ខេត្តកណ្តាល៖ បុរសម្នាក់ត្រូវសមត្ថកិច្ចចាប់ខ្លួនដើម្បីសាកសួរ និងកសាងសំណុំរឿងបញ្ជូនទៅតុលាការចាត់ការតាមនីតិវិធី បន្ទាប់ពីសង្ស័យថា បានប្រើអំពើហិង្សាដោយចេតនាទៅលើបុរសម្នាក់ទៀតបណ្តាលឲ្យរងរបួសជាទម្ងន់ ។
ករណីចាប់ខ្លួនបានធ្វើឡើងកាលពីវេលាម៉ោង៥និង១០នាទីល្ងាច ថ្ងៃទី២០ ខែសីហា ឆ្នាំ២០១៦ ស្ថិតនៅចំណុចភូមិចំបក់ភ្លោះ ឃុំភ្នំបាត ស្រុកពញាឮ ខេត្តកណ្តាល ។
ប្រភពព័ត៌មានពីសមត្ថកិច្ចបានបញ្ជាក់ថា ជនសង្ស័យដែលត្រូវចាប់ខ្លួនឈ្មោះ ឆន ចាន់ថុន ហៅតាត់ ភេទប្រុស អាយុ២៨ឆ្នាំជនជាតិខ្មែរ មុខរបរកម្មករសំណង់ មានទីលំនៅភូមិចំបក់ភ្លោះ ឃុំភ្នំបាត ស្រុកពញាឮ ខេត្តកណ្តាល ។ រីឯជនរងគ្រោះ ឈ្មោះ ម៉ៅ ធារ៉ា ហៅចយ ភេទប្រុស អាយុ២៦ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មករសំណង់ មានទីលំនៅ ភូមិ ចំបក់ភ្លោះ ឃុំភ្នំបាត ស្រុកពញាឮ ខេត្តកណ្តាល។
ប្រភពដដែលបានបន្តថា នៅមុនពេលកើតហេតុ គឺនៅថ្ងៃទី១៨ ខែសីហា ឆ្នាំ២០១៦ ជនរងគ្រោះ និងជនសង្ស័យបានមានទំនាស់ពាក្យសំដីគ្នាពីរឿងនៅក្នុងគ្រួសារ ។ លុះដល់ថ្ងៃទី២០ ខែសីហា ឆ្នាំ២០១៦ វេលាម៉ោង៥ល្ងាច ជនសង្ស័យបានទៅខោកក្បាលជនរងគ្រោះ ពេលនោះ ជនរងគ្រោះខឹង ក៏បានវាយប្រតាយប្រតប់ជាមួយជនសង្ស័យ ហើយឆ្លៀតពេលនោះ ជនសង្ស័យកបាន យកកូនកាំបិតដងជ័រចេញពីហោប៉ៅខោរបស់ខ្លួនចាក់ទៅលើជនរងគ្រោះចំខ្នង២កាំបិត បណ្តាលឲ្យរងរបួសជាទម្ងន់ត្រូវសាច់ញាតិបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យ ។ រីឯជនសង្ស័យ ត្រូវឃាត់ខ្លួនបញ្ជូនមកអធិការរដ្ឋាននគរបាលស្រុកពញាឮ ដើម្បីបន្តចាត់ការតាមនីតិវិធី ៕