ខេត្តសៀមរាប៖ កម្លាំងការិយាល័យបទល្មើសព្រហ្មទណ្ឌ នៃកងរាជអាវុធហត្ថខេត្តសៀមរាបបានឃាត់ខ្លួនជនសង្ស័យម្នាក់ តាមពាក្យបណ្តឹងរបស់ជនរងគ្រោះ អំពីករណីប្រើអំពើហិង្សា ដោយចេតនា ។
ហេតុការណ៍ឃាត់ខ្លួនជនសង្ស័យខាងលើធ្វើឡើងនៅថ្ងៃទី១៩ ខែសីហា ឆ្នាំ២០១៦ ស្ថិតនៅចំណុច ភូមិដកពោធិ៍ សង្កាត់ស្លរក្រាម ក្រុងសៀមរាប ។
តាមប្រភពពីកងរាជអាវុធហត្ថខេត្តបានប្រាប់ថា ដោយយោងតាមពាក្យបណ្តឹងរបស់ជនរងគ្រោះ ឈ្មោះ សុខ ឆាយ ភេទស្រី អាយុ៥២ឆ្នាំ មុខរបរលក់ដូរ មានទីលំនៅភូមិដកពោធិ៍ សង្កាត់ស្លក្រាម ក្រុងសៀមរាប ទើបកម្លាំងជំនាញចុះស្រាវជ្រាវ រហូតឈានដល់ឃាត់ខ្លួនបានជនសង្ស័យម្នាក់ រួចបញ្ជូនមកាន់ការិយាល័យបទល្មើសព្រហ្មទណ្ឌ នៃកងរាជអាវុធហត្ថខេត្ត ដើម្បីសួរនាំ រួចបញ្ជូនបន្ត ទៅកាន់តុលាការ ។
ប្រភពបានបន្តថា ជនសង្ស័យដែលបង្កទៅលើជនរងគ្រោះមាន ឈ្មោះ វី ម៉ាញ ភេទប្រុស អាយុ១៧ឆ្នាំ មុខរបរមិនពិតប្រាកដ ទីលំនៅភូមិចុងកៅស៊ូ សង្កាត់ស្លក្រាម ក្រុងសៀមរាប ពីបទហិង្សាដោយចេតនា និង បទ ធ្វើឱ្យខូចខាត ដោយចេតនា ។
ក្រោយពីការឃាត់ខ្លួន កម្លាំងកងរាជអាវុធហត្ថខេត្តបានដកហូតវត្ថុតាងរួមមាន៖ ដុំថ្មចំនួន៤ដុំ ។
បច្ចុប្បន្នជនសង្ស័យ និងវត្ថុតាង ត្រូវបានកម្លាំងជំនាញ រៀបចំកសាង សំណុំរឿង បញ្ជូនទៅតុលាការខេត្តនៅថ្ងៃទី២០ ខែសីហា ឆ្នាំ២០១៦ ដើម្បីអនុវត្តបន្ត តាមនីតិវិធីច្បាប់ ៕ ប៊ុន រិទ្ធី