នៅក្នុងចំណោមក្រុមឈ្មួញរកស៊ីនាំត្រីឆ្តោរ ត្រីរ៉ស់ពីប្រទេសវៀតណាមចូលប្រទេសកម្ពុជាបំពេញសេចក្តីត្រូវការរបស់ប្រជាពលរដ្ឋ គេសង្កេតឃើញថា ឈ្មួញវៀតណាមឈ្មោះ តាន់ វណ្ណា ហៅ តូម ជាអ្នកដែលបានកសាងគុណសម្បត្តិធំធេងក្នុងចំណោមមន្ត្រីរដ្ឋបាលជលផល ពីព្រោះមន្ត្រីរដ្ឋបាលជលផលនិយាយថា បើគ្មានឈ្មួញនាំចូលត្រីពីប្រទេសជិតខាងទេនោះ ប្រជាជនកម្ពុជាគ្មានអ្វីទទួលទានឡើយ ។ ដូច្នេះមានន័យថា បើឈ្មួញវៀតណាមមិននាំត្រីចូលទេ ប្រជាជនកម្ពុជាមុខជាគ្មានត្រី សាច់ ទទួលទានឡើយ ។ ប៉ុន្តែមានអាថ៌កំបាំងអ្វីឬទេ រវាងមន្ត្រីរដ្ឋបាលជលផល ជាមួយនឹងឈ្មួញវៀតណាមរកស៊ីដឹកត្រីទាំងនោះ ។
ក្នុងចំណោមឈ្មួញល្បីៗ ដូចជា ហុក ជ្រា, វ៉ាន់ ឈ្មួញ ឈ្មោះតូម ជាអ្នកដែលមានលទ្ធភាពយ៉ាងច្រើនក្នុងការនាំត្រីពីប្រទេសវៀតណាមតាមច្រកព្រំដែនខេត្តតាកែវ និងខេត្តកណ្តាល ។ មិនថាត្រីរ៉ស់ ត្រីឆ្តោរ ឬត្រីចាប ដែលច្បាប់ហាមដាច់ខាតនោះទេ ត្រីអី ក៏ឈ្មួញតូម នាំចូលបានដែរ ។ មន្ត្រីជលផលតាំងពីនៅច្រកព្រំដែនរហូតដល់រាជធានីភ្នំពេញ និងខេត្តមួយចំនួន ដែលឈ្មួញតូម នាំត្រីយកទៅចែកចាយ សុទ្ធតែបានថ្លែងអំណរគុណលោកតូម ព្រោះតែបានខិតខំ បែងចែកត្រីដល់មូលដ្ឋានរបស់ពួកគេ ដើម្បីបំពេញសេចក្តីត្រូវការរបស់ប្រជាពលរដ្ឋ ។ គេខ្សឹបខ្សៀវថា រដ្ឋបាលជលផលប្រុងបំពាក់មេដាយជូនក្រុមឈ្មួញវៀតណាមរកស៊ីនាំត្រីទាំងនោះទៀតផង ។
ត្រីឆាបដែលជាប្រភេទត្រីច្បាប់ហាមឃាត់នាំចូលដាច់ខាតនោះ ប៉ុន្តែសម្រាប់ឈ្មួញតូម ពិតជាមិនត្រូវបានរំខានដោយសមត្ថកិច្ចអ្នកអនុវត្តច្បាប់នេះឡើយ ។ និយាយឲ្យខ្លី ក្រៅពីការកសាងគុណសម្បត្តិជាមួយរដ្ឋបាលជលផលហើយនោះ ក្រុមមន្ត្រីជំនាញនេះ ក៏នៅបានមិនអនុវត្តច្បាប់ប្រទេសនេះទៀតផង ។ ច្បាប់ប្រទេសនេះកំណត់ថា មិនអនុញ្ញាតឲ្យឈ្មួញនាំត្រីចាបចូលពីប្រទេសជិតខាងនោះឡើយ ។ ប៉ុន្តែមន្ត្រីជលផល ដោយសារអំណាចរបស់ឈ្មួញជនជាតិវៀតណាមឈ្មោះ តូម បានអនុញ្ញាតឲ្យនាំត្រីចាបចូលដោយសេរី ។ ត្រីរ៉ស់ ត្រីឆ្តោរ អាចថា ជារឿងមួយដើម្បីបំពេញសេចក្តីត្រូវការរបស់ប្រជាពលរដ្ឋ ប៉ុន្តែត្រីចាបត្រូវបានច្បាប់ហាមដាច់ខាត ៕