ព័ត៌មានទាន់ហេតុការណ៍៖

យុទ្ធនាការផ្សព្វផ្សាយរូបថតតារាកម្ពុជាល្បីៗក្នុងភាពយន្តភាគថ្មី

ចែករំលែក៖

ភ្នំពេញ៖ រូបថតតារាសម្តែងប្រុសស្រីល្បីឈ្មោះនៅកម្ពុជាជាច្រើនរូបនឹងត្រូវបានបិទផ្សព្វផ្សាយជាសាធារណៈតាមរយៈ​មធ្យោបាយយានយន្តចល័ត។ ការប្រកាសផ្សព្វផ្សាយជូនដល់អ្នកធ្វើដំណើរក្នុងរាជធានីភ្នំពេញ នេះគឺជាយុទ្ធនាការបើកការ ផ្ស​ព្វផ្សាយរឿងភាគថ្មីរបស់ទូរទស្សន៍ PNN ។

កំពូលតារាល្បីៗដែលរួមមាន កញ្ញា ម៉ាក សែនសូនីតា ហៅតូតា, លោក អេវីន,​លោក ហេង នរៈកក្កដា, លោក សន កាយ៉ាឌី, កញ្ញា ឡាយ សម្ផស្ស, កញ្ញា ចេស៊ីកា, លោក អិុន សុទ្ធា, កញ្ញា មឿន ផាណែត, កញ្ញា គៀត សុវណ្ណាឡាង, លោក ទេព រិនដារ៉ូ, អ្នកស្រី ប៉ែន សុផានី និងតារាសម្តែងល្បីៗជាច្រើនរូបទៀត​ត្រូវបានបិទបង្ហាញលើរថយន្តដើម្បីផ្សព្វផ្សាយពីខ្សែភាពយន្តភាគខ្មែរថ្មីរបស់ទូរទស្សន៍ PNN។ ក្នុងនោះមានដូចជារឿងម្ទេសហឹរ ប៉ះអំបិលប្រៃ រឿង”សង្គ្រាមបេះដូង” និង រឿង”ភក្តីស្នេហ៍ទ្វេភព”ជាដើម។ រថយន្ត ផ្សព្វផ្សាយខ្សែភាពយន្តនេះ​នឹងធ្វើដំណើរជុំវិញរាជធានីភ្នំពេញ ដែលជាផ្នែកមួយនៃយុទ្ធនាការទីផ្សារ ហើយក្នុងនោះក៏មានការផ្សព្វផ្សាយនៅលើទំព័រកាសែតសារព័ត៌ មានអនឡាញបណ្តាញសង្គម​ ផ្ទាំងLED និងផ្ទាំងប៉ាណូផងដែរ។

កញ្ញា ទូច បុប្ផា ប្រធានគ្រប់គ្រងផ្នែក កម្មវិធីផ្សាយរបស់ស្ថានីយទូរទស្សន៍ភីអិនអិនបានថ្លែងថា «ក្រៅពីការវិនិយោគនូវ ចំនួ​នទឹកប្រាក់សន្ធឹកសន្ធាប់ដើម្បីពង្រឹង នូវ​គុណភាពផលិតភាពយន្តភាគខ្មែរឲ្យ បានល្អហើយ ភីអិនអិនក៏បានចំណាយថវិកាក្នុងការផ្សព្វផ្សាយភាពយន្តខ្មែរឲ្យទូលំ​ទូលាយដើម្បីសាធារណជនបានដឹង និង ឲ្យពួកគាត់បង្វែរចំណាប់អារម្មណ៍ចូលរួមទស្សនា និងគាំទ្រភាពយន្តខ្មែរ»។

