ប្រធានាធិបតីហ្វុីលីពីនលោក Rodrigo Duterte អាចរងការចោទប្រកាន់ពីបទ ប្រឆាំងមនុស្សជាតិដោយសារតែលោកប្រើកណ្តាប់ដៃដែកកម្ចាត់ការជួញដូរគ្រឿង ញៀនធ្វើឲ្យមនុស្សរាប់រយនាក់ស្លាប់។
សារព័ត៌មាន Inquirer បានដកស្រង់សម្តីសមាជិករដ្ឋសភាហ្វុីលីពីនលោកស្រី Leila De lima ដែលបានបញ្ជាក់កាលពី ថ្ងៃតី១៥ ខែសីហាថា ប្រធានាធិបតី Rodrigo Duterte អាចនឹងជាប់ទោសពីបទ ឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិរបស់តុលាការឧក្រិដ្ឋកម្មអន្តរជាតិ ICC ដោយសារតែចំនួនអ្នកស្លាប់នៅក្នុងការបោសសម្អាត ជួញដូរគ្រឿងញៀនច្រើនឡើងពីមួយថ្ងៃទៅមួយថ្ងៃ។ បើបុគ្គលណាមួយរងការចោទ ប្រកាន់ពីបទជួញដូរគ្រឿងញៀនហើយ ប្រាដកជាស្លាប់មិនខាន។
លោកស្រី de Lima បញ្ជាក់ថា លោកស្រីមិនមែនគំរាមកំហែងដល់ប្រធានាធិបតីនោះឡើយ ប៉ុន្តែការប្រើប្រាស់អំណាច ប្រឆាំងនឹងពលរដ្ឋស្លូតត្រង់បែបនេះអាច នឹងត្រូវធ្លាក់ចូលក្នុងទោសខាងលើ។
លោកស្រី De Lima បញ្ជាក់ទៀតថា «អ្នកឯកទេសជាច្រើនធ្លាប់បានលើកឡើងថា ប្រសិនបើការសម្លាប់មនុស្សមិនថយចុះទេនោះ ហើយមិនបានគ្រប់គ្រងល្អនោះ ចំណុចចុងក្រោយគឺតុលាការឧក្រិដ្ឋកម្ម អន្តរជាតិនឹងបញ្ជូនមនុស្សមកឃ្លាំមើលពីការសម្លាប់មនុស្សយ៉ាងច្រើនបែបនេះ»។
សកម្មភាពខាងលើបានបង្កឲ្យមានការ ព្រួយបារម្ភខ្លាចមានការចងគំនុំដោយបាញ់ សម្លាប់ ហើយគ្រាន់តែដាក់គ្រឿងញៀន មួយកញ្ចប់ប៉ុណ្ណោះមិនត្រូវជាប់ទោសអ្វីនោះឡើយ។
តាមតួលេខ «ក្នុងបញ្ជីខ្មៅ» របស់សារព័ត៌មាន Inquirer ជនសង្ស័យ៦០១នាក់ត្រូវបានសម្លាប់ចាប់តាំងពីលោក Rodrigo Duterte ចាប់ផ្តើមប្រើកណ្តាប់ដៃដែក ប្រឆាំងគ្រឿងញៀនកាលពីចុងខែមិថុនា មកទល់ពេលនេះ។ អ្នកប្រើប្រាស់គ្រឿងញៀនប្រមាណ៥ពាន់នាក់ត្រូវបានចាប់ ខ្លួននិងជាង៦សែននាក់ចេញសារភាព។
សារព័ត៌មាន GMA Network កាលពី ថ្ងៃទី១៥ ខែសីហា បានដកស្រង់សម្តីរបស់ លោកស្រី De Lima ដែលអំពាវនាវដល់ប្រធា នាធិបតី Rodrigo Duterte ចាប់អារម្មណ៍ ឲ្យបានច្រើនពីសកម្មភាពខាងលើដោយលោកត្រូវឡើងបង្ហាញនៅក្នុងគណៈកម្មា ធិការច្បាប់របស់សភាក្នុងខែនេះពាក់ព័ន្ធ នឹងការសម្លាប់មនុស្សយ៉ាងច្រើនពាក់ព័ន្ធការជួញដូរគ្រឿងញៀន។
កាលពីសប្តាហ៍កន្លងមករដ្ឋទូតអាមេរិក ប្រចាំនៅហ្វុីលីពីនបង្ហាញការបារម្ភយ៉ាងខ្លាំង ពីការសម្លាប់មនុស្សក្រៅប្រព័ន្ធច្បាប់។ អាមេរិកក៏បានស្នើដល់ហ្វុីលីពីនគោរពទៅតាមច្បាប់អន្តរជាតិស្តីពីសិទ្ធមនុស្ស បើទោះ បីជាត្រូវកម្ចាត់ក្រុមជនល្មើសក៏ដោយ។
អង្គការអន្តរជាតិបង្ហាញការព្រួយបារម្ភយ៉ាងខ្លាំងចំពោះសកម្មភាពរបស់ប្រធានាធិបតីហ្វុីលីពីនអាចពាក់ព័ន្ធទៅនឹងសិទ្ធិមនុស្ស ដោយការសម្លាប់មិនបានសើុបឲ្យច្បាស់លាស់។ អគ្គរដ្ឋទូតអាមេរិកប្រចាំនៅហ្វុីលីពីនបានឲ្យដឹងថា អាមេរិកអាចនឹងកាត់ជំនួយ យោធាដល់ប្រទេសនេះក្រោយពេលប្រធានាធិបតីមិនបានអនុវត្តទៅតាមច្បាប់ស្តី ពីសិទ្ធិមនុស្ស។
ការប្រើប្រាស់កណ្តាប់ដៃដែកកម្ចាត់ការ ជួញដូរគ្រឿងញៀនរបស់ប្រធានាធិបតី ហ្វុីលីពីនបានធ្វើឲ្យមនុស្សជាច្រើនចេញ មកសារភាព និងត្រូវចាប់ខ្លួន។ ទាំងនោះហើយបានធ្វើឲ្យមន្ទីរឃុំឃាំងនៅក្នុងប្រទេស នេះខ្វះច្រើនត្រូវសាងសង់ថ្មីបន្ថែមទៀត៕ ម៉ែវ សាធី