ព័ត៌មានទាន់ហេតុការណ៍៖

ស្នងការដ្ឋាននគរបាលខេត្ត​រាជធានី​ភ្នំពេញ​ សេចក្តីបកស្រាយបំភ្លឺ និងបដិសេធពាក់ព័ន្ធគណនីហ្វេសប៊ុកឈ្មោះ ត្រីកោណសូន្យប្រាំបី ដោយបុគ្គលមានឈ្មោះ ឆាយ វណ្ណៈ អតីតនាយរងការិយាល័យប្រឆាំងគ្រឿងញៀន

ចែករំលែក៖

ភ្នំពេញ​៖​ សេចក្តីបកស្រាយបំភ្លឺ និងបដិសេធរបស់ ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័ស នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ពាក់ព័ន្ធគណនីហ្វេសប៊ុកឈ្មោះ ត្រីកោណសូន្យប្រាំបី  ដោយបុគ្គល នេះមានឈ្មោះ  ឆាយ វណ្ណៈ អតីតនាយរងការិយាល័យប្រឆាំងគ្រឿងញៀន នៅពេលថ្មីៗនេះ ក៏បានបង្ហោះសារចោទប្រកាន់គ្មានមូលដ្ឋានច្បាស់លាស់ក្នុងន័យបង្កាច់បង្ខូចកិត្តិយសមន្រ្តី និងថ្នាក់ដឹកនាំការិយាល័យប្រឆាំងគ្រឿងញៀន នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញងញៀន ដែលនាំឱ្យមហាជនយល់ប្រឡំ កាលពីថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២៤។

ចំពោះករណីនះក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័ស នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ សូមធ្វើការបំភ្លឺជូនសាធារណជនមេត្តាជ្រាបដូចតទៅ: បើយោងតាមរបាយការណ៍របស់ការិយាល័យនគរបាលប្រឆាំងគ្រឿងញៀនឱ្យដឹងថា: ករណីចោទប្រកាន់ដែលមានខ្លឹមសារដូចខាងក្រោម:

១.«ដូចជាថ្នាំញៀនក្នុងរូបនេះជាដើម ការិយាល័យបង្ក្រាបក្នុងខែមិថុនា ឆ្នាំ២០២៣ ឃាត់មនុស្ស១១នាក់ តែបែរជាគ្មានយកជនល្មើសណាទៅដាក់គុកសោះ បែរជាបញ្ជូនទៅបន្សាប គ្រឿងញៀនទាំងអស់» ។ ចំពោះករណីនេះកាលពីថ្ងៃទី០៨ ខែមិថុនា ឆ្នាំ២០២៣ កម្លាំងជំនាញបានធ្វើបង្រ្កាបករណីក្មេងទំនើងប្រមូលផ្តុំគ្នាប្រើប្រាស់គ្រឿងញៀន នៅចំណុចបន្ទប់ជួលខាងក្រោយគិរីរម្យ ខណ្ឌបឹងកេងកង ដោយឃាត់ខ្លួនជនសង្ស័យចំនួន១១នាក់ ស្រី០៤នាក់ ដកហូតថ្នាំញៀនប្រភេទគ្រវីមួយចំនួន និងកសាងសំណុំរឿងបញ្ជូនជនសង្ស័យទាំង១១នាក់ និងវត្ថុតាង បញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ចាត់ការតាមនីតិវិធី ពីបទរក្សាទុក និងប្រើប្រាស់ដោយខុសច្បាប់ នូវសារធាតុញៀន។

