ព័ត៌មានទាន់ហេតុការណ៍៖

សម្តេចធិបតី ៖ ផ្អែកតាមកត្តាប្រវត្តិសាស្ត្រ តើអ្នកណាជាអ្នកផ្តើមសង្រ្គាមនិងជាអ្នកកសាងការពារសន្តិភាព?

ចែករំលែក៖

ភ្នំពេញ ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា បានថ្លែងថា ៖ កងទ័ពមានតួនាទីសំខាន់ណាស់ក្នុងការចូលរួមថែរក្សាសុខសន្តិភាពរបស់ប្រទេស ប៉ុន្តែយោងតាមប្រវត្តិសាស្រ្តកងទ័ពក៏ជាតួអង្គសំខាន់នៅក្នុងការផ្តើមសង្រ្គាមផងដែរ។

នៅក្នុងពិធីអបអរសាទរខួបអនុស្សាវរីយ៍លើកទី៣០ ថ្ងៃបង្កើតកងពលតូចលេខ៧០ កងទ័ពជើងគោក (១៥ តុលា ១៩៩៤-១៥ តុលា ២០២៤) នៅព្រឹកថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២៤ សម្តេចធិបតី ហ៊ុន ម៉ាណែត បានគូសបញ្ជាក់ថា ៖ បើសិនគ្មានកងទ័ពធ្វើរដ្ឋប្រហារនៅក្នុងឆ្នាំ១៩៧០ ទេ ក៏ប្រទេសកម្ពុជាយើង មិនបានធ្លាក់ចូលទៅក្នុងភ្លើងសង្រ្គាមនោះដែរ។

សម្តេចធិបតី ហ៊ុន ម៉ាណែត ក៏បានគូសបញ្ជាក់ថា បើសិនជាគ្មានកងទ័ពរបស់យើងចូលរួមនៅក្នុងនយោបាយឈ្នះ-ឈ្នះ ជាប្រតិបត្តិករនៅក្នុងនយោបាយឈ្នះ-ឈ្នះនៅក្នុងឆ្នាំ១៩៩៨ ដើម្បីបញ្ចប់សង្រ្គាមទេ នោះសង្រ្គាម ក៏មិនអាចបញ្ចប់បានដែរ ព្រោះថាយើងមិនអាចប្រាកដចិត្តថា មេដឹកនាំនយោបាយនឹងឯកភាពគ្នា ហើយកងទ័ពនឹងឯកភាពគ្នានោះទេ។

សម្តេចធិបតី ហ៊ុន ម៉ាណែត ក៏បានបញ្ជាក់បន្ថែមថា ការបង្កើតសង្រ្គាម ក៏មានកងទ័ពចូលរួមជាកត្តាគន្លឹះ ហើយការបញ្ចប់សង្រ្គាមក៏មានកងទ័ពចូលរួមជាកត្តាគន្លឹះ ឯការចូលរួមថែរក្សាសន្តិភាព ក៏ជាតួនាទីរបស់កងទ័ពផងដែរ។ បើសិនជាកងទ័ពគ្រប់ភាគីដែលបានរួមគ្នានៅក្នុងឆ្នាំ១៩៩៨ ពុំមានការទុកចិត្តគ្នាទេ នោះក៏កម្ពុជាយើងមិនអាចទទួលបានសុខសន្តិភាពពេញលេញដូចសព្វថ្ងៃនេះបានដែរ។

សម្ដេចធិបតី ហ៊ុន ម៉ាណែត ថ្លែងថា ៖ សន្ដិភាព មានតម្លៃដូចគ្នា សម្រាប់មនុស្សគ្រប់វ័យ និងគ្រប់ជំនាន់ ពីព្រោះបើសិនជាយើងបាត់សន្ដិភាពនោះប្រទេសជាតិ នឹងមានគ្រោះថ្នាក់ធំ។

សម្តេចធិបតី បន្តថា ៖ គុណតម្លៃនៃសន្តិភាព គឺជាកត្តាដែលមិនអាចខ្វះបាន នៃការរីកចម្រើនរបស់ប្រជាជាតិនីមួយៗ»។

សម្ដេចធិបតី ហ៊ុន ម៉ាណែត ក៏បានផ្ដាំទៅដល់ឪពុកម្ដាយនិស្សិត ដែលកំពុងបន្តការសិក្សានៅប្រទេសអ៊ីស្រាអែល ទាំង២២០នាក់ សូមកុំមានការព្រួយបារម្ភ ខណៈបច្ចុប្បន្នពួកគេកំពុងឋិតនៅតំបន់សុវត្ថិភាព ហើយរាជរដ្ឋាភិបាលបានយកចិត្តទុកដាក់ជាប្រចាំចំពោះនិស្សិតខ្មែរនៅទីនោះជាប់ជាប្រចាំ ៕

ដោយ ៖ សិលា


ចែករំលែក៖