ភ្នំពេញ៖ យុវជន២នាក់បានស្លាប់ភ្លាមនៅកន្លែងកើតហេតុយ៉ាងអាណោចអាធ័ម ខណៈពួកជិះឌុបគ្នា ហើយត្រូវរថយន្តកូរ៉េដឹកខ្សាច់ បើកបុកអូសជាង៣០ម៉ែត្របណ្តាលរថយន្តក្រឡាប់ផ្ងារកង់ ។
ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៩យប់ ថ្ងៃទី២០ ខែសីហា ឆ្នាំ២០១៦ នៅចំណុចជាប់របងសាលាអន្តរជាតិណ័តប្រីត តាមបណ្តោយផ្លូវណ័តប្រីត សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ ។
សពជនរងគ្រោះ នៅមិនទាន់ស្គាល់អត្តសញ្ញាណនៅឡើយទេ ។
តាមសាក្សីនៅកន្លែងកើតហេតុបានឲ្យដឹងថា នៅមុនពេលកើតហេតុ គេបានឃើញជនរងគ្រោះជិះម៉ូតូម៉ាកនិច ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 1DH 0768 ធ្វើដំណើរតាមបណ្តោយផ្លូវណ័តប្រីត ក្នុងទិសដៅពីជើង ទៅត្បូង ខណៈមកដល់ចំណុចកើតហេតុស្រាប់តែមានរថយន្តកូរ៉េ ចំណុះមួយតោនកន្លះ ពណ៌ស ពាក់ស្លាកលេខ តាកែវ 3A 1758 ធ្វើដំណើរបញ្ច្រាសទិសគ្នា ក្នុងល្បឿនលឿន ហើយបានបុកម៉ូតូទាំងកំរោល ថែមទាំងអូសជាង៣០ម៉ែត្រធ្វើឲ្យអ្នកជិះម៉ូតូស្លាប់ភ្លាមនៅកន្លែងកើតហេតុ ចំណែករថយន្តក្រឡាប់ផ្ងារកង់ច្រង៉ាងៗ ។
សាក្សីដដែលបានបន្តថា បន្ទាប់ពីរថយន្តបង្កគ្រោះថ្នាក់រួចតៃកុងបានចុះពីលើរថយន្តហើយគេចខ្លួនបាត់បន្សល់ទុករថយន្តនៅកន្លែងកើតហេតុ ។
ក្រោយពេលកើតហេតុ សមត្ថកិច្ចបានចុះមកដល់ចំណុចកើតហេតុ ទាក់ទៅនគរបាលជំនាញវាស់វែងយករថយន្ត និងម៉ូតូទៅរក្សាទុកនៅការិយាល័យចរាចរណ៍ជើងគោករាជធានីភ្នំពេញ ចំណែកសពត្រូវបានយកទៅតម្កល់ទុកនៅវត្តទឹកថ្លារង់ចាំស្វែងរកក្រុមគ្រួសារមកទទួលយកទៅធ្វើបុណ្យតាមប្រពៃណី ៕ សុខាសែនជ័យ