ខេត្តប៉ៃលិន៖ នៅវេលាម៉ោង ១៣និង៥០នាទី ថ្ងៃទី ០៣ខែធ្នូ ឆ្នាំ២០២៤ មានករណីគ្រោះថ្នាក់ចរាចរណ៍ (រវាងរថយន្ត និងម៉ូតូ) បើកបរស្របទិសគ្នាពីកើតទៅលិច នៅលើផ្លូវជាតិលេខ៥៧ ចន្លោះបង្គោលគីឡូម៉ែត្រលេខ៨០-៨១ ស្ថិតក្នុងភូមិដីក្រហម សង្កាត់អូរតាវ៉ៅ ក្រុងប៉ៃលិន ខេត្តប៉ៃលិន បណ្ដាលឲ្យបុរសម្នាក់ស្លាប់ នៅនឹងកើតហេតុ និងខូចខាតម៉ូតូ ០១គ្រឿង, រថយន្ត ០១គ្រឿង)៖
ប្រភពនៅជិតកន្លែងកើតហេតុបានបន្តថា ភាគីរថយន្តឈ្មោះ ប៉ាក ប៊ុននឿន អាយុ ៥៧ឆ្នាំ មុខរបរយោធាសឹករងខេត្តប៉ៃលិន, រស់នៅភូមិបរតាំងស៊ូ សង្កាត់បយ៉ាខា ក្រុង/ខេត្តប៉ៃលិន បើកបររថយន្តម៉ាក ISUZU ពណ៌ទឹកប្រាក់ ពាក់ផ្លាកលេខ ខេមរៈភូមិន្ទ07 2-1321។
ភាគីម៉ូតូឈ្មោះ ជ្រូក ផន ភេទប្រុស អាយុប្រហែល ៦៥ ឆ្នាំ មុខរបរកសិករ រស់នៅភូមិបរឌិននៀវ សង្កាត់/ក្រុង/ខេត្តប៉ៃលិន (ស្លាប់នៅនឹងកន្លែងកើតហេតុ) បើកបរម៉ូតូម៉ាក Honda Dream ពណ៌ខ្មៅ ផ្លាកលេខ បាត់ដំបង 1D-7375។
ប្រភពព័ត៌មានបានបន្តទៀតថា ករណីគ្រោះថ្នាក់ចរាចរណ៍នេះមូលហេតុ៖ បណ្ដាលមកពីកត្តាមនុស្ស (ភាគីរថយន្តបើកបរដោយល្បឿនលឿន និងក្នុងស្ថានភាពស្រវឹង ទៅបុកម៉ូតូពីក្រោយពេញទំហឹងបណ្ដាលឲ្យអ្នកបើកបរដួល
ផ្លោងចេញកន្លែងកើតហេតុ ស្លាប់)។
ក្រោយពីសមត្ថកិច្ចជំនាញបានវាស់វែងរួច ប្រមូលវត្ថុតាង យកទៅរក្សាទុកនៅការិយាល័យនគរបាលចរាចរណ៍ផ្លូវគោកនៃស្នងការដ្ឋាននគរបាលខេត្តប៉ៃលិន ដើម្បីរង់ចាំការដោះស្រាយតាមនីតិវិធីច្បាប់៕
ដោយ៖ ស សារ៉េត