ភ្នំពេញ:តំណាងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ស្នើដោយផ្ទាល់មាត់ ឲ្យចៅក្រមចេញដីកាស្វែងរកចាប់ខ្លួនមេខ្លោង៤នាក់ដែលកំពុងរត់គេចខ្លួន ករណីក្លែងត្រាគ្រប់ស្ថាប័នជាងមួយពាន់ត្រា ។
ការស្នើនេះធ្វើឡើងកាលពីរសៀលថ្ងៃទី២៣ ខែសីហា ខណៈតុលាការបើកសវនាការកាត់ទោសជនជាប់ចោទ៤នាក់ ពាក់ព័ន្ធករណីក្លែងត្រាផ្លូវការនៃព្រះរាជាណាចក្រកម្ពុជា និង ក្លែងឯកសារសាធារណៈរបស់ថ្នាក់ដឹកនាំរាជរដ្ឋាភិបាលកម្ពុជានិងឯកជនសរុបជាងមួយពាន់ត្រាប្រព្រឹត្តកាលពីថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០១៤ នៅសង្កាត់ទឹកថ្លា ខណ្ឌសែនសុខ ។
លោក ចែ សុង ព្រះរាជអាជ្ញារងនិងជាតំណាងអយ្យការនាពេលសវនាការ សម្រេចតម្កល់ការចោទប្រកាន់លើជនជាប់ចោទទាំង៤នាក់ដែលកំពុងមានវត្តមានទុកជាបានការដដែល ។ ក្នុងនោះ លោក ចែ សុង ស្នើឲ្យចៅក្រមចេញដីកាស្វែងរកចាប់ខ្លួនមេខ្លោង៤នាក់ដែលកំពុងរត់គេចខ្លួនផងដែរ ។
ជនជាប់ចោទក្នុងឃុំទាំង៤នាក់មានឈ្មោះ ស៊ុំ ឧត្តមរស្មី ឈ្មោះ នៅ សុខន ឈ្មោះ ញ៉េប សុវណ្ណា និង ឈ្មោះ ជុង ម៉េង ។
ទោះបីយ៉ាងណា ក្រោយការសួរដេញដោល ពេញមួយរសៀលថ្ងៃទី២៣ ខែសីហា លោក វ៉េង ហ៊ត់ អនុប្រធានសាលាដំបូងរាជធានីភ្នំពេញ សម្រេចលើកពេលប្រកាសសាលក្រមទៅថ្ងៃក្រោយ ដោយពុំទាន់កំណត់កាលបរិច្ឆេទច្បាស់លាស់ ៕ ចេស្តា
សូមអានបន្ត ៖ ខ្សឹបដាក់ត្រចៀក៖ ឈ្មួញដឹកត្រីពីវៀតណាមឈ្មោះ តូម សាងគុណសម្បត្តិច្រើនជាងគេ