ព័ត៌មានទាន់ហេតុការណ៍៖

លោកឧត្តមសេនីយ៍​ឯក​ ឌី វិជ្ជា ស្នើពលរដ្ឋកុំឱ្យលក់ ឬផ្ដល់ព័ត៌មានផ្ទាល់ខ្លួនទៅឱ្យជនមិនស្គាល់មុខ បើមិនចង់ចាញ់បោក ឬក្លាយជាជនល្មើស

ចែករំលែក៖

ភ្នំពេញ៖​ លោកឧត្តមសេនីយ៍​ឯក​ ឌី វិជ្ជា អគ្គស្នងការរងនគរបាលជាតិ និងជាប្រធាននាយកដ្ឋានកណ្ដាលសន្តិសុខ​ កាលពីថ្ងៃទី​២៩​ ខែវិច្ឆិកា​ ឆ្នាំ​២០២៤ម្សិលមិញ​នេះ​ បានអំពាវនាវ​តាមរយៈបណ្ដាញសង្គមហ្វេសប៊ុកផ្លូវការរបស់លោកយ៉ាងដូច្នេះថា៖ ប្រជាពលរដ្ឋទាំងអស់សូមកុំលក់ ឬផ្ដល់ព័ត៌មានផ្ទាល់ខ្លួន ទៅឱ្យជនអនាមិក បើមិនចង់ចាញ់បោក ឬផុងខ្លួនក្លាយជាជនល្មើសនៅថ្ងៃខាងមុខ។ 

ការអំពាវនាវបែបនេះ​របស់​លោកឧត្តមសេនីយ៍​ឯក​ ឌី​ វិជ្ជា បន្ទាប់ពីលោកបានស្ដាប់រឿងពលរដ្ឋម្នាក់ជជែកពិគ្រោះយោបល់ក្នុងវិទ្យុABC រឿងមានអ្នកទាក់ទងទៅកូនរបស់ពលរដ្ឋ ហើយឱ្យយកលុយទៅបង់ថ្លៃម៉ូតូ ដែលលោក និងពលរដ្ឋដែលផ្ដល់យោបល់ក្នុងវិទ្យុថានេះជាករណីបោកប្រាស់។

លោកឧត្តមសេនីយ៍​ឯក​ ឌី​ វិជ្ជា​ បានគូសបញ្ជាក់ថា​ ខ្ញុំស្តាប់រួចគិតថាអាចនេះជាករណីបោកប្រាស់ហើយ ខណៈពេលនោះក៏មានបងប្អូនប្រជាពលរដ្ឋផ្សេងៗទៀតបានទូរសព្ទចូលនិយាយដូចខ្ញុំបានគិតដែរ។ សព្វថ្ងៃមានសកម្មភាពបោកប្រាស់គ្រប់រូបភាពដូចជាការទិញយកលេខលិខិតឆ្លងដែន ទិញលេខគណនីធនាគារ ទិញលេខអត្តសញ្ញាប័ណ្ណ ឬជាការថតយករូបរបស់យើង ដោយផ្ដល់មកវិញនូវថវិកាពី៥ម៉ឺនដល់២០ម៉ឺនរៀល។ 

បន្ថែមពីនេះ​ លោកឧត្តមសេនីយ៍​ឯក​ ឌី​ វិជ្ជា​ សូមពុកម៉ែពូមីងបងប្អូនទាំងអស់គ្នាមេត្តា កុំលក់ឬផ្ដល់នូវព័ត៌មានរបស់ខ្លួនយើងទៅឱ្យអ្នកដទៃឱ្យសោះ បើមិនដូច្នោះទេយើងនឹងធ្លាក់ក្នុងស្ថានភាពនៃបទល្មើសណាមួយនៅថ្ងៃខាងមុខមិនខាន។ 

ដូច្នេះ​បើបងប្អូនបានជួបនូវរឿងទាំងនេះ សូមមេត្តាទាក់ទងសមត្ថកិច្ចឬពិគ្រោះយោបល់ជាមួយអ្នកដែលយើងស្គាល់ជាមុនសិន មុននឹងសម្រេចចិត្តផ្ដល់នូវព័ត៌មានរបស់យើងឱ្យទៅនរណាម្នាក់ ប៉ុន្តែបើសិនជាមិនច្បាស់ទេសូមកុំផ្ដល់ឱ្យតែម្តង៕

ដោយ​៖ តារា​


ចែករំលែក៖