ខេត្តសៀមរាប៖ កម្លាំងការិយាល័យបទល្មើសព្រហ្មទណ្ឌ នៃកងរាជអាវុធហត្ថ ខេត្តសៀមរាបរបស់មន្ទីរយុត្តិធម៌ចំនួន១០នាក់ សហការជាមួយមូលដ្ឋានកងរាជអាវុធហត្ថស្រុកពួក កាលពីវេលាម៉ោង១៥ ថ្ងៃទី១៨ ខែសីហា ឆ្នាំ២០១៦ ដឹកនាំដោយលោកវរសេនីយ៍ឯក ស្រី យូរ៉ា មេបញ្ជាការរងទទួលការងារព័ត៌មាន និងស្រាវជ្រាវបង្រ្កាបបទល្មើសបានចុះដល់ភូមិស្វាយឃុំខ្នាត ស្រុកពួក ខេត្តសៀមរាប និងភូមិគោកឫស្សី ឃុំកែវពណ៍ ស្រុកពួក ខេត្តសៀមរាប និងភូមិព្រៃវែងឃុំ សំរោងយា ស្រុកពួក ខេត្តសៀមរាប ដើម្បីអនុវត្តដីកាបញ្ជាឱ្យចូលខ្លួនលេខ256/2016 និងលេខ257/2016 និងលេខ.268/2016 របស់លោក សំ រិទ្ធ សុខុន ព្រះរាជអាជ្ញរង អមសាលាដំបូងខេត្ត បញ្ជាឱ្យចូលខ្លួន។
ហេតុការណ៍ឃាត់ខ្លួនជនសង្ស័យខាងលើជាបន្តបន្ទាប់ធ្វើឡើងនៅចំណុច៣កន្លែងផ្សេងគ្នានៅថ្ងៃតែមួយ គឺថ្ងៃទី១៨ ខែសីហា ឆ្នាំ២០១៦ ក្នុងភូមិសាស្ត្រស្រុកពួក ខេត្តសៀមរាប ។
ចោទពីបទអំពើលួចដោយមានស្ថានទម្ងន់ទោស ប្លន់ប្រដាប់អាវុធ កាលពីថ្ងៃទី៦ ខែមេសា ឆ្នាំ២០១៦ ស្ថិតនៅចំណុចភូមិគោកឫស្សី ឃុំកែវពណ៍ ស្រុកពួក ខេត្តសៀមរាប ។
ប្រភពបានបន្តថា ជនសង្ស័យខាងលើមាន៖ ទី១/ឈ្មោះ ទាវ ស៊ីនិត ភេទប្រុស អាយុ២២ឆ្នាំ ទីលំនៅភូមិស្វាយ ឃុំខ្នាត ស្រុកពួក ខេត្តសៀមរាប ទី២/ ឈ្មោះ ហែម សំអាត ភេទប្រុស អាយុ៣៤ឆ្នាំ មានទីលំនៅបច្ចុប្បន្ន ភូមិគោកឫស្សី ឃុំកែវពណ៌ ស្រុកពួក ខេត្តសៀមរាប និង ទី៣/ឈ្មោះ ឆាង ហ៊ីង ភេទប្រុស អាយុ៣៤ឆ្នាំ មុខរបរលក់ត្រី ភូមិព្រៃវែង ឃុំសំរោងយា ស្រុកពួក ខេត្តសៀមរាប ។
អ្នកទាំង៣ ត្រូវតុលាការ ចោទពីបទ អំពើលួចដោយមានស្ថានទម្ងន់ទោស(ប្លន់ប្រដាប់អាវុធ)កាលពីថ្ងៃទី៦ ខែមេសា ឆ្នាំ២០១៦ ស្ថិតនៅចំណុចភូមិគោកឫស្សី ឃុំកែវពណ៍ ស្រុកពួក ខេត្តសៀមរាប ។
ប្រភពបានបញ្ជាក់ទៀតថា ក្រោយពីបានឃាត់ខ្លួន ជនសង្ស័យទាំង៣នាក់ រួចមកកម្លាំងជំនាញបានឆែកឆេរនៅក្នុងផ្ទះ រកឃើញវត្ថុតាងរួមមាន៖ អាវុធកែច្នៃចំនួន២ដើម ។
បច្ចុប្បន្នជនសង្ស័យ និងវត្ថុតាង ត្រូវបានកម្លាំងជំនាញរៀបចំកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តសៀមរាប ដើម្បីចាត់ការតាមផ្លូវច្បាប់ ៕ ប៊ុន រិទ្ធី