ព័ត៌មានទាន់ហេតុការណ៍៖

ជនជាតិវៀតណាម​ប្រុសស្រីចំនួន​ ២៥នាក់​ ត្រូវ​បណ្ដេញ​ចេញ​ពី​ប្រទេស​កម្ពុជា​ នៅតាមច្រកទ្វារព្រំដែនអន្តរជាតិ ព្រែកចាក​

ចែករំលែក៖

ភ្នំពេញ​៖​ ដោយអនុវត្ត​តាមអនុសាសន៍របស់លោកអភិសន្តិបណ្ឌិត ស​ សុខា​ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងថ្នាក់ដឹកនាំក្រសួងមហាផ្ទៃ នៅរសៀលថ្ងៃព្រហស្បត្តិ៍ ៧កើត ខែកក្ដិក ឆ្នាំរោង ឆស័ក ព.ស ២៥៦៨ ត្រូវនឹងថ្ងៃទី៧ ខែវិច្ឆិកា ឆ្នាំ២០២៤នេះ​ លោកឧត្តមសេនីយ៍ឯក សុខ វាសនា អគ្គនាយកអន្តោប្រវេសន៍​ បានណែនាំឱ្យនាយកដ្ឋានស៊ើបអង្កេត និងអនុវត្តនីតិវិធី ធ្វើការបណ្តេញជនជាតិ​វៀតណាម​ប្រុសស្រីចំនួន​ ២៥នាក់​ ចេញ​ពី​ប្រទេស​កម្ពុជា​ តាមច្រកទ្វារព្រំដែនអន្តរជាតិ ព្រែកចាក​។ 

បេីតាមមន្រ្តី​ជំនាញ​ នៃនាយកដ្ឋានស៊ើបអង្កេត និងអនុវត្តនីតិវិធី បានឱ្យដឹងថា​ ការបណ្ដាញជនជាតិវៀតណាម​ខាងលេីនេះ​សរុបចំនួន ២៥នាក់ ក្នុងនោះ(ស្រី១៩នាក់) តាមប៉ុស្ដិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិ ព្រែកចាក (ខេត្តកំពត) ករណី លួចស្នាក់នៅធ្វើការងារខុសច្បាប់ ក្នុងនោះទទួលពីស្នងការដ្ឋាននគរបាលខេត្តកោះកុងចំនួន ១នាក់, ទទួលពីស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុចំនួន៦នាក់, (ស្រី៤នាក់) និងទទួលពីបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តព្រះសីហនុចំនួន ១៨នាក់ (ស្រី១៥នាក់)។

ដោយ​ឡែក​លោកឧត្តមសេនីយ៍ទោ សួន សុជាតិ ប្រធាន​នាយក​ដ្ឋានជនបរទេសអន្តោប្រវេសន្ត និងជនភៀសខ្លួន និងសហការីចំនួន​ ៩នាក់ នៅថ្ងៃទី​០៧​ ខែវិច្ឆិកា​នេះដែរ​ សហការជាមួយលោក​ស្នងការ​រងទទួលផែនអន្តោប្រវេសន៍ និងក្រុមការងារ នៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល បានបន្ត​នីតិវិធីការងារធ្វើបច្ចុប្បន្នភាពបញ្ជីគ្រប់គ្រងជនបរទេសអន្តោប្រវេសន្ត ក្នុងសង្កាត់ព្រែកជ្រៃ ក្រុងសំពៅពូន ខេត្តកណ្តាល ដោយមានការចូលរួមពីលោកអធិការ-អធិការរង-នាយផ្នែក-នាយប៉ុស្តិ៍នគរបាលរដ្ឋបាល​សង្កាត់ព្រែកជ្រៃ នៃអធិការដ្ឋាននគរបាល​ក្រុង​សំពៅពូន មន្រ្តីជំនាញ សមាគម និងជនបរទេស​អន្តោប្រវេសន្តមួយចំនួន ដែលរស់នៅក្នុង​មូលដ្ឋាន​សង្កាត់ព្រែកជ្រៃផងដែរ៕

ដោយ​៖ តារា​


ចែករំលែក៖