ព័ត៌មានទាន់ហេតុការណ៍៖

តោះស្វែងយល់ អំពី សារៈប្រយោជន៍នៃដំណេក!

ចែករំលែក៖

ភ្នំពេញ ៖ ដំណេកដ៏ស្កប់ស្កល់មួយគឺមានសារៈប្រយោជន៍ខ្លាំងណាស់សំរាប់មនុស្សម្នាក់ ដូចជាជួយពង្រឹងការចងចាំ ជួយសម្រួលអារម្មណ៍ បង្កើតគំនិតច្នៃប្រឌិត ជួយអោយកោសិកាជួសជុលខ្លួនឡើងវិញ ជម្រុញប្រព័ន្ធការពារខ្លួន សម្រួលប្រព័ន្ធមេតាបូលិក និងអាចកាត់បន្ថយជំងឺវង្វេងចាស់ ( Alzheimer’s disease)។ ប្រសិទ្ធភាពដំណេកគឺទាក់ទងយ៉ាងជិតស្និទ្ធជាមួយសកម្មភាពរបស់កោសិកាខួរក្បាល ដែលយើងអាចមើលឃើញតាមការវាស់រលកចរន្តអគ្គិសនីកោសិកា។

អគ្គបញ្ជាការដ្ធាននៃដំណេកគឺនៅក្នុងអ៊ីប៉ូតាលាម៉ុស(Hypothalamus)។ ចលនការនៃដំណេកគឺស្មុគស្មាញ និងមានការចូលរួមពីតំបន់ផ្សេងៗទៀតរបស់ខួរក្បាល និង ពពួកណឺរ៉ូត្រង់ម៉ែ្សទ័រ និង អរម៉ូនមួយចំនួន។ ដំណេកត្រូវបានកំណត់ដោយកត្តាធំៗពីរគឺ វដ្តទិនទិវា (circadian rhythm)ដែលចាត់ជានាឡិកានៃដំណេក និងលំនឹងដំណេកនិងពេលភ្ញាក់ (sleep-wake homeostasis )។ ប្រព័ន្ធទាំងនេះគឺទាក់ទងនឹងពន្លឺថ្ងៃដែលចូលតាមស្រទាប់រ៉េទីនរបស់ភ្នែកដើម្បីបញ្ឈប់ប្ញជំរូញការបញ្ចេញជាតិមេឡាតូនីន ការប្រែប្រួលសីតុណ្ហភាពរាងកាយ និងកំរិតអរម៉ូន គ័រទីសុលក្នុងឈាម។

ការប៉ះពាល់ចំនុចណាមួយនៅក្នុងប្រព័ន្ធនេះ គឺអាចរំខានដំណេកដ៏ស្កប់ស្កល់របស់យើងបាន។ តាមការសិក្សាមួយចំនួនគឺបានបង្ហាញថាមានមនុស្សពេញវ័យប្រហែល 20 ទៅ 28 % ដែលមានបញ្ហាពិបាកសំរាន្តនៅពេលណាមួយ។

សូមកុំរំពឹងលើថ្នាំសំរាន្តដែលការប្រើប្រាស់យូរអាចរំខានដល់លំនឹងប្រព័ន្ធធម្មជាតិរបស់យើងប្ញអាចទៅជាញៀន។ គួរជ្រើសរើសការព្យាបាលដោយវិធីផ្លាស់ប្តូរ ទម្លាប់ និងកត្តាដែលរំខានការសំរាន្តវិញ (Cognitive Behavioral Therapy)៖

ក ) កំណត់កត្តារំញោច៖

   – ចូលទៅលើគ្រែ តែពេលងងុយ កុំទម្រេតខ្លួនលេងលើគ្រែយូរ 

   – កុំមើលទូរទស្សន៍ ឬ ប្រើគ្រឿងអេឡិចត្រូនិចលើគ្រែ

   – បើក្រោយ ២០ ទៅ ៣០នាទី ហើយនៅតែមិនអាចគេងលក់ អ្នកអាចងើបទៅបន្ទប់ផ្សេង ធ្វើអ្វីមួយដោយស្ងប់ស្ងាត់ រហូតដល់ងងុយទើបត្រលប់ទៅចូលគ្រែសំរាន្តវិញ

   – ភ្ញាក់ពីដំណេកនៅម៉ោងដដែលជារៀងរាល់ថ្ងៃ ទោះថេរវេលានៃការសំរាន្តលក់ប៉ុណ្ណាក៍ដោយ

   – មានការរៀបចំបរិយាកាសមុនសំរាន្ត ដើម្បីអោយអារម្មណ៍ធូរស្រាល  ដូចជាអានសៀវភៅ ឬ ងូតទឹកក្តៅឧណ្ហ៍ៗ

