ខេត្តបន្ទាយមានជ័យ៖ យុវជនម្នាក់ត្រូវបានជីតាប្រទះឃើញស្លាប់ ដោយយកខ្សែក្រវ៉ាត់ចងកសម្លាប់ខ្លួន នៅក្នុងបន្ទប់ដេករបស់ខ្លួន ខណៈដែលយុវជនរូបនោះរស់នៅជាមួយជីដូនជីតា ចំណែកឳពុកម្តាយបង្កើត លែងលះគ្នាទៅយកប្តីនិងប្រពន្ធរៀងៗខ្លួន ។
ហេតុការណ៍កើតឡើងនៅវេលាម៉ោង9និង00នាទីយប់ ថ្ងៃទី16 ខែសីហា ឆ្នាំ2016 ស្ថិតក្នុងភូមិក្រមល់ ឃុំរហាត់ទឹក ស្រុកមង្គលបូរីខេត្តបន្ទាយមានជ័យ ។ យុវជននោះមានឈ្មោះ អ៊ី ស៊ីងហាន់សៀង ភេទប្រុស អាយុ17ឆ្នាំ រស់នៅ ភូមិ-ឃុំកើតហេតុខាងលើ ។
បើតាមប្រភពព័ត៌មានពីនគរបាលប៉ុស្ថិ៍ឃុំបត់ត្រង់ប្រាប់ឱ្យដឹងថា មុនពេលកើតហេតុគេឃើញយុវជនរូបនោះបានហូបបាយជួបជុំនិងជីដូនជីតាជាធម្មតា គ្មានរឿងអ្វីនោះទេ ។ លុះបន្ទាប់ពីហូបបាយរួចយុវជនដើរចេញពីផ្ទះបាត់ជីដូនជីតា ។ មួយសន្ទុះធំជីតាក៏ដើររកចៅនឹកស្មានដើរលេងទៅទីណា មិនឮនិយាយមាត់កអ្វីទាល់សោះ។ ជីតាក៏ដើរស្រែកហៅចៅរក នៅផ្ទះរបស់យុវជនរូបនោះនៅក្បែរផ្ទះជីតានោះដែរ ។ ផ្ទះនោះត្រូវបានគេរស់នៅតែម្នាក់ឯងដោយសារឪពុកម្តាយបង្កើតលែងលះគ្នាទៅមានប្តីប្រពន្ធរៀងៗខ្លួន ។ ជីតាហៅចៅមិនឮនិយាយឆ្លើយតបក៏ដើរចូលផ្ទះ យុវជន ហើយដើរចូលបន្ទប់ដេកបើកវាំងនន ស្រាប់ឃើញយុវជននោះចងកសម្លាប់ខ្លួនពីពេលណានោះទេ ។ ក្រោយពីឃើញបែបនោះ ជីតា ក៏ស្រែកឆោឡោ បង្កឱ្យមានគារភ្ញាក់សាច់ញាតិនិងអ្នកភូមិនាំគ្នារត់ឈូឆរ មកមើល ហើយនាំគ្នាស្រាយចំណងចេញ ឃើញយុវចណនោះស្លាប់បាត់ទៅហើយ ។ បន្ទាប់មកមត្ថកិច្ចមូលដ្ឋានចុះទៅត្រួតពិនិត្យនិងធ្វើកំណត់ហេតុ រកឃើញថាយុវជនស្លាប់មិនជាប់ពាក់ព័ន្ធនិងរឿងឃាតកម្មអ្វីនោះឡើយ ពិតជាចងកសម្លាប់ខ្លួន ។
ពាក់ព័ន្ធ នឹងការស្លាប់របស់យុវជននេះដែរ ត្រូវបានអ្នកជិតខាងនាំគ្នានិយាយថា កាលនៅរស់យុវជនខាងលើតែងតែដើរនិយាយប្រាប់អ្នកជិតខាងថា គឺគេតូចចិត្ត គ្មានឪពុកម្តាយរស់នៅជាមួយគ្មានភាពកក់ក្តៅទាល់តែសោះ អ្នកខ្លះទៀត ក៏នាំគ្នានិយាយថា យុវជន កើតជម្ងឺឈាមសស៊ីឈាមក្រហម ៕ សំ វិច្ឆិកា