ភ្នំពេញ៖ អគ្គិភ័យឆាបឆេះហាងផឹកសីុមួយកន្លែងយីហោ អាល័យ នៅមុខភោជនីយដ្ឋាន លីកាដូ កាលពីម៉ោង៣រសៀល ថ្ងៃទី១៦ ខែសីហា ឆ្នាំ២០១៦ ដែលស្ថិតនៅផ្ទះលេខ១២០អី តាមបណ្តោយផ្លូវជាតិលេខ៦ ក្រុម៣ ភូមិគៀនឃ្លាំង សង្កាត់-ខណ្ឌជ្រោយចង្វា រាជធានីភ្នំពេញ ។
សមត្ថកិច្ចនគរបាលមូលដ្ឋានបានឲ្យដឹងថា ម្ចាស់បន្ទប់មានឈ្មោះ សេង សោភ័ណ្ឌ ភេទស្រី អាយុ ២៧ឆ្នាំ មុខរបរ អ្នកចម្រៀងនៅភោជនីយដ្ឋាន លីកាដូ ។
បើតាមប្រភពព័ត៌មានបានប្រាប់ឲ្យដឹងថា នៅមុនពេលកើតហេតុ គេបានឃើញម្ចាស់បន្ទប់ចាក់សោរចេញទៅធ្វើការនៅភោជនីយដ្ឋាន លីកាដូ ដូចសព្វដង ដែលមានទីតាំងនៅមុខកន្លែងកើត ។ លុះបន្តិចក្រោយមក ស្រាប់តែមានផ្សែងចេញនិងអណ្តាតភ្លើងចេញតាមបង្អួច បង្កអោយមានការភ្ញាក់ផ្អើរដល់អ្នកជិតខាង រួចក៏បានរាយការណ៍ទៅប្រាប់សមត្ថកិច្ចមូលដ្ឋានអោយជួយចុះមកអន្តរាគមន៍ ។
ក្រោយពីសមត្ថកិច្ចបានទទួលដំណឹងនេះរួចមក កម្លាំងសមត្ថកិច្ចបានចេញអន្តរាគមន៍ហៅរថយន្តពន្លត់អគ្គិភ័យចំនួន ៨រឿង ដោយក្នុងនោះ មានរថយន្តពន្លត់អគ្គិភ័យរបស់ក្រុមហ៊ុន OCIC ចំនួន ០៤គ្រឿង និងរថយន្តពន្លត់អគ្គិភ័យរបស់ស្នងការនគរបាលរាជធានីភ្នំពេញចំំនួន ០៤គ្រឿងផងដែរ ។ ដោយនៅក្នុងហេតុការណ៍អគ្គិភ័យនោះ កម្លាំងសមត្ថកិច្ចយើងបានប្រើប្រាស់រថយន្តពន្លត់អគ្គិភ័យរបស់ក្រុមហ៊ុន OCIC ចំនួន ០២គ្រឿង និងបំពង់ពន្លត់អគ្គិភ័យចំនួន ០២បំពង់ ហើយក៏ត្រូវបានរលត់ទៅវិញនៅម៉ោងជិត៤រសៀល ហើយករណីខាងលើនេះ មិនបណ្តាលអោយមានអ្នករងរបួសនោះឡើយ ។ ចំណែកឯសំភារៈត្រូវបានរងការខូចខាតមាន ទូរទស្សន៍ ទូរដាក់ខោអាវ តុ និងសំភារៈមួយចំនួន។
បើតាមការសន្និដ្ឋានជំហានដំបូងរបស់សមត្ថកិច្ចមូលដ្ឋានបានឲ្យដឹងទៀតថា មូលហេតុដែលបណ្តាលឲ្យមានអគ្គីភ័យនេះកើតឡើងដោយសារតែឆ្លងចរន្តអគ្គិសនី ៕ ជ្រោយពេជ្រ