ខេត្តបាត់ដំបង:សមត្ថកិច្ចស្រុកសំឡូត កំពុងតាមប្រមាញ់ស្វែងចាប់ខ្លួន ក្រុមឃាតកចាក់សម្លាប់ប្លន់យកម៉ូតូបុរសដេកចាំចម្ការដំឡូងម្នាក់ ។
សេចក្តីរាយការណ៍ពីកម្លាំងអាវុធហត្ថស្រុកសំឡូតឱ្យដឹងថា រហូតដល់ថ្ងៃទី២០ ខែសីហា ឆ្នាំ២០១៦ សមត្ថកិច្ចបន្តឡោមព័ទ្ធកន្លែងកើតហេតុ ចំពោះមុខសញ្ញាជនសង្ស័យសមត្ថកិច្ចមិនទាន់មានពន្លឺនៅឡើយនោះទេ ស្ថិតក្នុងការស្រាវជ្រាវស៊ើបអង្កេត ដើម្បីកំណត់មុខសញ្ញា ។
សូមបញ្ជាក់ថា កាលពីវេលាម៉ោងប្រហែល២៣ថ្ងៃទី១៨ ខែសីហា ឆ្នាំ២០១៦ មានករណីឃាតកម្ម មួយបានកើតឡើង ស្ថិតក្នុងចំណុច៣២ ក្រុមទី៣ ភូមិចម្លងរមាំងលើ ឃុំអូរសំរិល ស្រុកសំឡូត ខេត្តបាត់ដំបង ដែលបង្ករឡើងដោយជនសង្ស័យមួយក្រុមមានគ្នា០២ ទៅ០៣នាក់មិនស្គាល់អត្តសញ្ញាណ បាននាំគ្នាធ្វើសកម្មភាពចាក់សម្លាប់ជនរងគ្រោះម្នាក់ឈ្មោះ អ៊ុល ចន ភេទប្រុស អាយុ២៦ឆ្នាំ មុខរបរធ្វើចំការរស់នៅក្បែរកន្លែងកើតហេតុ ចាក់សម្លាប់នឹងដែកឆាបចំនួន៦កន្លែង ចំពីក្រោយខ្នង០៤ដែកឆាប ចំខ្លួនពីមុខក្រោមដោះស្ដាំ១ដែកឆាប និង ចំកន្ដៀតក្អមខាងស្ដាំ០១ដែកឆាប បណ្ដាលអោយស្លាប់និងកន្លែងកើតហេតុ រួចក្រុមជនសង្ស័យក៏បានប្លន់យកម៉ូតូរបស់ជនរងគ្រោះចំនួន០១គ្រឿង ម៉ាកហុងដាឌ្រីម សេរីឆ្នាំ២០១៦ ពណ៌ខ្មៅ អត់ផ្លាកលេខ ជិះរត់គេចចេញទៅបាត់ ។
បច្ចុប្បន្ន សាកសពត្រូវបានប្រគល់ជូនក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណីយ ចំណែកឯក្រុមជនសង្ស័យសមត្ថកិច្ចមូលដ្ឋានកងរាជអាវុធហត្ថស្រុកសំឡូត សហការជាមួយជំនាញអាវុធហត្ថខេត្តតាមដានស្រាវជ្រាវកំណត់មុខសញ្ញាដើម្បីយកមកផ្តន់ទាទោសតាមច្បាប់ ៕ សំវិច្ឆិកា