ភ្នំពេញ ៖ រថយន្តកុងតឺន័រមួយគ្រឿង ប្រវែងប្រហែល៣០ម៉ែត្រ បានធ្វើឲ្យកកស្ទះ ចរាចរណ៍កំណាត់ផ្លូវជាតិលេខ២ជាង១ម៉ោង កាលពីវេលាម៉ោង១២ថ្ងៃត្រង់ ថ្ងៃ ទី១៩ ខែសីហា ឆ្នាំ២០១៦ មុខរោងចក្រ កាត់ដេរសម្លៀកបំពាក់ហូយៀខេមបូឌា ហ្គាមេនលីមីធិត ក្នុងភូមិព្រែកតាគង់ សង្កាត់ ចាក់អង្រែលើ ខណ្ឌមានជ័យ ។
ប្រជាពលរដ្ឋដែលជាប់គាំងនៅលើផ្លូវ បានរអ៊ូរទាំថា កុងតឺន័រខូចកណ្តាលផ្លូវវែង ពេក ដូច្នេះក្រសួងសាធារណការគួរតែធ្វើ ផ្លូវឲ្យបានធំ ដើម្បីឲ្យកុងតឺន័រវែងងាយស្រួល បើកបរ ។ អ្វីដែលសំខាន់នោះកុងតឺន័រដែលខូចកណ្តាលផ្លូវធ្វើឲ្យកកស្ទះចរាចរណ៍ជាង១ម៉ោងគេឃើញអាជ្ញាធរមានសមត្ថកិច្ច ចុះទៅអន្តរាគមន៍ជួយសម្រួលចរាចរណ៍ដែរ ។ គេឃើញកម្មករកុងតឺន័រម្នាក់លូនក្រាបៗក្រោមរថយន្តប្រហែល១ម៉ោង ក្រោយមកទើបកំណាត់ផ្លូវជាតិលេខ២បើកដំណើរការឡើងវិញ ។
នគរបាលប៉ុស្តិ៍ចាក់អង្រែលើបានប្រាប់ ឲ្យដឹងថា ការកកស្ទះចរាចរណ៍ជិត១ម៉ោងលើកំណាត់ផ្លូវជាតិលេខ២នេះបណ្ដាល មកពីរថយន្តកុងតឺន័រ ពណ៌ត្រួយចេក ពាក់ស្លាកលេខភ្នំពេញ៣A- ៥១០៥ មិន ដឹងជារថយន្តរបស់ក្រុមហ៊ុនណាទេ ដោយ មិនមានសរសេរឈ្មោះបិទនៅលើរថយន្តបានបត់ថយចូលរោងចក្រកាត់ដេរខាង លើ ខណៈពេលកំពុងតែបើកថយចូលក្នុង រោងចក្រ ស្រាប់តែរថយន្តបែកកាប៉ែននៅកណ្ដាលផ្លូវធ្វើឲ្យរថយន្តទៅមុខក៏មិនរួច ថយក្រោយក៏មិនរួច ។ ពេលនោះគេក៏បាន ហៅជាងមកជួសជុលនៅកណ្តាលផ្លូវតែ ម្តងធ្វើឲ្យកកស្ទះចរាចរណ៍ណែនណាន់ តាន់តាប់រយៈពេលមួយម៉ោងនៅលើ កំណាត់ផ្លូវជាតិលេខ២ ត្រូវបានសមត្ថកិច្ច ជួយសម្រួលចរាចរណ៍ បែកញើសខ្ចាយ ទម្រាំចប់ស្ទើរតែវិលក្បុង ។
សមត្ថកិច្ចបានសំណូមពរដល់ក្រុមហ៊ុននីមួយៗ ពេលឲ្យបុគ្គលិកចេញមក យកទំនិញឬធ្វើដំណើរតាមផ្លូវជួយឲ្យអ្នកបើកបរត្រួតពិនិត្យរថយន្តមុននិងបើកបរតាមផ្លូវសាធារណៈហើយឈប់ប្រើរថយន្តចាស់ៗទៅបើបើកបរលើផ្លូវធម្មតាមិនអីទេ ប៉ុន្តែ បើកចុះស្ពាន និងឡើងស្ពានវិញត្រូវប្រឈមមុខនឹងគ្រោះថ្នាក់ជាយថាហេតុ ៕ ហេង នរិន្ទ្រ