ព័ត៌មានទាន់ហេតុការណ៍៖

ក្រោយផ្ទុះគ្រប់នៅប្រទេសថៃភ្ញៀវទេសចរអន្តរជាតិចូលតាមច្រកទ្វារប៉ោយប៉ែតកើន

ចែករំលែក៖

ខេត្តបន្ទាយមានជ័យ៖ មន្ត្រីទេសចរ ខេត្តបន្ទាយមានជ័យបាននិយាយថាចំនួនភ្ញៀវទេសចរអន្តរជាតិឆ្លងកាត់តាមច្រកទ្វារ អន្តរជាតិប៉ោយប៉ែតនៅតែមានការកើន ឡើងទោះបីមានសភាពការណ៍ផ្ទុះគ្រាប់បែក នៅក្នុងប្រទេសថៃនាពេលកន្លងមកយ៉ាងណាក៏ដោយ។

លោក ជុង ឡឹម ប្រធានមន្ទីរទេសចរណ៍ ខេត្តបន្ទាយមានជ័យបានឱ្យដឹងថា ភ្ញៀវ ទេសចរអន្តរជាតិដែលឆ្លងកាត់តាមច្រកទ្វារអន្តរជាតិប៉ោយប៉ែតចូលមកកម្ពុជាក្នុងអំឡុងខែសីហា ឆ្នាំ២០១៦នេះ ក្នុង១ថ្ងៃមានប្រមាណពី១.០០០ទៅ១.៥០០នាក់។ គិតចាប់ពីថ្ងៃទី១ដល់ថ្ងៃ១៣​ខែសីហា ឆ្នាំ២០១៦សរុបចំនួន២១.១៧៦នាក់។ លោកបានបញ្ជាក់ថា ដោយឡែកនៅខែ កក្កដាឆ្នាំ២០១៦នេះភ្ញៀវអន្តរជាតិមាន ចំនួន​៣២.៤៨៣នាក់ក្នុងនោះមានចំណាត់ថ្នាក់លេខ១ ភ្ញៀវជនជាតិថៃចំនួន៧៦៩៩នាក់បន្ទាប់មកភ្ញៀវជនជាតិអង់គ្លេសចំនួន ២.០០១នាក់ ភ្ញៀវជនជាតិបារាំងចំនួន ១.៤៧៨នាក់។ បើប្រៀបធៀបខែមិថុនា ឆ្នាំ២០១៦ គឺភ្ញៀវអន្តរជាតិមានការកើនឡើងចំនួន៤២,០៣ភាគរយ។

លោកបានបញ្ជាក់ទៀតថា ទោះជា សភាពការណ៍នយោបាយនៅប្រទេសជិត ខាងយ៉ាងណាក៏ដោយយើងឃើញមាន ភ្ញៀវអន្តរជាតិចូល​មកកម្ពុជាតាមច្រកផ្លូវគោកនៅខែសីហា ឆ្នាំ២០១៦នេះក្នុង១ ថ្ងៃមិនតិចជាង១.០០០ទៅ១.៥០០នាក់ដែលពួកគេមានទិសដៅទៅប្រាសាទអង្គរវត្តខេត្តសៀមរាបរួចបន្តទៅតាមរមណីយដ្ឋាននានាក្នុងព្រះរាជាណាចក្រកម្ពុជាយើង។

លោកវរសេនីយ៍ ស៊ឹម សំអាត មេប៉ុស្តិ៍នគរបាលច្រកទ្វារអន្តរជាតិប៉ោយប៉ែត បានប្រាប់ឱ្យដឹងដែរថា ក្នុងអំឡុងក្រោយពេលប្រទេសថៃមានវិបត្តិសន្តិសុខដោយសារការផ្ទុះគ្រាប់បែក នៅតំបន់ទេសចរណ៍ ជាច្រើនកាលពីពេលថ្មីៗក្នុងខែសីហានេះ អត្រាភ្ញៀវទេសចរអន្តរជាតិចូលមកប្រទេស កម្ពុជា តាមច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែតបានកើនឡើង។ប៉ុន្តែភ្ញៀវជនជាតិថៃម្ចាស់សាមីប្រទេសដែលតែងចូលមកទស្សនា​កម្ពុជាច្រើននាំមុខគេនោះបានថយចុះ។

ប្រធានមន្ទីរទេសចរណ៍ខេត្តបន្ទាយ មានជ័យលោក ជង់ ឡឹម បានបញ្ជាក់ថា ការកើនឡើងនៃភ្ញៀវទេសចរអន្តរជាតិ ចូលតាមច្រកប៉ោយប៉ែតនេះក៏ដោយសារ ការកែសម្រួលបានកាន់តែប្រសើរឡើងនូវសេវាទទួលភ្ញៀវតាមច្រកចេញចូលប្រព័ន្ធ គមនាគមន៍មានសន្តិសុខសុវត្ថិភាពល្អ៕ ហេង សូរិយា

border-crossing


ចែករំលែក៖