ព័ត៌មានទាន់ហេតុការណ៍៖

មជ្ឈមណ្ឌលសារព័ត៌មាន «នគរវត្ត» និងគេហទំព័រ «នគរដ្រេហ្គន» ចុះអនុស្សរណៈនៃកិច្ចសហប្រតិបត្តិការ ជាមួយមជ្ឈមណ្ឌលផ្សព្វផ្សាយអន្តរជាតិក្វាងស៊ី

ចែករំលែក៖

ភ្នំពេញ៖ លោក សារ៉ាយ ច័ន្ទតារា និពន្ធនាយក កាសែត គេហទំព័រ «នគរវត្ត» និង​លោក ភ័ណ្ឌ សុផល ទីប្រឹក្សាជាន់ខ្ពស់ នាព្រឹកថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២៤ នៅសណ្ឋាគារ (SOFITEL) តំណាងឱ្យ លោកស្រី កែកុល សោភា អគ្គនាយិកា , កញ្ញា ឡុង មល្លិកា អគ្គនាយិការង នៃ មជ្ឈមណ្ឌលសារព័ត៌មាន «នគរវត្ត» និងគេហទំព័រ «នគរដ្រេហ្គន» ចុះហត្ថលេខាលើអនុស្សរណៈនៃកិច្ចសហប្រតិបត្តិការ ជាមួយមជ្ឈមណ្ឌលផ្សព្វផ្សាយអន្តរជាតិក្វាងស៊ី អញ្ជើញជាអធិបតីលោក ហួត ឃាងវេង រដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់ លោករដ្ឋមន្ត្រីក្រសួងព័ត៌មាន និងលោកស្រី ជិន អុីយ៉ុន សមាជិកាគណៈកម្មាធិការអចិន្ត្រៃយ៍ នៃគណៈកម្មាធិការបក្ស និងជារដ្ឋមន្ត្រីឃោសនាការ នៃតំបន់ស្វយ័តជនជាតិជាំងក្ខាងសុី ប្រទេសចិន។

សូមបញ្ជាក់ថា ៖ ដើម្បីធ្វើឱ្យស៊ីជម្រៅ និងពង្រីកកិច្ចសហប្រតិបត្តិការជាក់ស្តែងរវាងប្រព័ន្ធផ្សព្វផ្សាយ រួមចំណែក ក្នុងការកសាងសហគមន៍រាសនារួមចិន-អាស៊ានកាន់តែជិតស្និទ្ធ ពង្រឹងបន្ថែមទៀតនូវមូលដ្ឋាន គ្រឹះនៃការជឿទុកចិត្តគ្នាទៅវិញទៅមក និងជំរុញទំនាក់ទំនងរវាងប្រជាជននិងប្រជាជនកាន់តែ ជិតស្និទ្ធរវាងភាគីទាំងពីរ ឆ្លងកាត់ការពិគ្រោះយោបល់ជាមិត្តភាព មជ្ឈមណ្ឌលផ្សព្វផ្សាយអន្តរជាតិក្វាងស៊ី មានមូលដ្ឋាន នៅប្រទេសចិន និង មជ្ឈមណ្ឌលសារព័ត៌មាន «នគរវត្ត» និងគេហទំព័រ «នគរដ្រេហ្គន» នៅប្រទេសកម្ពុជា ក៏បានយល់ព្រម និងឈានដល់ការឯកភាពគ្នាលើការផ្លាស់ប្តូរ និងកិច្ចសហប្រតិបត្តិការក្នុងវិស័យ ព័ត៌មានការកសាងសហគមន៍រាសនារួមចិន-អាស៊ាន តាមការចុះហត្ថលេខា លើអនុស្សរណៈនៃកិច្ចសហប្រតិបត្តិការផ្តោតលើ ៖
១.ចំពោះខ្លឹមសារនៃកិច្ចសហប្រតិបត្តិការភាគីទាំងពីរត្រូវពង្រឹងការផ្សព្វផ្សាយ និងឥទ្ធិពល នៃព័ត៌មានតាមរយៈការសម្ភាសន៍រួមគ្នា និងបង្កើតកម្មវីធីផ្សេងៗ រួមគ្នា ។

២. ទាក់ទងនឹងនវានុវត្តន៍បច្ចេកវិទ្យា ភាគីទាំងពីរត្រូវពង្រឹង និងជំរុញកិច្ចសហប្រតិបត្តិការលើ វិស័យព័ត៌មានវិទ្យាជឿនលឿនបង្កើតវេទិកាសម្រាប់ការផ្លាស់ប្តូរ បច្ចេកវិទ្យាចែករំលែកសមិទ្ធិផល និង បទពិសោធន៍ចុងក្រោយ លើកទឹកចិត្តកិច្ចសហប្រតិបត្តិការឆ្លងព្រំដែន និងសម្រេចបាននូវ ការចែករំលែក និងការ បែងចែកធនធានបច្ចេកវិទ្យា ដ៏ល្អប្រសើរ។