ខ) បន្ថយចំនួនម៉ោងសំរាន្ត ដើម្បីបង្កើនគុណភាពនៃការសំរាន្ត (Sleep restriction therapy)៖

   – បន្ថយចំនួនម៉ោងចំនាយលើគ្រែ ដើម្បីផ្សារភ្ជាប់ នឹងចំនួនម៉ោង/សំរាន្តលក់  វិធីនេះគឺបង្កើនទម្លាប់សំរាន្ត និង ជួយ

ពង្រឹងការសំរាន្តលក់

   – បង្កើនថេរវេលាលើគ្រែ តាមប្រសិទ្ធភាពនៃដំណេក (ប្រសិទ្ធភាពដំណេក = ម៉ោងសំរាន្ត/ ម៉ោងស្ថិតនៅលើគ្រែ)

   – រៀបចំរចនាសម្ព័ន្ធនៃការគិត

     • រកមើលគំនិត អវិជ្ជមាន អំពីការសំរាន្ត ឧទាហរណ៍: “ខ្ញុំ នឹង មិនអាចសំរាន្តលក់យប់នេះ” ឬ “ខ្ញុំត្រូវការ យ៉ាងហោចណាស់៨ម៉ោងនៃដំណេកដើម្បីធ្វើការបាន”

     • ជំនួសដោយការគិត និងជំនឿជាក់ស្តែង “ទោះបីខ្ញុំមិនអាចសំរាន្តលក់យប់នេះ ខ្ញុំនៅតែអាចធ្វើការបាននៅថ្ងៃស្អែក”

   – របៀបសមាធិ

     • ដកដង្ហើមចូលជ្រៅៗ ហាត់ដកដង្ហើមចូលជ្រៅៗ ដើម្បីបន្ថយសំពាធសាច់ដុំ

     • ប្រឹង រួចពន្លាសាច់ដុំរាងកាយ ដើម្បីបន្ថយសំពាធដងខ្លួន

     • សមាធិ ផ្ចង់អារម្មណ៍លើដង្ហើម ឬ រូបភាពស្រទន់ណាមួយ ដើម្បីឲ្យអារម្មណ៍ស្ងប់ស្ងាត់

   – គោលបំណងផ្ទុយ ពីការបង្ខំខ្លួនយើងឲ្យសំរាន្ត ព្យាយាមនៅភ្ញាក់ វិធីនេះជួយបន្ថយការថប់អារម្មណ៍ អំពីការសំរាន្តលក់ និងជួយអោយមានការសំរាន្តលក់បែបធម្មជាតិវិញ

   – កំណត់ហេតុនៃការសំរាន្ត

     • កត់ត្រាម៉ោងពេលសំរាន្ត ពេលភ្ញាក់ ចំនួនភ្ញាក់ពេលយប់ និង គុណភាពនៃការសំរាន្តលក់

     • អាចជួយឲ្យគ្រូពេទ្យមើលពីទំនោរនៃការសំរាន្តរបស់យើងនិងណែនាំបន្ត

គ) កត្តាដែលនាំឲ្យជោគជ័យ៖

   – ត្រូវព្យាយាម អាចត្រូវការពេលវេលា ច្រើនអាទិត្យដែរដើម្បីមើលឃើញពីការធូរស្រាល

   – និយាយពិភាក្សាជាមួយគ្រូពេទ្យពីការលំបាកផ្សេងៗដែលរំខានដំណេក

*** ការព្យាបាលដោយផ្លាស់ប្តូរទម្លាប់ គំនិតនេះ គឺជាការព្យាបាលដែលបានបង្ហាញពីប្រសិទ្ធភាពយូរអង្វែង ដើម្បីកែប្រែការពិបាកសំរាន្តដោយជៀសវាងការប្រើប្រាស់ថ្នាំ។

សូមលោកអ្នកអញ្ជើញមកពិគ្រោះជាមួយវេជ្ជបណ្ឌិតឯកទេស នៃមន្ទីរពេទ្យកាល់ម៉ែត ដើម្បីទទួលបាននូវការធ្វើរោគវិនិច្ឆ័យច្បាស់លាស់ ការការពារ និងព្យាបាលដ៏មានប្រសិទ្ធភាព។ នេះជាការបញ្ជាក់ពីខាង #មន្ទីរពេទ្យកាល់ម៉ែត #calmettehospital ៕

ដោយ ៖ សិលា


ចែករំលែក៖