កញ្ញា បានបន្ថែមទៀតថា «ថ្វីត្បិតតែ បច្ចុប្បន្នយើងនៅមានកត្តាខ្វះខាតមួយចំនួនសម្រាប់ការផលិតតែបើយើងនាំគ្នាចូលរួមគាំទ្រនិង ផ្តល់នូវមតិយោបល់ស្ថាបនា នោះភាពយន្តខ្មែរនឹងមានការរីកចម្រើនលឿនជាជាង​ផ្តល់នូវទស្សនៈអវិជ្ជមាន»។ ខ្សែភាពយន្តភាគខ្មែរពីររឿងដំបូងគឺរឿង«ម្ទេសហឹរ ប៉ះអំបិលប្រៃ» និងរឿង «សង្គ្រាម បេះដូង» នឹងចាប់ផ្តើមចាក់ផ្សាយចាប់ពីថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០១៦ ខាងមុខនេះហើយ នៅរៀងរាល់ថ្ងៃច័ន្ទដល់សៅរ៍ចាប់ពីវេលាម៉ោង៨យប់តទៅ។ រឿង«ម្ទេសហឹរប៉ះ អំបិល​ប្រៃ»ជារឿងភាគមនោសញ្ចេនាស្នេហារវាងប្តីប្រពន្ធវ័យក្មេងមួយគូរស់នៅជាមួយនឹង ម្តាយក្មេកដែលពិបាកយល់ចិត្តស្គាល់តែកំហុសរបស់កូនប្រសាស្រី។ រឿងនេះ មានគំនិតអប់រំទៅដល់ម្តាយក្មេក និងកូនប្រសាសម័យថ្មីទាំងអស់ឲ្យចេះមានការយោគយល់អធ្យាស្រ័យគ្នាទើបរស់នៅជាមួយគ្នាប្រកបដោយសេចក្តីសុខ។

ខ្សែរឿងមួយនេះធានាថាទូរទស្សនិក ជនប្រាកដជាទទួលបាននូវសំណើចសើចក្អកក្អាយ ដោយសារសំបូរទៅដោយឈុតឆាកកំប្លែងច្រើន ជាមួយនឹងការសម្តែងដ៏ ប៉ិនប្រសប់របស់សិល្បករល្បីៗដែលមានបទពិសោធន៍ក្នុងការសម្តែងជាយូរឆ្នាំមកហើយ។ ក្នុងនោះរួមមានកញ្ញា តូតា លោក អេវីន ជាតួឯក ហើយអ្នកនាង គ្រត ជាតួអង្គ ម្តាយក្មេក បូករួមនឹងសិល្បករល្បីៗជាច្រើនរូបទៀត។

រីឯរឿងដែលឆ្លុះបញ្ចាំងពីតថភាពពិតក្នុងសង្គមខ្មែរព្រមទាំងរឿងរ៉ាវអាថ៌កំបាំងច្រើនដែលធ្វើឲ្យទូរទស្សនិកជនត្រូវតាមដានដោយយកចិត្តទុកដាក់នោះ គឺជាស្នាដៃ ផលិតរបស់ផលិតកម្មល្បីក្នុងស្រុក និង មានការ​ទទួលស្គាល់ពីសំណាក់ទូរទស្ស និកជនខ្មែរជាយូរមកហើយនោះ​គឺផលិតកម្ម ខ្មែរមេគង្គ (KMF)។តួសម្តែងនៅក្នុងរឿងភាគថ្មីសន្លាងនេះរួមមានលោក ហេង នរៈ កក្កដា, លោក សន កាយ៉ាឌី, កញ្ញា ឃីង សុរិយា, កញ្ញា ឡាយ សម្ផស្ស, លោក សាវិន ហ្វីលីប រួមទាំងតារាល្បីៗរបស់ផលិតកម្មខ្មែរមេគង្គជាច្រើនរូបទៀត។

រឿង «សង្គ្រាមបេះដូង» ជារឿងរ៉ាវស្នេហាតួឯកស្រីប្រឆាំងនឹងបេះដូងរបស់ខ្លួនទៅរៀបការជាមួយនឹងមនុស្សដែលខ្លួនមិនស្រឡាញ់ជាថ្នូរនឹងប្រាក់ជូនម្តាយដែលញៀននឹងល្បែង និងការបានបន្តនៅជិតមនុស្សដែល នាងស្រឡាញ់។ ភាពតានតឹងកាន់តែខ្លាំងខណៈដែលការពិតអ្វីៗសុទ្ធតែជាការរៀបចំទុកជាមុនដោយមិនឲ្យនាងដឹងពីសំណាក់ បុរសជាទីស្រឡាញ់របស់នាង។ ស្ថានីយទូរទស្សន៍ភីអិនអិនបានបេ្តជ្ញាចិត្តក្នុងការ ផលិតខ្សែភាពយន្តភាគក្នុងស្រុកឲ្យបានច្រើនជាងមួយរយម៉ោងក្នុងឆ្នាំ២០១៦នេះ ដើម្បីចាក់ផ្សាយជូនទូរទស្សនិកជន ហើយ គិតជាមធ្យមភីអិនអិនត្រូវចំណាយប្រមាណ ៨០០០ដុល្លារក្នុងរយៈពេលមួយម៉ោងនៃខ្សែភាពយន្តភាគ៕ វឌ្ឍនា

aes (4)

aes (6)


ចែករំលែក៖