ព័ត៌មានទាន់ហេតុការណ៍៖

ខ្សឹបដាក់ត្រចៀក៖ មួយថ្ងៃកម្ពុជានាំចូលត្រីពីប្រទេសវៀតណាមជាង៣០០តោន

ចែករំលែក៖

បើទោះបីជាច្បាប់ហាមឃាត់យ៉ាងណាក្តី ប៉ុន្តែតម្រូវការចាំបាច់សម្រាប់ជីវភាពរស់នៅប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋកម្ពុជា ត្រូវការត្រីពីប្រទេសជិតខាង(វៀតណាម) ក្នុងមួយថ្ងៃមិនតិចជាង៣០០តោននោះទេ ។ ក្រោមលេសនៃតម្រូវការនេះ ពួកឈ្មួញបន្តនាំត្រីខុសច្បាប់ចូលដោយសេរី រីឯសមត្ថកិច្ចជំនាញរដ្ឋបាលជលផលជាអ្នកសោយសុខកើបផលប្រយោជន៍រៀងរាល់ថ្ងៃមិនតិចម៉ឺនសែនដុល្លារនោះឡើយ ។

សកម្មភាពឈ្មួញនាំត្រីខុសច្បាប់ពីប្រទេសវៀតណាមកាត់ច្រកព្រំដែនខេត្តព្រៃវែង, កណ្តាល, តាកែវ, កំពត យកមកចែកចាយក្នុងរាជធានីភ្នំពេញយ៉ាងគគ្រឹកគគ្រេងក្រោមក្រសែភ្នែកមន្ត្រីរដ្ឋបាលជលផល ។ ភាគច្រើននៃត្រីទាំងនោះត្រូវបាននាំចូលដោយខុសច្បាប់ ហើយដើម្បីថែទាំសារធាតុត្រី ពួកឈ្មួញបានប្រើប្រាស់សារធាតុគីមី ធ្វើឲ្យប៉ះពាល់ដល់សុខភាពអ្នកទទួលទាន ។ យ៉ាងនេះក្តី មិនដែលឃើញមន្ត្រីជំនាញទប់ស្កាត់សកម្មភាពខុសច្បាប់ទាំងនេះទេ ។ ពួកគេទទួលបានផលប្រយោជន៍ពីឈ្មួញដឹកត្រីល្បីៗដូចជាឈ្មោះ តូម ជនជាតិវៀតណាមនេះជាដើម ។

ថ្មីៗនេះ ក្រសួងកសិកម្មបានចេញវិធានការទប់ស្កាត់ការនាំត្រីពីប្រទេសជិតខាង និងអំពាវនាវឲ្យប្រជាពលរដ្ឋចិញ្ចឹមត្រីរ៉ស់ ត្រីឆ្តោឡើងវិញដើម្បីបំពេញសេចក្តីត្រូវការរបស់ប្រជាពលរដ្ឋ ។ ប៉ុន្តែពួកសមត្ថកិច្ចជំនាញមិនបានព្យាយាមដោយយកចិត្តទុកដាក់ក្នុងការបង្ហាត់បង្រៀនណែនាំប្រជាពលរដ្ឋឲ្យចិញ្ចឹមត្រីរ៉ស់ត្រីឆ្តោនោះតែ ប៉ុន្តែបែរជាបន្តឃុបឃិតជាមួយពួកឈ្មួញក្នុងការនាំត្រីពីប្រទេសវៀតណាមដោយខុសច្បាប់ទៅវិញ ។ ការបង្រៀនឲ្យប្រជាពលរដ្ឋមានជំនាញចិញ្ចឹមត្រី នោះមានន័យថា គឺកាត់បន្ថយការនាំត្រីពីបរទេស ។ បើកាត់បន្ថយការនាំត្រីពីបរទេស គឺកាត់បន្ថយផលប្រយោជន៍ខ្លួនឯង ។

ពួកឈ្មួញល្បីៗដូចជាឈ្មោះ តូម ជាដើម កំពុងតែរីកថ្លើមក្នុងការនាំត្រីខុសច្បាប់ច្រើនប្រភេទយកមកចែកចាយលក់ ក្នុងប្រទេសកម្ពុជាជារៀងរាល់ថ្ងៃ ។ ឈ្មួញម្នាក់នេះ អាចនាំត្រីរ៉ស់ និងត្រីចាប មិនតិចជាង៥០តោនក្នុងមួយថ្ងៃ ។ ទង្វើបែបនេះ មិនត្រឹមតែបំផ្លាញសុខភាពប្រជាពលរដ្ឋប៉ុណ្ណោះទេ ប៉ុន្តែយុទ្ធសាស្ត្រយូរអង្វែងដែលខ្ទប់លទ្ធភាពនៃការចិញ្ចឹមត្រីក្នុងស្រុកមិនឲ្យដំណើរការ ។ ដូច្នេះរដ្ឋបាលជលផល គួរចាត់វិធានការចំពោះការនាំត្រីដោយខុសច្បាប់ពីប្រទេសជិតខាង ៕


ចែករំលែក៖