ភ្នំពេញ៖ ជនសង្ស័យម្នាក់ ត្រូវបានប្រជាពលរដ្ឋចាប់បានវាយទ្រមខ្លួន ទើបប្រគល់ឲ្យសមត្ថកិច្ច ចំណែកបក្ខពួកម្នាក់ទៀត គេចខ្លួនបាត់ បន្ទាប់ពីពួកគេធ្វើសកម្មភាពឆ្កិះសោរបន្ទប់ជួលប្រជាពលរដ្ឋ ។
ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង១និង០នាទីយប់ ថ្ងៃទី២០ ខែសីហា ឆ្នាំ២០១៦ នៅចំណុចបន្ទប់ជួលមួយកន្លែង ភូមិព្រៃទា សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ ។
ម្ចាស់បន្ទប់ឈ្មោះ ឆន ធាង ភេទស្រី អាយុ២៦ឆ្នាំ មុខរបរ កម្មកររោងចក្រ ស្នាក់នៅកន្លែងកើតហេតុ មានស្រុកកំណើត ភូមិសាលាវីស័យ ឃុំបូសស្រមោច ស្រុកប្រាសាទបល្ល័ង្គ ។
ជនសង្ស័យឈ្មោះ ប៉ែន រ៉ង ភេទប្រុស អាយុ២៤ ឆ្នាំ មុខរបរមិនពិតប្រាដក ស្នាក់នៅ ភូមិបែកចាន ឃុំបែកចាន ស្រុកអង្គស្នូង ខេត្តកណ្តាល ។
តាមសាក្សីនៅកន្លែងកើតហេតុបានឲ្យដឹងថា នៅមុនពេលកើតហេតុ ម្ចាស់បានទៅសម្រាក់នៅក្នុងបន្ទប់បងប្អូន ដែលនៅជិតគ្នា ដោយចាក់សោចោល បន្ទាប់មក ស្រាប់តែឃើញមានមនុស្សប្រុសជាជនសង្ស័យដើរចេញពីបន្ទប់ ទើបមានការសង្ស័យ ហៅសួរតែជនសង្ស័យព្យាយាមរត់គេច បង្កការភ្ញាក់ផ្អើលស្រែកឆោឡោឡើងដេញចាប់បានវាយទ្រមខ្លួន ទើបប្រគល់ឲ្យសមត្ថកិច្ច ។
ជនរងគ្រោះបានឲ្យដឹងថា បន្ទាប់ពីមានការភ្ញាក់ផ្អើល រួបគាត់បានទៅមើលក្នុងបន្ទប់ខ្លួន ទើបដឹងថា បាត់លុយខ្មែរចំនួន៣ម៉ឺនរៀល និងរបស់របរមួយចំនួនទៀត ។
នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យបានសារភាពខ្លួនថា មានគ្នា២នាក់ ដោយម្នាក់ទៀតនៅចាំខាងក្រោម ដោយឡែកខ្លួនគេបានមកធ្វើសកម្មភាព ខណៈលួចហើយ បានចេញមកវិញ ស្រាប់តែប្រជាពលរដ្ឋដេញចាប់តែម្តង រីឯម្នាក់ទៀតគេចខ្លួនបាត់ ។
បច្ចុប្បន្ន ជនសង្ស័យកំពុងសាកសួរនៅប៉ុស្តិ៍រដ្ឋបាលនគរបាលចោមចៅរង់ចាំកសាងសំណុំរឿងបញ្ជូនទៅអធិការនគរបាលខណ្ឌពោធិ៍សែនជ័យដើម្បីចាត់ការបន្ត ៕ សុខាសែនជ័យ