២. ករណីចោទប្រកាន់ថា «ថ្នាក់ការិយាល័យបានឃុបឃិតគ្នាដោះលែងជនល្មើស ហើយធ្វើ របាយការណ៍កុហកថ្នាក់លើ ហើយទម្លាក់កំហុសដាក់អ្នករត់តាក់ស៊ីឱ្យគ្នាជាប់គុកដោយអយុត្តិធម៌ នៅឆ្នាំ ២០២០»។ ចំពោះករណីនេះកម្លាំងជំនាញការិយាល័យប្រឆាំងគ្រឿងញៀន ដឹកនាំដោយលោកវរសេនីយ៍ទោ រ៉ឹម ម៉ិច អតីតនាយការិយាល័យប្រឆាំងគ្រឿងញៀន កាលពីថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០២០ បាន ធ្វើបង្រ្កាបករណីជួញដូរដោយខុសច្បាប់ នូវសារធាតុញៀន និងធ្វើការឃាត់ខ្លួនជនសង្ស័យចំនួន០៤នាក់ (ស្រី០១នាក់) និងដកហូតថ្នាំញៀនចំនួន០៦កញ្ចប់។ ចំពោះឈ្មោះ វ័ន ឯម ភេទប្រុស អាយុ ២៨ឆ្នាំ មិនមែនជាមេក្លោងជួញដូរគ្រឿងញៀន ដូចការចោទប្រកាន់របស់បុគ្គល ឆាយ វណ្ណៈ នោះទេ គឺគាត់ជាអ្នករត់ម៉ូតូឌុប ដែលត្រូវបានក្រុមជនល្មើសប្រើឱ្យមកទទួលកញ្ចប់បញ្ញើគ្រឿងញៀនជំនួស ដោយឱ្យថ្លៃឈ្នួលម៉ូតូឌុប១ម៉ឺនរៀល ហើយគាត់មិនបានដឹងថាកញ្ចប់បញ្ញើនោះជាគ្រឿងញៀនទេ ម្យ៉ាងទៀតគាត់មានជំងឺអេដស៍ប្រចាំកាយជាប់ខ្លួន ដោយសារការសាកសួរអង្កេតតាមជំនាញគឺគាត់មិនជាប់ពាក់ព័ន្ធក្នុងករណីខាងលើ ក៏ត្រូវបានព្រះរាជអាជ្ញារង ឆាយ ហុង អនុញ្ញាតឱ្យធានាខ្លួនត្រឡប់ទៅលំនៅដ្ឋានវិញ។ ចំពោះករណីខាងលើនេះ កម្លាំងជំនាញការិយាល័យប្រឆាំងគ្រឿងញៀន ធ្វើការកសាងសំណុំរឿងបញ្ជូនជនសង្ស័យចំនួន០៤នាក់ និងវត្ថុតាង ទៅសាលាដំបូងរាជធានីភ្នំពេញ ចាត់ការតាមនីតិវិធី។

៣. ករណីចោទប្រកាន់ថា «កែសំណុំរឿងដោះលែងជនល្មើសឈ្មោះ សៀន សិទ្ធិសាក់ ធ្វើរបាយការណ៍ភូតកុហកថ្នាក់លើ» ។ចំពោះករណីនេះ កម្លាំងជំនាញការិយាល័យប្រឆាំងគ្រឿងញៀន ដឹកនាំដោយលោកវរសេនីយ៍ឯក អ៊ីវ ភារិទ្ធ អតីតនាយការិយាល័យប្រឆាំងគ្រឿងញៀន កាលពីថ្ងៃទី០៤ ខែកញ្ញា ឆ្នាំ២០១៩ នៅចំណុចជណ្តើរឡើងផ្ទះលេខ៧៤ ជាន់ទី២ សង្កាត់វាលវង់ ខណ្ឌ៧មករា បានធ្វើការបង្ក្រាបករណីគ្រឿងញៀន ក្នុងកំឡុងពេលបង្រ្កាប ជនសង្ស័យឈ្មោះ ឈួន ចំរើន បានផ្លោះរត់ចូលទៅក្នុងផ្ទះរបស់ឈ្មោះ សៀន សិទ្ធិសាក់ ភេទប្រុស ពេលនោះសមត្ថកិច្ចបានធ្វើការឃាត់ខ្លួនជនសង្ស័យឈ្មោះ ឈួន ចំរើន ដកហូតបានវត្ថុតាងគ្រឿងញៀន ចំនួន៤កញ្ចប់ ហើយបាននាំខ្លួនជនសង្ស័យឈ្មោះ ឈួន ចំរើន និងឈ្មោះ សៀន សិទ្ធិសាក់ មកការិយាល័យប្រឆាំងគ្រឿងញៀន ដើម្បីធ្វើការសាកសួរ។ បន្ទាប់ពីសាកសួររួច ឈ្មោះ សៀន សិទ្ធិសាក់ មិនមានការពាក់ព័ន្ធជាមួយបទល្មើសខាងលើ ត្រូវបានលោក ហេង ផេង ព្រះរាជអាជ្ញារង អនុញ្ញាតឱ្យអាណាព្យាបាលធ្វើការធានាខ្លួនត្រឡប់ទៅលំនៅដ្ឋានវិញ។ ចំពោះករណីខាងលើនេះ កម្លាំងជំនាញការិយាល័យបានធ្វើការកសាងសំណុំរឿង និងវត្ថុតាងបានបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការតាមនីតិវិធី។

