ខេត្តកំពង់ស្ពឺ ៖ ស្នងការដ្ឋាននគរបាលខេត្ដកំពង់ស្ពឺ បានឱ្យដឹងនារសៀមានភ្ញៀវដឹកទេលថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២៤ថា ដោយអនុវត្ដតាមបទបញ្ជាលោកឧត្ដមសេនីយ៍ទោ ឃឹម សុកខៃ ស្នងការនគរបាលខេត្ដកំពង់ស្ពឺ និងបានការដឹកនាំផ្ទាល់ពីលោកអធិការនគរបាលក្រុងច្បារមន កម្លាំងនគរបាលបានធ្វើការស្រាវជ្រាវឈានទៅកំណត់ឃាត់ខ្លួនមុខសញ្ញាបង្កហិង្សាដោយចេតនាដែលបានកាប់បុរសម្នាក់បណ្ដាលឱ្យដាច់កដៃខាងឆ្វេងកាលពីថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២៤ វេលា ម៉ោង២៣:៥៧នាទី នៅចំណុចលើផ្លូវ លេខ១០៤ មុខផ្ទះសំណាក់ជំនោររាត្រី ស្ថិតក្នុងភូមិផ្សារចាស់ សង្កាត់ស្វាយក្រវាន់ ក្រុងច្បារមន ខេត្តកំពង់ស្ពឺ ។
ដោយយោងតាមបណ្ដឹងរបស់ក្រុមគ្រួសារជនរងគ្រោះ សមត្ថកិច្ចបានធ្វើការ ស្រាវជ្រាវអស់រយៈពេល៤៥ម៉ោងទើបឃាត់ខ្លួនជនសង្ស័យបាន០២នាក់៖
១-ឈ្មោះ អៀង ភូមិរ៉ា ហៅវ៉ាន់ អាយុ ២៥ឆ្នាំ មានទីលំនៅភូមិផ្សារសាមគ្គី សង្កាត់កណ្ដោលដុំ ក្រុងច្បារមន ខេត្តកំពង់ស្ពឺ(ជាជនដៃដល់កាប់ទៅលើជនរងគ្រោះ)។
២-ឈ្មោះ បូ កុសល អាយុ២២ឆ្នាំ មានទីលំនៅភូមិរលាំងជ្រៃ ឃុំកាហែង ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ នៅចំណុចខាងត្បូងផ្សាររាត្រីកំពង់ស្ពឺ យកមកសាកសួរនៅអធិការដ្ឋាននគរបាលក្រុងច្បារមន។
នៅចំពោះមុខសមត្ថកិច្ចជនសង្ស័យបានផ្ដល់ចម្លើយសារភាពថា ខ្លួនបានជិះម៉ូតូម៉ាកស៊ុយហ្ស៊ុយគីឡេត ពណ៌ខ្មៅ ពាក់ស្លាកលេខកំពង់ស្ពឺ1V-8974 ដឹកឈ្មោះ អៀង ភូមិរ៉ា ហៅវ៉ាន់ រួចបានធ្វើសកម្មភាពយកកាំបិតផ្គាក់ដេញកាប់ជនរងគ្រោះបណ្ដាលឱ្យដាច់កដៃប្រាកដមែន ។ ចំណែកជនរងគ្រោះមានឈ្មោះ នី ចាន់ណា ភេទប្រុស អាយុ២៦ឆ្នាំ ។
សមត្ថកិច្ចបានឱ្យដឹងថា វត្ថុតាងដកហូតរួមមាន កាំបិតផ្គាក់០១ដើម ដាវ០២ដើម ម៉ូតូ០១គ្រឿង ម៉ាកស៊ុយហ្ស៊ុយគីឡេត ពណ៌ខ្មៅ ។
បច្ចុប្បន្នជនសង្ស័យនិងវត្ថុតាងត្រូវបានសមត្ថកិច្ចកសាងសំណុំរឿងបញ្ជូនទៅការិយាល័យជំនាញនៃស្នងការដ្ឋាន នគរបាលខេត្តកំពង់ស្ពឺចាត់ការបន្តតាមនីតិវិធី ៕
ដោយ៖ ជ្រោយពេជ្រ