៣. ទាក់ទងនឹងការផ្លាស់ប្តូរបុគ្គលិក ភាគីទាំងពីរត្រូវរៀបចំជាទៀងទាត់នូវ ដំណើរទស្សនកិច្ចទៅ វិញទៅមក ការបណ្តុះបណ្តាល និងសកម្មភាពផ្សេងទៀត រួមគ្នា ប៉ុន្តែមិនកំណត់ចំពោះការផ្លាស់ ប្តូរវិជ្ជាជីវៈ សិក្ខាសាលាសិក្សា កិច្ចសហប្រតិបត្តិការគម្រោងជាដើម ធ្វើឱ្យមានការយល់ដឹងគ្នាទៅវិញ ទៅមកកាន់តែស៊ីជម្រៅ និងរួមគ្នាលើកកម្ពស់គុណភាព និងជំនាញផ្នែកព័ត៌មាន។

អនុស្សរណៈនៃកិច្ចសហប្រតិបត្តិការនេះ ក៏មានអង្គភាពសារព័ត៌មានកម្ពុជារួមមាន ៖ មជ្ឈមណ្ឌលសារព័ត៌មាន «នគរវត្ត» និងគេហទំព័រ «នគរដ្រេហ្គន», អង្គភាព fresh News, (សុីសុីថាមស៍ CC Times), JIAN HUA DAILY , Commercials News , AMS , People News ចុះអនុស្សរណៈនៃកិច្ចសហប្រតិបត្តិការ ជាមួយមជ្ឈមណ្ឌលផ្សព្វផ្សាយអន្តរជាតិក្វាងស៊ី ។
សូមជម្រាបជូនថា ៖ ម្សិលមុិញ រដ្ឋមន្ត្រីក្រសួងព័ត៌មានកម្ពុជា និងរដ្ឋមន្ត្រីឃោសនាការនៃតំបន់ស្វយ័តជនជាតិជាំងក្វាងសុី ប្រទេសចិន បញ្ជាក់ពីជំហររួមគ្នាបង្កើនកិច្ចសហប្រតិបត្តិការដើម្បីជំរុញការផ្សព្វផ្សាយព័ត៌មាន ទេសចរណ៍ និងការផ្លាស់ប្តូរវប្បធម៌នៃប្រទេសទាំងពីរទៅក្នុងតំបន់ និងអន្តរជាតិ ជាពិសេសដើម្បីអបអរឆ្នាំនៃការផ្លាស់ប្តូរប្រជាជន និងប្រជាជនកម្ពុជា-ចិន ២០២៤។
កិច្ចសហការលើវិស័យព័ត៌មាន និងការផ្សព្វផ្សាយរវាងក្រសួងព័ត៌មាន និង ខេត្តក្វាងសុី គឺជាចក្ខុវិស័យដ៏រឹងមាំនៃទំនាក់ទំនងការទូតដ៏យូរលង់អស់រយៈពេល ៦៦ឆ្នាំ ស្របតាមស្មារតី «មិត្តដែកថែប និងសហគមន៍វាសនារួមកម្ពុជា-ចិនប្រកបដោយភាពស៊ីជម្រៅ និងភាពជាក់ស្ដែង ក្នុងយុគសម័យថ្មី» ក៏ដូចជាក្របខ័ណ្ឌកិច្ចសហប្រតិបត្តិការត្បូងពេជ្ររវាងកម្ពុជា-ចិន ក្នុងទិសដៅពង្រីកការផ្សព្វផ្សាយឱ្យបានទូលំទូលាយពីការពិតនៅកម្ពុជាទៅកាន់ប្រទេសក្នុងតំបន់ និងពិភពលោកបានយល់ឃើញកាន់តែច្បាស់បន្ថែមទៀត។

ការពង្រឹងពង្រីកកិច្ចសហការក្នុងការផ្សព្វផ្សាយរវាងក្រសួងព័ត៌មាន និងរដ្ឋបាលខេត្តក្វាងសុី ធ្វើឡើងក្នុងឱកាសនៃជំនួបពិភាក្សាគ្នារវាង លោក នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន និង លោកស្រី ជិន អុីយ៉ុន សមាជិកាគណៈកម្មាធិការអចិន្ត្រៃយ៍ នៃគណៈកម្មាធិការបក្ស និងជារដ្ឋមន្ត្រីឃោសនាការ នៃតំបន់ស្វយ័តជនជាតិជាំងក្ខាងសុី ប្រទេសចិន នៅព្រឹកថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២៤ នាទីស្តីការក្រសួងព័ត៌មាន។

