ខេត្តកណ្តាល ៖ លោក គួច ចំរើន អភិបាលខេត្ត នៃគណៈអភិបាលខេត្តកណ្ដាល រួមជាមួយមន្ទីរអង្គភាពពាក់ព័ន្ធ នៅព្រឹកថ្ងៃទី ២០ ខែវិច្ឆិកា ឆ្នាំ២០២៤នេះ បានអញ្ជើញជួបសំណេះសំណាលជាមួយក្រុមគ្រូពេទ្យ នៃមន្ទីរពេទ្យជ័យជំនះ ក្រុងតាខ្មៅ ព្រមទាំងបានចូលរួមស្ដាប់ និងធ្វើការកែលម្អទៅលើបទបង្ហាញ ស្តីពីការប្រកួតប្រជែងអង្គភាពផ្តល់សេវាសាធារណៈគំរូថ្នាក់ខេត្ត ក្នុងវិស័យសុខាភិបាល របស់មន្ទីរពេទ្យជ័យជំនះ ឱ្យមានលក្ខណៈកាន់តែល្អប្រសើឡើង ស្របទៅតាមសូចនាករដែលបានកំណត់។
លោក គួច ចំរើន បានមានប្រសាសន៍ថា កិច្ចប្រជុំនេះគឺរៀបចំឡើងដើម្បីឱ្យមន្ទីរអង្គភាព និងអ្នកពាក់ព័ន្ធសហការគ្នាក្នុងការជំរុញដល់បេក្ខភាពអង្គភាពផ្ដល់សេវាសាធារណៈគំរូថ្នាក់ខេត្តដែលត្រូវបានបញ្ជូនទៅប្រកួតប្រជែងនៅថ្នាក់ជាតិឱ្យរៀបចំខ្លួនបន្ថែមទៀតក្នុងការអភិវឌ្ឍអង្គភាពរបស់ខ្លួនស្របទៅតាមចំណុចលម្អិតៗនៃតារាងលក្ខណៈវិនិច្ឆ័យ សម្រាប់ការវាយតម្លៃ និងការទទួលស្គាល់អង្គភាពផ្ដល់សេវាសាធារណៈគំរូក្នុងវិស័យសុខាភិបាល។
លោក អភិបាលខេត្ត បានបន្តថា ការប្រកួតប្រជែងអង្គភាពផ្តល់សេវាសាធារណៈគំរូ មិនត្រឹមតែជាយន្តការមួយក្នុងការជួយលើកកម្ពស់ការផ្តល់សេវាសាធារណៈឱ្យកាន់តែល្អប្រសើរជូនទៅដល់មូលដ្ឋាននីមួយៗប៉ុណ្ណោះទេ ការប្រកួតប្រជែងនេះក៏បានផ្តល់ភាពជាគំរូ រួមជាមួយការផ្តល់បទពិសោធន៍ល្អៗ ដល់អង្គភាពសុខាភិបាល ដើម្បីសិក្សា និងច្នៃប្រឌិតបន្ថែមលើការអនុវត្តសម្រាប់អង្គភាពរបស់ខ្លួន ឱ្យបានកាន់តែល្អប្រសើរឡើងថែមទៀតផងដែរ នៅគ្រប់ទីតាំងទាំងអស់ក្នុងខេត្តកណ្តាល។
លោក អភិបាលខេត្ត បានធ្វើការជំរុញ និងលើកទឹកចិត្តដល់មន្ទីរសុខាភិបាលខេត្ត និងក្រុមគ្រូពេទ្យក្នុងមន្ទីរពេទ្យជ័យជំនះ ត្រូវស្វែងយល់ឱ្យបានច្បាស់អំពីសូចនាករទាំង៨ ដែលបានកំណត់ក្នុងការប្រកួតប្រជែងនេះ បើទោះបីជាលទ្ធផលក្នុងការប្រកួតយ៉ាងណាក៏ដោយ ការងារដែលសំខាន់នោះ គឺត្រូវយកសូចនាករទាំងនោះមកតម្រង់ទិសក្នុងការកែលម្អ ការគ្រប់គ្រង និងការផ្តល់សេវា ត្រូវយកចំណុចទាំងនោះមកអនុវត្តជាសកម្មភាពជាក់ស្ដែងក្នុងអង្គភាពរបស់ខ្លួន សំដៅរួមគ្នាធ្វើយ៉ាងណាខិតខំផ្ដល់សេវាសុខាភិបាលជូនប្រជាពលរដ្ឋឱ្យកាន់តែមានប្រសិទ្ធភាពខ្ពស់ ស្របទៅតាមស្តង់ដា។
