ព័ត៌មានទាន់ហេតុការណ៍៖

អ្នកនាំពាក្យ​ក្រសួង​យុត្តិធម៌​៖​ វិវាទពាក់ព័ន្ធនឹងកិច្ចសន្យាខ្ចីប្រាក់មួយករណីទៀត ត្រូវបានសម្រុះសម្រួលផ្សះផ្សាបញ្ចប់ដោយជោគជ័យនៅអាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ (អ.ដ.ក.)

ចែករំលែក៖

ខេត្ត​កណ្តាល​៖​ លោកបណ្ឌិត​ ជិន​ ម៉ាលីន​ រដ្ឋលេខាធិការ​ និងជាអ្នកនាំពាក្យក្រសួង​យុត្តិធម៌​ នៅរសៀលថ្ងៃទី​០២​ ខែធ្នូ​ ឆ្នាំ​២០២៤នេះ​ បានឱ្យដឹងថា​ ដោយទទួល​បានការចាត់តាំងពីលោក​ឧបកនាយរដ្ឋមន្រ្តី​ កើត រិទ្ធ រដ្ឋមន្រ្តីក្រសួងយុត្តិធម៌ និងជាប្រធាន អ.ដ.ក.,​ លោក ប៉ូច សោភ័ណ សមាជិក អ.ដ.ក. អមដោយ មន្រ្តីសម្រុះសម្រួលដោះស្រាយវិវាទនៃ អ.ដ.ក. រួមមាន លោក ឡាយ អូន និងលោកស្រី ជូ វិនាថ បានសម្រុះសម្រួលផ្សះផ្សាបញ្ចប់វិវាទពាក់ព័ន្ធនឹងកិច្ចសន្យាខ្ចីប្រាក់ មួយករណីដោយជោគជ័យ។

សំណុំរឿងវិវាទនេះ កើតចេញពីការមិនអនុវត្តកាតព្វកិច្ចនៃកិច្ចសន្យាខ្ចីប្រាក់ តាំងពីឆ្នាំ២០២៣ ដោយកន្លងមក គូភាគីបានព្យាយាមរកដំណោះស្រាយវិវាទនោះ​ ប៉ុន្តែ​ នៅតែមិនទទួលបានជោគជ័យ។ ក្រោយមក ករណីវិវាទខាងលើ ត្រូវបានភាគីម្ខាងដាក់ពាក្យមក អ.ដ.ក. ដើម្បីស្នើសុំសម្រុះសម្រួលស្វែងរកដំណោះដោយសន្តិវិធី។ 

ចំពោះ​សំណុំរឿង​វិវាទនេះ​ ដោយទទួលបានកិច្ចសហការល្អពីលោក ញ៉ែម សឿន មេឃុំកោះចិន ស្រុកពញាឮ ខេត្តកណ្តាល​ និងតាមការស្នេីសុំពីគូភាគី​ បេីទោះបីចំថ្ងៃអាទិត្យ​ ដែលជាថ្ងៃឈប់សម្រាក​ អ.ដ.ក. បានចុះទៅដោះស្រាយបញ្ចប់​វិវាទដល់មូលដ្ឋានរ​បស់គូភាគីដោយផ្ទាល់ និងប្រើប្រាស់ទីតាំងសាលាឃុំ ជាកន្លែង​សម្រុះសម្រួល​វិវាទ។ 

សូមគូសបញ្ជាក់ថា ផ្អែកតាមបទប្បញ្ញត្តិរបស់ អ.ដ.ក. មន្ត្រីសម្រុះសម្រួលដោះស្រាយវិវាទ ឬក្រុមការងារសម្រុះសម្រួលដោះស្រាយវិវាទ មានសិទ្ធិស្នើសុំកិច្ចសហការពីស្ថាប័ន ឬអាជ្ញាធរពាក់ព័ន្ធ​ ដេីម្បីដោះស្រាយសំណុំរឿងវិវាទនៅក្នុងក្របខ័ណ្ឌ​ អ.ដ.ក.៕

ដោយ​៖ តារា​


ចែករំលែក៖