លោក ផុស សុវណ្ណ ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជា អគ្គនាយក អគ្គនាយកដ្ឋានព័ត៌មាន និងសោតទស្សន៍ នៃក្រសួងព័ត៌មាន បានថ្លែងស្វាគមន៍ លោកស្រី Chen Yijun សមាជិកគណៈកម្មាធិការអចិន្ត្រៃយ៍នៃគណៈកម្មាធិការបក្ស និងរដ្ឋមន្ត្រីនៃក្រសួងឃោសនានៃតំបន់ស្ទយ័តជនជាតិនិងខេត្តក្វាងស៊ី , លោក ហួត ឃាងវេង រដ្ឋលេខាធិការ តំណាងលោក នេត្រ ភាក្ត្រា រដ្ឋមន្ត្រីក្រ ក្រសួងព័ត៌មាន និងថ្នាក់ដឹកនាំអង្គភាពព័ត៌មានកម្ពុជាដែល ចុះអនុស្សរណៈកិច្ចសហប្រតិបត្តិការ។

លោកបន្តថា ៖ ថ្ងៃនេះ ខ្ញុំមានកិត្តិយសដ៏ធំធេងចំពោះការចូលរួមក្នុងពិធីចុះហត្ថលេខាលើ អនុស្សរណៈស្តីពី”កិច្ចសហ ប្រតិបត្តិការព័ត៌មានចិន (ក្វាងស៊ី-កម្ពុជា) , ហើយ ខ្ញុំសូមអរគុណ និងមានសេចក្តីសោមនស្សយ៉ាងខ្លាំង ដែលថ្នាក់ដឹកនាំក្រសួងឃោសនាការខេត្តក្វាងស៊ី និងក្រសួងព័ត៌មាន រួមជាមួយភ្ញៀវ កិត្តិយសពីប្រទេសចិន និងកម្ពុជាទាំងអស់ចូលរួមជាសក្ខីភាពក្នុងឱកាសដ៏សំខាន់នេះ។

ក្នុងនាមជាអគ្គនាយកនៃអគ្គនាយកដ្ឋានព័ត៌មាន និងសោតទស្សន៍ នៃក្រសួងព័ត៌មានកម្ពុជា ខ្ញុំសូមជូនពរយ៉ាងស្មោះស្ម័គ្រដល់មជ្ឈមណ្ឌលផ្សព្វផ្សាយអន្តរជាតិក្វាងស៊ី និងអង្គភាពព័ត៌មានកម្ពុជាទាំង៨ ដែលចុះអនុស្សរណៈកិច្ចសហប្រតិបត្តិការដ៏មានសារៈសំខាន់នេញ។
លោកថា ៖ កិច្ចសហប្រតិបត្តិការក្នុងវិស័យព័ត៌មាន ក៏ជាស្ពានដ៏សំខាន់មួយសម្រាប់ការពង្រឹងទំនាក់ទំនង មានបានមានតួនាទីសំខាន់ក្នុងការផ្សារភ្ជាប់ មិត្តភាពរវាងប្រទេសកម្ពុជា និងប្រទេសចិន និងបណ្តាញសារព័ត៌មាន និងបង្កើនការយល់ដឹងរវាងប្រជាជនពីប្រទេសទាំងពីរ។ ព្រឹត្តិការណ៍ចុះហត្ថលេខានៅថ្ងៃនេះ មិនត្រឹមតែពង្រឹងទំនាក់ទំនងក្នុងពេលបច្ចុប្បន្នប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងការផ្សព្វផ្សាយព័ត៍មានឱ្យទូលំទូលាយក្នុងប្រទេសទាំងពីរបើកទំព័រថ្មីសម្រាប់ការផ្លាស់ប្តូរ

ខ្ញុំជឿជាក់ថា កិច្ចសហប្រតិបត្តិការនេះនឹងក្លាយជាវិធីសាស្ត្រដែលអាចចែករំលែកធនធាន ការផ្លាស់ប្តូរបទពិសោធន៍ នឹងបច្ចេកវិទ្យា ដើម្បីសហការក្នុងការផ្សព្វផ្សាយអត្ថបទរំជួលចិត្តដែលទាក់ទងនឹងការ ទំនាក់ទំនងមិត្តភាពរវាងប្រទេសទាំងពីរ៕ដោយ​៖តារា​

 


ចែករំលែក៖