ព័ត៌មានទាន់ហេតុការណ៍៖

សុខ ពិសី ប្រកាសច្រៀងរកលុយជួយមន្ទីរពេទ្យគន្ធបុប្ផា

ចែករំលែក៖

ភ្នំពេញ៖ តារាចម្រៀងប្រចាំផលិតកម្ម សាន់ដេកញ្ញា សុខ ពិសីបានប្រកាសចេញច្រៀងដោយមិនយកកម្រៃនិងប្រមូលថវិកា ជូនដល់មន្ទីរពេទ្យគន្ធបុប្ផា។ ទោះជាយ៉ាងណាក្រៅពីតារាចម្រៀងលំដាប់ជួរមុខម្នាក់នេះក៏នៅមានតារាចម្រៀងប្រុសស្រីល្បីឈ្មោះជាច្រើនរូបទៀតនឹងបង្ហាញវត្ត​មាន​ក្នុងកម្មវិធីប្រគំតន្ត្រីមួយដែលនឹងត្រូវធ្វើឡើងក្នុងអំឡុងពាក់កណ្តាលខែកញ្ញាខាងមុខនេះ។

អ្នករៀបចំកម្មវិធីប្រគំតន្ត្រីជួយដល់មន្ទីរ​ពេទ្យគន្ធបុប្ផាបានបញ្ជាក់ថា នៅថ្ងៃទី១៧ ែខកញ្ញា ខាងមុខនៅក្នុងបរិវេណសាកល វិទ្យា​ល័យន័រតុននឹងមានការប្រគំតន្ត្រីធំ មួយ​ដោយមានការចូលរួមពីតារាសិល្បៈជាច្រើនដែលក្នុងចំណោមនោះក៏មានវត្ត មាន សុខ ពិសី ផងដែរ។ប្រភពបន្តថាការប្រកាសច្រៀងមិនយកលុយរបស់នាងត្រូវបានធ្វើឡើងក្រោយពីនាងយល់ថានេះគឺជាកម្មវិធីសប្បុរសធម៌ដែលនាងអាចនឹងច្រៀងយ៉ាងតិច៤បទដែលជាបទមាន ប្រជា​ប្រិយភាពរបស់នាងក្នុងពេលបច្ចុ​ប្បន្ន។ កម្មវិធីនេះក៏នឹងត្រូវធ្វើឡើងអមជាមួយការតាំងពិព័រណ៍របស់និស្សិតនៅ សាលាពេទ្យតាំងពីព្រលឹមថ្ងៃទី១៧ ខែ សីហា ហើយចាប់ពីម៉ោង៣រសៀលរហូតដល់ម៉ោង៨យប់គឺជាការប្រគំតន្ត្រីរៃអង្គាស ប្រាក់ជួយដល់មន្ទីរពេទ្យគន្ធបុប្ផា។

អ្នកផលិតកម្មវិធីរូបនេះបញ្ជាក់ដែរថាក្រៅពី សុខ ពិសី ក៏មានតារាសិល្បៈមួយ ចំនួនទៀតចូលរួមច្រៀង រួមមានកញ្ញា ទេព បូព្រឹក្ស, កញ្ញាអេដា, លោក ឃុន វត្ថា,​ លោករ៉ូលីន, លោក ស៊ន វិជ្ជបុត្រ និងតារាសម្ដែងល្បីឈ្មោះជាច្រើនដូចជាចន ច័ន្ទ លក្ខិណា ថន លក្ខិណា និង ទឹម រដ្ឋា ជាដើម។

យ៉ាងណាក៏ដោយប្រភពពីអ្នករៀបចំ ដដែលបានបង្ហាញភាពភ្ញាក់ផ្អើលដោយសារតែ សុខ ពិសី បានទទួលច្រៀងនៅ ក្នុង​ព្រឹត្តិការណ៍នេះក្នុងពេលដែលនាង​កន្លង​មកគឺកម្រទទួលច្រៀងមិនយកកម្រៃបែបនេះ។

តារាចម្រៀង សុខ ពិសី បញ្ជាក់ដោយ ខ្លីថាមិនមែនកន្លងមកនាងមិនទទួលច្រៀង នូវកម្មវិធីសប្បុរសធម៌នោះទេ ប៉ុន្តែមកពី កម្មវិធីទំនាក់ទំនងកន្លងមកចំពេលនាង រវល់ប៉ុណ្ណោះ។ នាងថា ក្រោយការទទួលច្រៀងជួយសាលាន័រតុនក្នុងការស្វែងរក ថវិកាជួយដល់មន្ទីរពេទ្យគន្ធបុប្ផានេះគឺនាង នឹងបានបន្តជួយដល់សង្គមបន្តទៀតឲ្យ តែការរៀបចំ ចំពេលនាងអាចឆ្លៀតបាន។ នាងរំពឹងថាកម្មវិធីនេះនឹងទទួលបានការគាំទ្រច្រើនពីសប្បុរសជននិងអ្នកគាំទ្រ របស់នាងផងដែរ៕ វឌ្ឍនា

IMG_5988

IMG_5977

IMG_5974

IMG_6035


ចែករំលែក៖