ភ្នំពេញ ៖ ក្រុមអ្នកញៀនល្បែងជល់មាន់ ចំនួន8នាក់ ត្រូវបានកម្លាំងនគរបាលព្រហ្មទណ្ឌយុត្តិធម៌ ខណ្ឌពោធិ៍សែនជ័យ បញ្ជូនខ្លួនទៅតុលាការដើម្បីចាត់ការបន្តនិតិវិធី កាលពីព្រឹកថ្ងៃទី24 ខែសីហា ឆ្នាំ2016 ដែលកម្លាំងសមត្ថកិច្ចខណ្ឌ រួមសហការណ៍ជាមួយកម្លាំងនគរបាលកម្រឹតស្រាល រាជធានីភ្នំពេញ បើកយុទ្ធនាការ បង្ក្រាបចាប់ឃាត់ខ្លួនបានកន្លងមក ដោយជាប់ពាក់ព័ន្ធទៅនឹង លេងល្បែងជល់មាន់ ។
គួររំលឹកដែរថា ក្រុមអ្នកញៀន ល្បែងសុីសង បក្សីកីឡា ជល់មាន់ ខុសច្បាប់ទាំង08នាក់ ត្រូវបានកម្លាំងនគរបាលចម្រុះបង្ក្រាបចាប់ខ្លួនបាន កាលពីវេលាម៉ោង12 ថ្ងៃត្រង់ ទី21 ខែសីហា ឆ្នាំ2016 ស្ថិតនៅ ក្នុងភូមិត្រពាំងថ្លឹង សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ ។
លោក យឹម សារ៉ាន់ អធិការខណ្ឌពោធិ៍សែនជ័យបានឲ្យដឹងថា ដើម្បីរក្សាសន្តិសុខ សុវត្តិភាពជូនបងប្អូនប្រជាពលរដ្ឋ សមស្របទៅនឹងគោលនយោបាយភូមិឃុំមានសុវត្ថិភាព ទើបកម្លាំងនគរបាលខណ្ឌពោធិ៍សែនជ័យ កម្លាំងតាមបណ្តាប៉ុស្តិ៍រដ្ឋបាល និងកម្លាំងនគរបាលព្រហ្មទណ្ឌកម្រិតស្រាលក្រុងភ្នំពេញ ចុះប្រតិបត្តិការទីតាំងបើកជល់មាន់លួចលាក់ ល្មើសច្បាប់ បង្កភាពអនាធិបតេយ្យ បង្កអសន្តិសុខក្នុងមូលដ្ឋាន ឃាត់ក្រុមអ្នកញៀនល្បែងសុីសងបាន8នាក់ មាន់1ក្បាល ជញ្ជីងថ្លឹងមាន់1 និងសម្ភារមួយចំនួនទៀត ។
ក្រោយពីបញ្ចប់ការសាកសួរ ក្រុមញៀនល្បែងខាងលើ ត្រូវបាននគរបាល នាំខ្លួនទៅតុលាការតាមការបង្គាប់របស់តុលាការ ដើម្បីសាកសួរនិងចាត់ការបន្តទៅតាមនីតិវិធី ។
តែបើតាមប្រភពពីសាច់ញាតិក្រុមអ្នកញៀនល្បែងទាំងនោះបានឲ្យដឹងថា ពួកគេទាំងនោះ តុលាការតម្រូវបញ្ជូនទៅសាកសួរ និងផាកពិន័យក្នុងម្នាក់100$ដុល្លារ ជាថ្នូរទៅនឹងការដោះលែង ៕ សុខាសែនជ័យ
សូមអានបន្ត ៖ បុរសរត់ម៉ូតូ ឌុបប៉ះចោរប្លន់វាយយកម៉ូតូទៅបាត់នៅខណ្ឌពោធិ៍សែនជ័យ