នាឱកាសនោះដែរ លោកអភិបាលខេត្ត ក៏បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់ក្រុមគ្រូពេទ្យទាំងអស់ ដែលបានសហការគ្នា ក្នុងការពិនិត្យព្យាបាលជំងឺជូនប្រជាពលរដ្ឋប្រកបដោយការយកចិត្តទុកដាក់ខ្ពស់ ដែលនេះជាសកម្មភាពមនុស្សធម៌ដ៏ប្រពៃ ជាកាលើកកម្ពស់សុខមាលភាពប្រជាពលរដ្ឋ ក៏ដូចជាការបង្ខិតសេវាសុខភាពឲ្យកាន់តែជិតប្រជាពលរដ្ឋ បង្កលក្ខណៈងាយស្រួលសម្រាប់ប្រជាពលរដ្ឋទូទៅក្នុងការមកទទួលសេវាពិនិត្យ និងព្យាបាលជំងឺផ្សេងៗ សំដៅចូលរួមចំណែកជាមួយរាជរដ្ឋាភិបាលឆ្លើយតបទៅនឹងតម្រូវការរបស់ប្រជាពលរដ្ឋនៅមូលដ្ឋាន ក្នុងការទទួលបាននូវសេវាសុខាភិបាលប្រកបដោយស្តង់ដារខ្ពស់។
សូមជម្រាបថា ផ្អែកលើអនុក្រឹត្យស្តីពីការវាយតម្លៃ និងការទទួលស្គាល់អង្គភាពផ្តល់សេវាសាធារណៈគំរូ ក្នុងវិស័យអប់រំ និងវិស័យសុខាភិបាលចុះថ្ងៃទី៣០ ខែមេសា ឆ្នាំ២០១៨ រាជរដ្ឋាភិបាលបានដាក់ ឱ្យអនុវត្តយន្តការវាយតម្លៃ និងទទួលស្គាល់អង្គភាពផ្តល់សេវាគំរូក្នុងវិស័យអប់រំ និងសុខាភិបាល ក្នុងគោលបំណងជាចម្បងជំរុញ និងលើកកម្ពស់ប្រសិទ្ធភាព និងគុណភាពនៃដំណើរការ របស់អង្គភាពផ្តល់សេវាសាធារណៈក្នុងវិស័យអប់រំ និងវិស័យសុខាភិបាល ដោយផ្អែកលើលក្ខណៈ វិនិច្ឆ័យគោលធំៗចំនួន ៨ចំណុច រួមមាន៖
ទី១៖ ស្ដង់ដាសេវាសាធារណៈ
ទី២៖ និយាមនៃការផ្ដល់សេវាសាធារណៈ
ទី៣៖ ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈនៅក្នុងអង្គភាព
ទី៤៖ ការគ្រប់គ្រងនិងការអភិវឌ្ឍធនធានមនុស្សនៅក្នុងអង្គភាព
ទី៥៖ ការរៀបចំ និងកែលម្អបរិស្ថានអង្គភាព
ទី៦៖ ទំនាក់ទំនងល្អជាមួយប្រជាពលរដ្ឋ សហគមន៍ និងដៃគូអភិវឌ្ឍ ព្រមទាំងការចូលរួមវាយ តម្លៃពីអ្នកប្រើប្រាស់សេវាសាធារណៈ
ទី៧៖ ការដោះស្រាយបញ្ហាប្រឈមជាមួយប្រជាពលរដ្ឋនិងសហគមន៍
ទី៨៖ ការផ្តួចផ្ដើមគំនិតថ្មីៗ និងនវានុវត្តន៍ ដើម្បីធ្វើឲ្យអង្គភាពមានដំណើរការកាន់តែប្រសើរ៕
ដោយ ៖ សិលា