ភ្នំពេញ៖ បុរសម្នាក់បានរងរបួសធ្ងន់ ត្រូវបានបញ្ជូនទៅមន្ទីរពេទ្យភ្លាមៗ បន្ទាប់ពីជិះម៉ូតូម៉ាកឌ្រឹម សង់មួយគ្រឿង ហើយត្រូវបានរថយន្តកុងតឺន័រ បើកបុកពេញទំហឹងកាលពីវេលាម៉ោង២និង១០នាទីរសៀល ថ្ងៃទី១៨ ខែសីហាឆ្នាំ២០១៦ នៅចំណុចផ្សារទួលពង្រ ភូមិទួលពង្រ សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ ។
តាមសាក្សីនៅកន្លែងកើតហេតុបានឲ្យដឹងថា នៅមុនពេលកើតហេតុ គេបានឃើញបុរសម្នាក់ជិះម៉ូតូម៉ាក ឌ្រឹម សង់ ស៊េរីឆ្នាំ២០១៦ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ ១ FT-៨៤៦៤ ធ្វើដំណើរតាមបណ្តោយផ្លូវបេតុង ក្នងទិសដៅពីត្បូងទៅជើង ខណៈមកដល់ចំណុចកើតហេតុ ស្រាប់តែមានរថយន្តកុងតឺន័រមួយគ្រឿង ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ ២ C-០៨៣៥ ធ្វើដំណើរបញ្ច្រាសទិសគ្នា ហើយបានបុកចំពីមុខពេញទំហឹងបណ្តាលឲ្យរងរបួសធ្ងន់ ។
សាក្សីដដែលបានបន្តថា បន្ទាប់ពីរថយន្តបង្កគ្រោះថ្នាក់ចរាចរណ៍រួច ម្ចាស់បានចុះពីលើរថយន្តគេចខ្លួនបាត់ស្រមោល បន្សល់ទុករថយន្តនៅកន្លែងកើតហេតុ ។ ដោយឡែក ជនរងគ្រោះ ត្រូវបានអ្នកជិតខាងដឹកយកទៅមន្ទីរពេទ្យដែលនៅជិតកន្លែងកើតហេតុ ។
ក្រោយហេតុការណ៍ខាងលើនេះកើតឡើង មានបុរសម្នាក់បានចេញមុខដោះស្រាយ និងចេញថ្លៃព្យាលបាលជំងឺជូនជនរងគ្រោះដើម្បីបញ្ចប់រឿងនៅកន្លែងកើតហេតុ ៕ សុខាសែនជ័យ