ភ្នំពេញ៖ បុរសម្នាក់បានរងរបួសធ្ងន់សន្លប់ស្តូកស្តឹង ខណៈជួបនឹងគ្រោះថ្នាក់ចរាចរបង្កដោយរថយន្ត១គ្រឿង មិនចាំម៉ាកបើកបញ្ច្រាសទិសដៅ ហើយធ្វើឲ្យជនរងគ្រោះចាប់ហ្វ្រាំងទាំងបង្ខំ បណ្តាលឲ្យដួលបោកក្បាលរងរបួសធ្ងន់តែម្តង សង្ស័យអ្នកបើកបរស្រវឹង ។
គ្រោះថ្នាក់នេះបានកើតឡើងកាលពីវេលាម៉ោង០០និ២០នាទីរំលងអធ្រាត្រឈានចូលថ្ងៃទី១៩ ខែសីហា ឆ្នាំ ២០១៦ នៅចំណុចមុខឃ្លាំងសំឡីអនាម័យ មីមី ស្ថិតតាមបណ្ដោយផ្លួវភ្នំពេញហាណូយ សង្កាត់ឃ្មួញ ខណ្ឌសែនសុខ រាជធានីភ្នំពេញ។
តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានអោយដឹងថា មុនពេលកើតហេតុ គេឃើញជនរងគ្រោះបានជិះម៉ូតូមួយគ្រឿងម៉ាហុងដា ឌ្រីម C125 ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1AX 2322 បើកក្នុងទិសដៅពីជើងទៅត្បូងក្នុងល្បឿនលឿនលុះមកដល់ចំណុចកើត ហេតុស្រាប់តែមានរថយន្តមួយគ្រឿងទៀត មិនស្គាល់ម៉ាកបានបើកបញ្ច្រាសទិសទើបធ្វើអោយម៉ូតូរងគ្រោះខាងលើព្យាយាមគេចរហូតចាប់ហ្វ្រាំងដួលបោកក្បាលទៅនឹងថ្នល់បណ្ដាលឲ្យបែកមួកការពារ បែកក្បាលរងរបួសធ្ងន់ ។
ចំណែកឯរថយន្តបង្កបានបើករត់គេចខ្លួនបាត់ស្រមោល បន្សល់ទុកតែជនរងគ្រោះនៅដេកលើផ្លូវតែម្នាក់ឯង ក្រោយមកបានកម្លាំងសាលាខណ្ឌសែនសុខបានប្រទះឃើញហើយជួយទាក់ទងទៅកាន់រថយន្តសង្គ្រោះបន្ទាន់របស់គ្លនិកឯកជនដើម្បីដឹកជនរងគ្រោះទៅកាន់មន្ទីរពេទ្យកាលម៉ែតទទួលការសង្គ្រោះ ចំណែកឯម៉ូតូវិញ ត្រូវបានសាច់ញាតិជនរងគ្រោះបានមកទទួលយកទៅផ្ទះវិញ ៕ តុង សីហា
សូមចុចអានបន្តទៀត ៖ ឃាត់ខ្លួនយុវជនម្នាក់តាមបណ្តឹងរបស់អាណាព្យាបាលក្មេងស្រីរងគ្រោះ