ព័ត៌មានទាន់ហេតុការណ៍៖

សមត្ថកិច្ចកងរាជអាវុធហត្ថឃាត់ខ្លួនជនសង្ស័យ៤នាក់ និងវត្ថុតាងបញ្ជូនទៅតុលាការ

ចែករំលែក៖

ខេត្តសៀមរាប៖ កម្លាំងការិយាល័យប្រឆាំងបទល្មើសគ្រឿងញៀននៃកងរាជអាវុធហត្ថខេត្តបានចុះប្រតិបត្តិការបង្ក្រាបករណីរក្សាទុក ជួញដូរ និងប្រើប្រាស់ ដោយខុសច្បាប់នូវសារធាតុញៀន មួយកន្លែងនៅក្នុងក្រុងសៀមរាប រហូតឈានដល់ការឃាត់ខ្លួនបានក្រុមជួញដូរគ្រឿងញៀនចំនួន៤នាក់ និងវត្ថុតាង រួចនាំមកកាន់ទីបញ្ជាការកងរាជអាវុធហត្ថខេត្ត ដើម្បីសួរនាំ រួចបញ្ជូនបន្តទៅតុលាការ ដើម្បីចាត់ការតាមនិតិវិធីច្បាប់ ។

ហេតុការណ៍ចុះប្រតិបត្តិការឃាត់ខ្លួនជនសង្ស័យនេះធ្វើឡើងនៅវេលាម៉ោង១៧និង៣០នាទី ថ្ងៃទី១៨ ខែសីហា ឆ្នាំ២០១៦ ស្ថិតនៅចំណុច ភូមិបឹងដូនប៉ា សង្កាត់ស្លក្រាម ក្រុងសៀមរាប ។

តាមប្រភពពីកងរាជអាវុធហត្ថខេត្តបានប្រាប់ថា ជនសង្ស័យ ទាំង៤នាក់មាន ទី១/ឈ្មោះ បួន សុវណ្ណបូរី ភេទប្រុស អាយុ១៦ឆ្នាំ មុខរបរ នៅផ្ទះ ទីលំនៅ ភូមិទ្រាំង សង្កាត់ ស្លក្រាម ក្រុងសៀមរាប ទី២/ឈ្មោះ ញ៉ឹក វុត្ថា ភេទប្រុស អាយុ១៧ឆ្នាំ មុខរបរនៅផ្ទះ ទីលំនៅ ភូមិស្លក្រាម សង្កាត់ស្លក្រាម ក្រុងសៀមរាប ទី៣/ឈ្មោះ សោម ចាន់សីហា ភេទប្រុស អាយុ១៧ឆ្នាំ មុខរបរនៅផ្ទះ ទីលំនៅភូមិទ្រាំង សង្កាត់ស្លក្រាម ក្រុងសៀមរាប និង ទី៤/ ឈ្មោះ សេង វិចិត្រ ភេទប្រុសអាយុ២០ ឆ្នាំ មុខរបរនៅផ្ទះ ទីលំនៅ ភូមិទក្សិណត្បូង សង្កាត់គោកចក ក្រុងសៀមរាប ។

ប្រភពបានបន្តថា ក្រោយពីការឃាត់ខ្លួន កម្លាំងជំនាញបានរកឃើញ វត្ថុតាងរួមមានៈម្សៅគ្រើម (ម៉ាទឹកកក)ចំនួន១១កញ្ចប់ ស្មើទម្ងន់១,២៦ក្រាម ទូរសព្ទ័៤គ្រឿង និងឧបករណ៍ច្នៃជក់មួយចំនួន ។

បច្ចុប្បន្ន ជនសង្ស័យ និងវត្ថុតាង ត្រូវកម្លាំងជំនាញរៀបចំកសាងសំណុំរឿងបញ្ជូនទៅតុលាការនៅរសៀលថ្ងៃទី២០ ខែសីហា ឆ្នាំ២០១៦ ដើម្បីចាត់ការតាមផ្លូវច្បាប់ ៕ ប៊ុន រិទ្ធី

ជនសង្ស័យ៤នាក់និងវត្ថុតាង

ជនសង្ស័យ៤នាក់និងវត្ថុតាង (1)


ចែករំលែក៖