សូមបញ្ជាក់ថាបុគ្គលឈ្មោះ ឆាយ វណ្ណៈ នេះជាមន្រ្តីធ្វើការងារមិនចុះសម្រុងជាមួយមន្រ្តីនិងថ្នាក់លើក្នុងការិយាល័យ តែងតែបង្កភាពលំបាកស្មុគស្មាញដល់អង្គភាព មិនស្តាប់តាមការណែនាំនិងបទបញ្ជារបស់ថ្នាក់លើ ហើយបង្កបញ្ហាជាបន្តបន្ទាប់ល្មើសវិន័យកងកម្លាំងនគរបាលជាតិ ត្រូវបានថ្នាក់លើផ្លាស់ប្តូរការងារពីកន្លែងមួយទៅកន្លែងមួយ ។ កាលពីឆ្នាំ២០១៨ ត្រូវបានផ្ទេរការងារពីការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ឱ្យមកបម្រើការងារនៅការិយាល័យប្រឆាំងគ្រឿងញៀន។ ក្នុងកំឡុងពេលបំពេញភារកិច្ចនៅការិយាល័យប្រឆាំងគ្រឿងញៀន បុគ្គលនេះតែងតែបង្កជម្លោះ ជេរប្រមាថថ្នាក់ដឹកនាំ និងមន្ត្រីរួមការងារ បង្ហោះសារជេរប្រមាថដៀមដាម ប្រើពាក្យសំដីមិនសមរម្យលើបណ្តាញសង្គម និងក្នុងគ្រុប What app ការងារថ្នាក់ការិយាល័យ និងត្រូវបានអង្គភាពឱ្យធ្វើស្វ័យរបាយការណ៍ជាញឹកញយ។

រហូតដល់ឆ្នាំ២០២១ ដោយសារបុគ្គលនេះមិនបានកែប្រែកំហុស និងបង្កការលំបាកខ្លាំងក្នុងការបំពេញភារកិច្ច ហើយក៏ត្រូវបានថ្នាក់ដឹកនាំផ្ទេរភារកិច្ចឱ្យបម្រើការងារនៅការិយាល័យនគរបាលទេសចរណ៍។ នៅខែមេសា ឆ្នាំ២០២៣ បុគ្គលនេះបានផ្ទេរភារកិច្ចឡើងតួនាទីជានាយរងការិយាល័យ ប្រឆាំងគ្រឿងញៀនម្តងទៀត ហើយក្នុងកំឡុងពេលបំពេញភារកិច្ចជាថ្មី បុគ្គល ឆាយ វណ្ណៈ នៅតែបន្តឥរិយាបទដូចមុន មិនកែប្រែរងចាំចាប់កំហុសការងារកកូរ កកាយផ្ទៃក្នុងនរបស់អង្គភាពនិងតែងតែយកសំណុំរឿងចាស់ៗ ដែលបានអនុវត្តត្រឹមត្រូវតាមនីតិវិធី  ដើម្បីយកមកបំភ្លៃបំផ្លើសវាយប្រហារ ខុសពីការពិតធ្វើឱ្យមានការយល់ ច្រឡំវិនិច្ឆ័យខុសទៅលើអង្គភាពអនុវត្តច្បាប់ការិយាល័យប្រឆាំងគ្រឿងញៀន។

បុគ្គលនេះកាលពីថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២៤ ដើរលេងបង្កបញ្ហាទំនាស់ជាមួយមន្រ្តីជាប់កិច្ចសន្យាការិយាល័យបង្ការពន្លត់និងសង្រ្គោះអគ្គិភ័យ នៅក្នុងខណ្ឌទួលគោក ដោយបានប្រើអំពើហិ ..;ង្សាទៅលើមន្រ្តីកិច្ចសន្យានោះបង្កឲ្យរងរបួស ហើយមានការបង្ហោះផ្សព្វផ្សាយតាមបណ្តាញសង្គមព្រោងព្រាត បង្កប៉ះពាល់អង្គភាពជាខ្លាំង។

នៅពេលថ្មីៗនេះបុគ្គលឈ្មោះ ឆាយ វណ្ណៈ ក៏ត្រូវបានថ្នាក់លើសម្រេចផ្ទេរការងារទៅអង្គភាពអន្តរាគមន៍នៃអគ្គស្នងការដ្ឋាននគរបាលជាតិដែលនាំឱ្បបុគ្គលនេះខឹងសម្បាជាមួយអង្គភាពហើយមានគំនិតទុច្ចរិតបង្ហោះសារបំភ្លៃបំផ្លើសព័ត៌មានខុសពីការពិតគោលបំណងបង្កប៉ះពាល់កិត្តិយសមន្រ្តីនិងថ្នាក់ដឹកនាំការិយាល័យប្រឆាំងគ្រឿងញៀន។ 

បុគ្គលឈ្មោះឆាយ វណ្ណៈ ក៏ធ្លាប់ត្រូវបានអគ្គស្នងការដ្ឋាននគរបាលជាតិសម្រេចអនុវត្តវិន័យក្រោមរូបភាពព្រមានលើកទី១ ចំពោះការប្រព្រឹត្តល្មើសវិន័យកងកម្លាំងនគរបាលជាតិតាមសេចក្តីសម្រេចលេខ០៣៦ សសរ ចុះថ្ងៃទី១៨ខែមករាឆ្នាំ២០២១ផងដែរ។

អាស្រ័យបានជម្រាបជូនដូចខ្លឹមសារខាងលើសូមសាធារណជនមេត្តាជ្រាបជាព័ត៌មាន៕

ដោយ​៖ សូរិយា​


ចែករំលែក៖