ព័ត៌មានទាន់ហេតុការណ៍៖

ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត ជំរុញឲ្យកងទ័ពប្រកាន់ខ្ជាប់គោលការណ៍ភាពស្មោះត្រង់និងមានជំហរច្បាស់លាស់ដើម្បីការពារជាតិ

ចែករំលែក៖

ខេត្តកំពង់ធំ ៖ លោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត នាយរងសេនាធិការចម្រុះ នៃកងយោធពលខេមរភូមិន្ទ និងជាមេ បញ្ជាការរង កងទ័ពជើងគោក ក្នុងពិធី សម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការសមិទ្ធផលនានានៃតំបន់ប្រតិបត្តិការសឹករង ខេត្តកំពង់ធំ នាថ្ងៃទី១៨ ខែសីហា ឆ្នាំ ២០១៦នេះ បានបញ្ជាក់យ៉ាងច្បាស់ថា ក្នុងគោលការណ៍សុខសន្តិភាព ស្ថិរភាព សង្គម កងទ័ពត្រូវប្រកាន់ខ្ជាប់នូវគោល ការណ៍ភាពស្មោះត្រង់ និងត្រូវមានជំហរ ច្បាស់លាស់ ដើម្បីការពារជាតិ ។ លោក បានបញ្ជាក់បន្ថែមថា កងទ័ពក៏ត្រូវតែរក្សាសុខសន្តិភាពការពាររដ្ឋធម្មនុញ្ញ រដ្ឋាភិបាល ស្របច្បាប់ និងអនុវត្តបទបញ្ជាឲ្យបានម៉ឺងម៉ាត់បម្រើ និងការពារជាតិមាតុភូមិ និង ប្រជាជន ។

លោកឧត្តមសេនីយ៍ឯក បានបន្តទៀត ថា ឱកាសដែលយើងមានអ្វីៗសព្វថ្ងៃ គឺ បានមកពីសុខសន្តិភាព ដែលកងទ័ពបានលះបង់ជាច្រើនក្នុងការរំដោះប្រទេសជាតិ បញ្ចប់សង្គ្រាមដើរជួរមុខការពារបម្រើជាតិមាតុភូមិ និងបម្រើប្រជាពលរដ្ឋ ។ អ្វីដែលយើងមានថ្ងៃនេះគឺជាគ្រឹះសម្រាប់ការអភិវឌ្ឍទៅមុខសិស្សនិស្សិតមានឱកាសរៀនសូត្រ ប្រជាពលរដ្ឋមានឱកាសប្រកបរបរប្រចាំថ្ងៃ មិនព្រួយបារម្ភពីសង្គ្រាម គឺយើង រស់នៅក្នុងសុខសន្តិភាព ។ និយាយពី សន្តិភាព គឺនិយាយពីគុណូបការៈចំពោះ ការលះបង់របស់អតីតយុទ្ធជន និងកងទ័ព ដែលកំពុងបំពេញភារកិច្ចដែលបានលះបង់សាច់ស្រស់ឈាមស្រស់ ដើម្បីការពារ បម្រើជាតិមាតុភូមិ និងខិតខំកសាង សុខសន្តិភាព និងបង្កើតឱកាសជាច្រើន សម្រាប់ប្រទេសជាតិ និងប្រជាជន ហើយអ្នកទទួលផលពីសុខសន្តិភាពនេះ គឺយុវជនជំនាន់នេះ និងជំនាន់ក្រោយៗ ។ ដូច្នេះអ្វីដែលយើងទាំងអស់គ្នាមានថ្ងៃនេះ គួរតែជាមោទនភាពរបស់យើង ។ លោក ឧត្តមសេនីយ៍ឯកបានបញ្ជាក់បន្ថែមទៀតថា ដើម្បីសេដ្ឋកិច្ចជាតិមានការរីកចម្រើន ដើម្បីសេចក្តីសុខប្រជាពលរដ្ឋ គឺជាការដឹង គុណូបការៈរបស់ប្រមុខរាជរដ្ឋាភិបាល និងកងទ័ព ។ សម្តេចតេជោ ហ៊ុន សែន បានគិតគូរយកចិត្តទុកដាក់ខ្ពស់ចំពោះជីវភាពរស់នៅរបស់កងទ័ព គ្រួសារកងទ័ព និងលើក តម្កើងកិត្តិយសកងទ័ព តាមរយៈការដំឡើងប្រាក់បៀវត្
សការផ្តល់ប្រាក់របបផ្សេងៗ ការកសាងហេដ្ឋារចនាសម្ព័ន្ធ និងការយក ចិត្តទុកដាក់ចំពោះអតីតយុទ្ធជន និងអ្នក កំពុងបំពេញភារកិច្ចតាមរយៈសមាគមអតីតយុទ្ធជនគ្រប់រាជធានីខេត្តក្នុងការដោះ ស្រាយគោលនយោបាយផ្សេងៗ ។

សមិទ្ធផលនានានៃតំបន់ប្រតិបត្តិការសឹករងខេត្តកំពង់ធំគឺបញ្ជាក់ពីការខិតខំកៀរគររកប្រភព និងសប្បុរសជនផ្សេងៗ ដើម្បីចូលរួម នៅក្នុងការកសាងអង្គភាព ដែលការកសាង គឺជាដំណាក់កាលសំខាន់ ដែលបានចូលរួមកាត់បន្ថយថវិកាជាតិមួយផ្នែក ព្រោះថវិកាជាតិបានចំណាយក្នុងការលើកស្ទួយ ជីវភាព ប្រាក់បៀវត្ស និង គោលរបបផ្សេងៗរបស់កងទ័ព ។ ការចូល រួមបានស្តែងចេញឲ្យឃើញពីវប្បធម៌ចែក រំលែក និងរួមគ្នាធ្វើពីសំណាក់ សប្បុរស ជន និងផ្នែកដែលពាក់ព័ន្ធ នៅក្នុងការ កសាងក្នុងអង្គភាពមួយ​។

សូមរំលឹកផងដែរថា កងយោធពលខេមរភូមិន្ទនៃព្រះរាជាណាចក្រកម្ពុជាបាន មានកិច្ចសហប្រតិបត្តិការផ្នែកយោធាជា មួយបណ្តាប្រទេសជាច្រើនលើសាកល លោកក្នុងតំបន់និងបណ្តាប្រទេសជិតខាងផងដែរ ។ ដោយឡែកថ្ងៃនេះគឺជាកិច្ច សហប្រតិបត្តិការរវាងតំបន់ប្រតិបត្តិការ សឹករងខេត្តកំពង់ធំ នឹងគណបញ្ជាការ យោធភូមិភាគទី៧នៃសាធារណរដ្ឋសង្គមនិយមវៀតណាម ក្នុងការចូលរួមកសាង សមិទ្ធផលនានានៅក្នុងអង្គភាពនេះ ។

លោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត បានចូលរួមគោរពវិញ្ញាណក្ខន្ធអតីតយុទ្ធជន ព្រមទាំងប្រគល់អំណោយជូនលោក គ្រូ អ្នកគ្រូ សិស្សានុសិស្ស យុវជន ប្រជា ពលរដ្ឋ កងកម្លាំងប្រដាប់អាវុធនិងអតីត យុវជននិងបានចូលរួមដាំដើមឈើជានិមិត្ត រូបផងដែរ ៕ ហេង សូរិយា

aes (6)

aes (5)


ចែករំលែក៖