ភ្នំពេញ៖ បុរសជាកម្មករម្នាក់បានរអិលធ្លាក់ពីលើរថយន្តហ៊ីយ៉ាន់ដាយមួយគ្រឿង បណ្តាលឲ្យស្លាប់ភ្លាមៗយ៉ាងអាណោច អាធ័មខណៈរថយន្តកំពុងបើកបរក្នុងល្បឿន ទៅមុខ។ ករណីខាងលើនេះបានកើតឡើង នៅវេលាម៉ោង១១និង៣០នាទីព្រឹកថ្ងៃទី ២៣ ខែសីហា ឆ្នាំ២០១៦ ស្ថិតនៅត្រង់ ចំណុច ផ្លូវ២០២កែង២១៩ ក្នុងសង្កាត់ ដេប៉ូទី១ ខណ្ឌទួលគោក។
សមត្ថកិច្ចបានឲ្យដឹងថាជនរងគ្រោះក្នុងហេតុការណ៍នេះឈ្មោះអូន អាយុជាង ៣០ឆ្នាំ រូបគេទើបនឹងមកធ្វើការជាកម្មករម្នាងសីលាបានរយៈពេល៤ថ្ងៃក៏ជួបគ្រោះក្ស័យជីវិតបែបនេះ។ ចំណែកឯអ្នកបើកបរឈ្មោះផល សំណាង អាយុ៥៧ឆ្នាំ ជាថៅ កែផងនិងជាមេជាងផងរស់នៅសង្កាត់ទឹកល្អក់៣ ខណ្ឌទួលគោក រាជធានីភ្នំពេញ។ រថយន្តបង្កហេតុម៉ាកហ៊ីយ៉ានដាយ ពាក់ ស្លាកលេខបាត់ដំបង 2A-4564 ។
សមត្ថកិច្ចនគរបាលប៉ុស្តិ៍ទឹកល្អក់ទី១បានឲ្យដឹងថា មុនពេលកើតហេតុរថយន្ត មួយគ្រឿងខាងលើនេះបានធ្វើដំណើរចេញពីចំណុចសង្កាត់ទឹកល្អក់៣ ដឹកម្នាងសីលាចំនួន១៥សន្លឹកយកទៅឲ្យម៉ូយតាមបណ្តោយផ្លូវ២០២ហើយជនរងគ្រោះជា កម្មករជិះនៅលើនោះក្នុងទិសដៅពីលិច ទៅកើត។ លុះដល់ចំណុចកើតហេតុទំនងរថយន្តបើកក្នុងល្បឿនលឿនហើយជា ចំណុចផ្លូវកែងផងនោះទើបបណ្តាលឲ្យ ផ្អៀងធ្លាក់ទាំងមនុស្សនិងម្នាងសិលាបោកក្បាលទៅលើថ្នល់ស្លាប់ភ្លាមៗមួយរំពេច។
ក្រោយពេលកើតហេតុអ្នកបើកបរដែលត្រូវជាថៅកែសមត្ថកិច្ចឃាត់ខ្លួនដើម្បីយកទៅសាកសួររីឯសាកសពត្រូវបានសមត្ថ កិច្ចជំនាញធ្វើកោលស្យវិច័យរួចប្រគល់ឲ្យក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណីនៅស្រុកកំណើត៕ ស ដារ៉ា
សូមអានបន្ត ៖ ក្រុម Extra Joss Fighter រក្សាតំណែងកំពូលតារាងដដែល