ភ្នំពេញ ៖ ទីស្ដីការក្រសួងមហាផ្ទៃ នាព្រឹកថ្ងៃពុធ ទី២០ ខែវិច្ឆិកា ឆ្នាំ២០២៤ លោក សន្តិបណ្ឌិត ចាន់ អ៊ាន រដ្ឋលេខាធិការក្រសួងមហាផ្ទៃ បានអញ្ជើញដឹកនាំកិច្ចប្រជុំស្តីពីការណែនាំតម្រង់ទិសអំពីដំណើរការប្រឡងប្រជែងជ្រើសរើសក្របខ័ណ្ឌមន្រ្តីនគរបាលជាតិបំពេញជួស ប្រចាំឆ្នាំ២០២៤ ដោយមានការអញ្ជើញចូលរួមពី លោក លោកស្រី អគ្គនាយក អគ្គនាយករង ប្រធាន អនុប្រធាននាយកដ្ឋាន ថ្នាក់ដឹកនាំស្នងការរាជធានី-ខេត្ត និងមន្រ្តីពាក់ព័ន្ធជាច្រើននាក់ទៀត ។
ជាកិច្ចចាប់ផ្តើម លោក នាយឧត្តមសេនីយ៍ សាស្ត្រាចារ្យ សេង ផល្លី អគ្គនាយក នៃអគ្គនាយកដ្ឋានធនធានមនុស្ស និងជាអនុប្រធានអចិន្ត្រៃយ៍ គណៈកម្មការប្រឡង ក៏បានជម្រាបជូននូវការណែនាំ តម្រង់ទិស អំពីការបែងចែកតួនាទីភារកិច្ច ជូនដល់ គណៈកម្មការ អនុគណ:កម្មការ និងក្រុមការងារពាក់ព័ន្ធនិងការរៀបចំការប្រឡងជ្រើសរើសក្របខ័ណ្ឌមន្រ្តីនគរបាលជាតិបំពេញជួសប្រចាំឆ្នាំ២០២៤ ដើម្បីធានាឱ្យការប្រឡងប្រជែងនេះសម្រេចបានជោគជ័យ ស្របតាមគោលការណ៍ការងារកំណែទម្រង់ថ្មីរបស់ក្រសួងមហាផ្ទៃ ។
ជាចុងក្រោយ លោក សន្តិបណ្ឌិត បានឯកភាពទៅលើការលើកឡើងរបស់ លោកនាយឧត្តមសេនីយ៍ សាស្ត្រាចារ្យ ចំពោះគណ:កម្មការ អនុគណ:កម្មការ ដើម្បីរៀបចំត្រៀមលក្ខណៈសម្រាប់ការប្រឡងជ្រើសរើសក្របខ័ណ្ឌមន្រ្តីនគរបាលជាតិបំពេញជួស ប្រចាំឆ្នាំ២០២៤ និងបានណែនាំបន្ថែមដល់គ្រប់បណ្តារស្នងការរាជធានី-ខេត្ត ត្រូវចាប់ដំណើរការប្រឡងនូវថ្ងៃទី២៤ ខែវិច្ឆិកា និងតាមអគ្គនាយកដ្ឋានចំណុះក្រសួងមហាផ្ទៃ ប្រឡងនូវថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២៤ ។ នេះបើយោងតាម អគ្គ នាយកដ្ឋានបច្ចេកវិទ្យាឌីជីថល និងផ្សព្វផ្សាយអប់រំ ៕
ដោយ ៖ សិលា