ព័ត៌មានទាន់ហេតុការណ៍៖

មន្រ្តីជលផលចុះប្រមូលឧបករណ៍នេសាទដុតកម្ទេចចោល

ចែករំលែក៖

ខេត្តកំពង់ស្ពឺ ៖ មន្ត្រីជលផលខេត្តកំពង់ស្ពឺបានចុះប្រមូលឧបករណ៍នេសាទ មួយចំនួនដែលកំពុងដាក់រាយចាប់ត្រីដោយខុសច្បាប់នៅរដូវហាមនេសាទយកទៅដុតកម្ទេចចោលកាលពីព្រឹកថ្ងៃទី១៩ ខែសីហា ឆ្នាំ២០១៦ នៅចំណុចភូមិចំបក់ ឃុំវល្លិ.ស ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ។

មន្ត្រីជលផលខេត្តកំពង់ស្ពឺបានឲ្យដឹងថា នៅក្នុងករណីចុះបង្ក្រាបឧបករណ៍នេសាទដ៏អនាធិបតេយ្យនេះមិនបានឃាត់ខ្លួនក្រុមនេសាទទាំងអស់នេាះទេ ប៉ុន្តែបានប្រមូលយកលូស្បៃមុងនិងស្បៃមុង ព្រមទាំងបង្គោលឈើមួយចំនួនធំ ។ មន្ត្រី ដដែលបញ្ជាក់ថា នៅក្នុងការចុះបង្ក្រាបនេះយើងបានរឹបអូសលូស្បៃមុងចំនួន៩លូ ស្មើនឹង១០៨ម៉ែត្រ ស្បៃមុងចំនួន១៨ខ្សែ ស្មើនឹង២៨៥ម៉ែត្រ ក្នុងនោះមានបង្គោល ឈើចំនួន១៨០ដើម។

មន្ត្រីដដែលបានបន្ថែមថា ការចុះបង្ក្រាប រឹបអូសបានឧបករណ៍នេសាទក្នុងរដូវបិទនេសាទនេះមន្ត្រីជលផលខេត្តកំពង់ស្ពឺ បានធ្វើឡើងបន្ទាប់ពីប្រជាពលរដ្ឋបានរាយការណ៍ពីសកម្មភាពក្រុមអ្នកនេសាទខុសច្បាប់ទាំងនេះដែលបានរាយលូស្បៃមុង និងស្បៃមុងជាច្រើនខ្សែដើម្បីចាប់យកត្រី នៅក្នុងរដូវត្រីពងនេះ។

លូស្បៃមុងនិងស្បៃមុងព្រមទាំងបង្គោល ឈើដែលរឹបអូសបានទាំងនេះលោកហ៊ា វាចា ប្រធានរដ្ឋបាលជលផលខេត្តកំពង់​ស្ពឺ បានបញ្ជាឲ្យមន្ត្រីក្រោមឱវាទប្រមូលយកទៅដុតកម្ទេចចោលនៅនឹងកន្លែងដើម្បី ជាការព្រមាន និងប្រាប់ដល់អ្នកនេសាទឯ​​ទៀតដែលមិនមែនជាការនេសាទលក្ខណ​ៈ ​គ្រួសារឲ្យរាងចាល។

ប្រសិនបើជនប្រព្រឹត្តល្មើសនៅតែបន្តធ្វើនេសាទទៀតនោះសមត្ថកិច្ចនឹងចាប់ខ្លួនបញ្ជូនទៅតុលាការក្នុងប្រយោជន៍ការពារត្រីកំពុងពងកូននាររដូវវស្សាទឹកកំពុងឡើងនេះ៕ សេនា ស័ក្តិ

ses (1)

ses
សូមអានបន្ត ៖ រថយន្តកូរ៉ូឡាបើកបុកទ្រូងផ្លូវជ្រុលបុកចូលផ្ទះប្រជាពលរដ្ឋរងការខូចខាតយ៉ាងដំណំ


ចែករំលែក៖