ព័ត៌មានទាន់ហេតុការណ៍៖

អយ្យការអមសាលាដំបូងខេត្តតាកែវ សម្រេចចោទប្រកាន់ជនសង្ស័យ ២នាក់ និងបក្ខពួកពាក់ព័ន្ធករណីជួញដូរ រក្សាទុក និងដឹកជញ្ជូនដោយខុសច្បាប់នូវសារធាតុញៀន(កញ្ឆាស្ងួត)ទម្ងន់ ៦០,០៥ គីឡូក្រាម

ចែករំលែក៖

ខេត្ត​តាកែវ​៖​ អ្នកនាំពាក្យនៃអយ្យការអមសាលាដំបូងខេត្តតាកែវ នៅរសៀល​ថ្ងៃ​សៅរ៍​ទី​៣០​ ខែវិច្ឆិកា​ ឆ្នាំ​២០២៤នេះ​ មានកិត្តិយសសូមជម្រាបជូនសាធារណជនមេត្តា ជ្រាបថា៖ កម្លាំងកងរាជអាវុធហត្ថ នៃបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តតាកែវ នៅថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២៤ បានបញ្ជូនសំណុំរឿងពាក់ព័ន្ធនឹងករណី ជួញដូរ រក្សាទុក និងដឹកជញ្ជូនដោយខុសច្បាប់នូវសារធាតុញៀន (កញ្ចា ស្ងួត) ប្រព្រឹត្តនៅចំណុចប្រឡាយទឹកតាសេក ស្ថិតក្នុងភូមិតារាគមន៍ ឃុំជ័យជោគ ស្រុកបូរីជលសារ ខេត្តតាកែវ កាលពីថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២៤។

ករណីនេះសមត្ថកិច្ចបានធ្វើការឃាត់ខ្លួនបានជនសង្ស័យចំនួន ០២នាក់ មានឈ្មោះ រុន សាវុធ ភេទប្រុស អាយុ ៥៧ឆ្នាំ និងឈ្មោះ អ៊ុំ សុខ ភេទប្រុស អាយុ ៤៧ឆ្នាំ ព្រមទាំងដកហូតបានកញ្ជាស្ងួតចំនួន ១១៩កញ្ចប់ ទម្ងន់ ៦០,០៥ Kg (ហុកសិបក្បៀសសូន្យប្រាំគីឡូក្រាម) ថ្លឹងកញ្ញាសុទ្ធ។

ក្រោយពីបានសាកសួរចម្លើយរបស់ជនសង្ស័យ និងពិនិត្យភស្តុតាងនានាក្នុងសំណុំរឿងនេះ តំណាងអយ្យការ អមសាលាដំបូងខេត្តតាកែវ បានសម្រេចចោទប្រកាន់ជនសង្ស័យខាងលើ និងបក្ខពួក ពីបទ៖ ជួញដូរ រក្សាទុក និងដឹកជញ្ជូនដោយខុសច្បាប់នូវសារធាតុញៀន (កញ្ជាស្ងួត) ប្រព្រឹត្តនៅចំណុចភូមិតារាគមន៍ ឃុំជ័យជោគ ស្រុកបូរីជលសារ ខេត្តតាកែវ កាលពីថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២៤ បទល្មើសព្រហ្មទណ្ឌ ដែលមានចែងឱ្យផ្តន្ទា ទោសតាមបញ្ញត្តិមាត្រា ៤០ កថាខណ្ឌទី៧ ចំណុចទី៥ នៃច្បាប់ស្តីពីការត្រួតពិនិត្យគ្រឿងញៀន។

អាស្រ័យដូចបានជម្រាបជូនខាងលើ សូមសាធារណជនមេត្តាជ្រាបជាព័ត៌មានតាមការគួរ៕

ដោយ​៖ តារា​


ចែករំលែក៖