកើតហេតុឆេះរថយន្តដឹកសិស្ស (រូបថត៖ Khaosod)
រថយន្តកំពុងធ្វើដំណើរក្នុងល្បឿន ៧០-៨០ គីឡូម៉ែត្រក្នុងមួយម៉ោង នៅពេលបាត់បង់លំនឹងនៅលើផ្លូវ Vibhavadi Rangsit ជិតផ្សារទំនើប Zeer Rangsit ក្នុងស្រុក Lam Luk Ka នាវេលាថ្ងៃត្រង់។
គាត់ថា រថយន្តមានបញ្ហាដូចជាផ្ទុះកង់ ឬពោងសុវត្ថិភាព ហើយក្រោយមកក៏រេចង្កូតទៅបុកជាមួយរថយន្ត Mercedes Benz មួយគ្រឿងមុនពេលបុករបាំងផ្លូវ។ បន្ទាប់មក អណ្តាតភ្លើងក៏ចាប់ផ្តើមឆេះរាលដាលយ៉ាងលឿនពេញរថយន្តតែម្តង ហើយតៃកុងភ័យពេក ក៏រត់ចេញពីកន្លែងកើតហេតុតែម្តង។
ក្រោយការសាកសួរ ប៉ូលិសក៏បើកការស៊ើបអង្កេតលើករណីនេះ ហើយជាបឋមមានការសង្ស័យថា រថយន្តនេះអាចឆេះដោយសារផ្ទុះធុងហ្គាស់។ ប៉ុន្តែយ៉ាងណា មូលហេតុពិត មិនទាន់ត្រូវបានគេដឹងច្បាស់នៅឡើយទេ។
សូមបញ្ជាក់ថា ៖ រថយន្តក្រុងនេះមានដឹកសិស្សតូចៗចំនួន៣៨នាក់ និងគ្រូ៦នាក់ មកពីសាលា Wat Khao Praya Sangkharam ក្នុងស្រុក Lan Sak នៃខេត្ត Uthai Thani នៅពេលជួបហេតុការណ៍ដ៏រន្ធត់ ដែលមិនមែនតែប្រទេសថៃទេ ពោលគឺពិភពលោកទាំងមូល សុទ្ធតែបង្ហាញការតក់ស្លុត៕
ដោយ ៖ សិលា